ភ្នំពេញៈ ប្រតិបត្តិការ​របស់​ធ​នាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានបង្ហាញ​ពី​ដំណើរការ​អាជីវកម្ម​ដ៏​រឹងមាំ​ក្នុង​ត្រីមាស​ទី២ នៃ​ឆ្នាំនេះ ដោយសារ​ការ​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស​នៃ​សកម្មភាព​អាជីវកម្ម​ចាប់តាំងពី​រាជ​​រដ្ឋាភិបាល​បានប្រកាស​បើក​ដំណើរ​ការ​សេដ្ឋកិច្ចសង្គម​ឡើងវិញ​ពេញ​​លេញ​នៅក្នុង​ខែវិច្ឆិកា ឆ្នាំមុន​។​

​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC)​ បានចេញ​ផ្សាយ​របាយការណ៍​នា​ថ្ងៃទី​ ១១ ខែធ្នូ ឆ្នាំ​ ២០២២ បង្ហាញថា គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​២ ឆ្នាំ​ ២០២២ គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​បង្កើន​ប្រាក់កម្ចី​ចំនួន ២១៦​ ពាន់​ពាន់​លាន​រៀល ​(៥៣,១​ ពាន់​លាន​ដុល្លារ​) ដល់​វិស័យ​ឯកជន កើន ២៣,៦​ ភាគរយ​ធៀប​ចុង​ត្រីមាស​ទី​ ២ ឆ្នាំមុន​។​

​ឥណទាន​ដល់​វិស័យ​ឯកជន​គ្រប​​ដណ្តប់​លើ​សំណង់​ចំនួន ៥៨,៤ ពាន់​ពាន់​លាន​រៀល​ (១៤,៦​ ពាន់​លាន​ដុ​​ល្លារ​)​កើនឡើង​ ៣០​ ភាគរយ​ធៀប​នឹង​ឆ្នាំមុន​ដែលមាន​ចំនួន ៥៣,៥​ ពាន់​​ពាន់​លាន​រៀល ​(១៣,៣៧ ​ពាន់​លាន​ដុល្លារ​) ចំពោះ​ការជួញដូរ​ដុំ និង​រាយ កើនឡើង ២៥,៦​ ភាគរយ សេវាកម្ម ២១,៣​ ពាន់​ពាន់​លាន​រៀល ​(៥,៣២ ពាន់​លាន​ដុល្លារ​) កើន ១៤,៥​ ភាគរយ កសិកម្ម ២០,៣​ ពាន់​ពាន់​លាន​រៀល​កើន ២៤,៦ ​ភាគរយ​, អង្គភាព​គ្រួសារ​មាន​ចំនួន ១១,៧​ ពាន់​ពាន់​លាន​រៀល ​(២,៩២ ពាន់​លាន​ដុល្លារ​) កើន​ ១២,១ ​ភាគរយ និង​កម្មន្តសាល​ចំនួន ​៧,២​ ពាន់​ពាន់​លាន​រៀល (១,៨​ ពាន់​លាន​ដុល្លារ​) កើន ២៤,៣​ ភាគរយ និង​ផ្សេងៗ​ចំនួន ៤៣,៦​ ពាន់​លាន​រៀល (១០,៩ លាន​ដុល្លារ​អាមេរិក​) កើន​ឡើង ២០,៧ ភាគរយ​។​

NBC បានឱ្យដឹងថា​៖ «​ឥណទាន​គឺជា​ប្រភព​ទុន​ដ៏​សំខាន់​សម្រាប់​គាំទ្រ​សកម្ម​ភាព​សេដ្ឋកិច្ច និង​រួមចំណែក​ដល់​វិស័យ​សំខាន់ៗ​ដូចជា សំណង់ ការជួញដូរ​ដុំ និង​រាយ សេវាកម្ម កសិកម្ម​អង្គភាព​គ្រួ​សារ និង​កម្មន្តសាល​»​។​

​លោក តូច ចៅ​ចេក អគ្គនាយក​ធនា​គារ​ប្រៃសណីយ៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១៣ ខែធ្នូ​ថា ដំណើរការ​ទូទៅ​នៃ​ឧស្សាហកម្ម​មួយ​នេះ​មាន​ភាពល្អប្រសើរ ក្នុង​ត្រីមាស​ទី​ ១ ប៉ុន្តែ​ធ្លាក់ចុះ​បន្តិច​នៅក្នុង​ត្រីមាស​ទី​ ២​។ ទោះជា​យ៉ាងណាក៏ដោយ​ជារួម សកម្មភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុងដំណើរការ​យ៉ាង​ល្អ បើទោះបីជា​សេដ្ឋកិច្ចពិភពលោក​មាន​ភាពមិនច្បាស់លាស់​ក៏ដោយ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្កេតឃើញថា ដំណើរការ​នៃ​ឧស្សាហកម្ម​ទាំងមូល​មាន​ភាពល្អ ដោយសារ​មាន​តម្រូវការ​សម្រាប់​អាជីវកម្ម និង​ការវិនិយោគ​កាន់តែច្រើន ប៉ុន្តែ​គ្រាន់តែ​ការសង​ត្រឡប់​មានការ​យឺត​យ៉ាវ​បន្តិច ប៉ុន្តែ​មិនមាន​ហានិភ័យ​ដល់​ឧស្សាហកម្ម​នោះទេ​»​។​

​លោក ចៅ​ចេក នៅតែមាន​សុ​ទិដ្ឋិ​និយម​ថា សកម្មភាព​ធុរកិច្ច​របស់​កម្ពុ​ជាមាន​ភាព​រឹងមាំ​នៅក្នុង​ត្រីមាស​ទី​៤ នេះ​។

លោក​បន្ថែមថា​៖ «​យើង​នឹង​ឃើញ​មាន​កំណើន​បន្ថែមទៀត​សម្រាប់​ត្រីមាស​​ចុងក្រោយ​ទាំង​ ២ ​នេះ ដោយសារ​មាន​តម្រូវការ​ដើមទុន​កាន់តែច្រើន​ពី​ភាគី​អាជីវកម្ម ជាពិសេស​វិស័យ​ឧស្សាហកម្ម​ការជួញដូរ​រាយ និង​សេវាកម្ម​»​។​

​បច្ចុប្បន្ន​កម្ពុ​ជាមាន​ធនាគារពាណិជ្ជ​ចំនួន ៥៦ (​ធនាគារ​រួមបញ្ចូល​គ្នា​ក្នុងស្រុក​ចំនួន ២៥ ធនាគារ​បុត្រ​សម្ព័ន្ធ ១៨ និង​ធនាគារ​សាខាបរទេស ១៣) ធនា​​គារ​ឯកទេស ១០ (​សហគ្រាស​ក្នុងស្រុក​ចំនួន ៤ និង​ធនាគារ​បរទេស​ចំនួន ៦) គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ចំនួន​ ៨៤ (​គ្រឹះស្ថាន​ទទួល​ប្រាក់​បញ្ញើ ចំនួន ៥ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ៧៩) ក្រុមហ៊ុន​ភតិសន្យា ចំនួន ១៧ កា​រិ​យា​ល័យ​តំណាង​ធនាគារ​បរទេស ៦ នៅ​កម្ពុជា ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់​ចំនួន ៣០ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ចំនួន ២៣២៕