ភ្នំពេញៈ កម្ពុជា​ទទួលបាន​នូវ​កញ្ចប់​ថវិកា​ជិត ៦៣​​ លាន​ដុ​​ល្លារ ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ ដើម្បី​លើកកម្ពស់​សន្តិ​សុខ​ស្បៀង និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន​ក្នុង​ខេត្ត​ចំនួន ៥ និង​ទីក្រុង ​១ តាមរយៈ​ការកែលម្អ​សុខភាព និង​ខ្សែចង្វាក់​តម្លៃ ក៏ដូចជា​ការធ្វើ​ពាណិជ្ជកម្ម​ផ្លូវការ និង​ផលិត​​ផល​បសុសត្វ​។​

​គម្រោង​នេះ​នឹងត្រូវ​ផ្តល់​ហិ​​រញ្ញ​ប្ប​ទាន​ដោយ​ប្រាក់កម្ចី ៥០ ​លាន​ដុល្លារ​ពី​ធនធាន​សម្បទាន​របស់ ADB, ជំនួយ​មូលនិធិ​​អភិវឌ្ឍន៍អាស៊ី ​(ADF) ចំនួន​ ១២ ​លាន​ដុល្លារ និង​ជំនួយ​ឥត​សំណង ៩០០ ០០០ ​ដុល្លារ​ ពី​មូលនិធិ​បម្រែបម្រួល​អាកាស​​ធាតុ ​(CCF)​។ មូលនិធិ​អភិវឌ្ឍន៍​​អាស៊ី​ផ្តល់ជំនួយ​ដល់​ប្រទេស​សមាជិក​កំពុងអភិវឌ្ឍន៍​ដែល​ក្រ​ និង​ងាយ​រងគ្រោះ​បំផុត​របស់ ADB ហើយ​មូលនិធិ​អភិវឌ្ឍន៍​​អាស៊ី​មាន​គោលបំណង​ពង្រឹង​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រកប​ដោយ​កាបូន​ទាប និង​ភាព​ធន់​នឹង​អាកាសធាតុ​ក្នុងប្រទេស​សមាជិក​កំពុងអភិវឌ្ឍន៍​។​

​ធនាគារ​វិនិយោគ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី ​(AIIB) ​នឹង​ផ្តល់​ប្រាក់កម្ចី ៤៣ ​លាន​ដុល្លារ​ដល់​គម្រោង​នេះ​ដែល​ចំនួន​នេះ​នឹងត្រូវ​គ្រប់គ្រង​ដោយ ADB​។​

ADB បានអនុម័ត​កញ្ចប់​ថ​វិ​កា​លាន​ដុល្លារ​ដើម្បី​លើកកម្ពស់​ផលិតកម្ម​បសុសត្វ​បត់បែន​តាម​អាកាសធាតុ​ដែលជា​វិធី​​សាស្ត្រ​ធ្វើ​អន្តរ​កម្ម និង​តម្រង់​​ទិស​ប្រព័ន្ធ​បសុសត្វ​ឆ្លើយតប​នឹង​បម្រែបម្រួល​អាកាសធាតុ ព្រមទាំង​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​យ៉ាងច្រើន​។​

​កញ្ចប់​ថវិកា​នេះ​ក៏​នឹង​គាំទ្រ​ដល់​ការអនុវត្ត​វិធីសាស្ត្រ One Health ដែលមាន​បំណង​ធ្វើឱ្យមាន​តុល្យភាព​ប្រកបដោយ​និ​រ​ន្ត​រ​ភាព និង​ធ្វើឱ្យ​សុខភាព​របស់​មនុ​ស្សស​ត្វ និង​ប្រព័ន្ធ​អេកូ​ឡូ​​ស៊ី​កាន់តែ​ប្រសើរ ពង្រឹង​ការ​ចូលរួម​របស់​វិស័យ​ឯកជន និង​ជួយ​ធ្វើ​អន្តរ​កម្ម​ការគ្រប់គ្រង​បសុសត្វ​ឆ្ពោះទៅរក​ប្រព័ន្ធ​គ្រប់​​គ្រង​បែប​ឌីជីថល និង​សេវាកម្ម​ព័ត៌មាន​។​

​អ្នកជំនាញ​ជាន់ខ្ពស់​នៅ​ផ្នែក​បម្រែបម្រួល​អាកាសធាតុ​របស់ ADB ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ លោក Srinivasan Ancha បានឱ្យដឹងថា អនុវិស័យ​ប​សុ​​សត្វ​មាន​សារៈសំខាន់​ចំពោះ​ជីវភាព​រស់នៅ​តំបន់​ជនបទ និង​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា​។ វា​ក៏​ផ្តល់ឱកាស​ច្រើន​ដល់​កសិករ​លក្ខណៈ​គ្រួសារ​រួមទាំង​ស្ត្រី និង​ក​សិ​អាជីវកម្ម​ខ្នាតតូច​-​មធ្យម​។​

​លោក Srinivasan Ancha ថ្លែងថា​៖ «​សត្វពាហនៈ និង​ក្របី​ស្ទើរតែ​ទាំងអស់​គឺជា​កម្មសិទ្ធិរ​បស់​កសិករ​លក្ខណៈ​គ្រួសារ​ទោះបី​ផលិតកម្ម​ជ្រូក និង​ប​សុ​បក្សី​កំពុងមាន​លក្ខណៈ​ជា​ពា​ណិ​ជ្ជ​កម្ម​កាន់តែខ្លាំង​ក៏ដោយ​។​ជំនួយ​របស់ ADB នឹង​អនុញ្ញាតឱ្យ​អនុវិស័យ​នេះ​អាច​ទាញយក​សក្តានុពល​នៃ​កំណើន​ខ្ពស់ នាំមក​ដោយ​ការកើនឡើង​នៃ​ការ​ប្រើប្រាស់​សាច់​ក្នុងស្រុក​ដែល​កើតឡើង​ដោយសារ​កំណើនសេដ្ឋកិច្ច​នគរូបនីយកម្ម ចំនួន​ប្រជាជន​កើនឡើង​ឱកាស​ពា​ណិ​ជ្ជ​កម្ម និង​ការធ្វើឱ្យ​ប្រសើរ​ក្នុងការ​គ្រប់គ្រង​ជំងឺ និង​អាហា​​រូប​ត្ថ​ម្ភ​សម្រាប់​សត្វ​»​។​

​លោក តាន់ ផាន់​ណា​រ៉ា អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋាន​សុខ​ភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្ពុជា​ឥឡូវនេះ​អាចបំពេញ​តម្រូវការ​សាច់​ជ្រូក​ក្នុងស្រុក​បាន ១០០​ ភាគរយ ពោលគឺ​កើនឡើង​ពី ៨៧ ភាគ​​រយ​មុនពេល​មាន​វិបត្តិ​កូ​វីដ​ ១៩​ ហើយ​មិនបាន​នាំចូល​ជ្រូក​រស់​ពី​ប្រទេសជិតខាង​នោះទេ​។​

​យោងតាម ADB គម្រោង​កែលម្អ​សុខភាព និង​ខ្សែចង្វាក់​តម្លៃ​បសុសត្វ​ឆ្លង​ព្រំដែន​ក្នុង​មហា​អនុតំបន់​មេគង្គ (GMS) នឹង​ផ្តល់​អត្ថប្រយោជន៍​ដោយផ្ទាល់​ដល់​គ្រួសារ​យ៉ាងហោច​ ៤០ ០០០ ​ក្នុង​រាជធានី​ភ្នំពេញ​, ខេត្តកំពង់ចាម​, ឧ​ត្ត​រ​មានជ័យ​, ព្រៃវែង​, សៀមរាប​, និង​តាកែវ​តាមរយៈ​ការជំរុញ​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សមត្ថ​​ភាព​ស្ថាប័ន និង​បច្ចេកទេស និង​គោលនយោបាយ​គាំទ្រ​សំខាន់ៗ​។ វា​ក៏​នឹង​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​ក្នុង​ខេត្តកណ្តាល​, កំពង់ធំ និង​ពោធិ៍សាត់​ដើម្បី​បំពេញតម្រូវការ​ទូទាំង​ប្រទេស​សម្រាប់​វ៉ាក់សាំង​បសុសត្វ និង​ការ​បង្កាត់​ពូជ​សិប្បនិម្មិត​៕