ភ្នំពេញៈ ក្រុមហ៊ុន Tanncam Investment Pte. Ltd ដែលមាន​មូល​​ដ្ឋា​ន​នៅ​ប្រទេស​សិង្ហ​បុរី បាន​ទិញ​ភាគ​ហ៊ុន​ក្រុមហ៊ុន realestate.com.kh របស់​កម្ពុជា និង​ក្រុមហ៊ុន Fazwaz ​ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន Digital Classified Group (DCG) មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី សម្រាប់​ការពង្រីក​អាជីវកម្ម​របស់​ពួកគេ​ទៅ​តំបន់​អាស៊ីអាគ្នេយ៍​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​កាលពី​ថ្ងៃទី​ ១៤ ខែធ្នូ Digital Classified Group (DCG)​ គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ឈានមុខ​គេ មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី និង​ជា​ប្រតិបត្តិ​ករ​អចលនទ្រព្យ​អន​ឡាញ​។ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ​DCG រួមមាន​ក្រុមហ៊ុន realestate.com.kh និង​ក្រុមហ៊ុន Fazwaz នៅ​កម្ពុជា ក្រុមហ៊ុន hausples.com.pg និង​ក្រុមហ៊ុន marketmeri នៅ​ប្រ​ទេស​ប៉ា​ពួ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ ក្រុមហ៊ុន yula.la ក្រុមហ៊ុន lanloa.la នៅក្នុង​ប្រទេស​ឡាវ និង​ក្រុមហ៊ុន property.com.fj នៅ​ប្រទេស​ហ្វី​ជី​។ ក្រុមហ៊ុន Cambodian Investment Management(CIM) បាន​ដើរតួនាទី​ជាទី​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​លើ​ប្រតិបត្តិការ​សម្រាប់​ក្រុមហ៊ុន Tanncam Investment Pte.Ltd​។​

​ក្រុមហ៊ុន DCG ក៏មាន​កំណត់ត្រា​តាមដាន​ការអភិវឌ្ឍ​ការចាត់​ថ្នាក់​អ​ច​​លន​ទ្រព្យ​ឈានមុខ​គេ​នៅក្នុង​ទីផ្សារ​កំពុង​រីកចម្រើន​មួយចំនួន​ចាប់តាំងពី​ឆ្នាំ​ ២០១៣ ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​បាន​ផ្លាស់ប្តូរ​គំរូ​អាជីវកម្ម​ពី​ការផ្សាយ​ពា​ណិ​ជ្ជ​​កម្ម​ទៅជា​សេវាកម្ម​ប្រតិបត្តិការ​ដើម្បី​បង្កើនល្បឿន​កំណើន​របស់ខ្លួន​។ ការវិនិយោគ​នេះ​នឹង​ពង្រឹង​ទីតាំង​ឈរជើង​របស់ DCG នៅក្នុង​ទីផ្សារ​ទាំងអស់​ក្នុងនាម​ជា​ប្រតិបត្តិ​ករ​ឈានមុខ​គេ​នៃ​ចំណាត់ថ្នាក់​អចលន​ទ្រព្យ​នៅក្នុង​ទីផ្សារ​ជួរមុខ​អាស៊ី​។​

​លោក Mathew Care អគ្គនាយក​ក្រុមហ៊ុន DCG Group បាន​ស្វាគមន៍​ការចូលរួម​របស់​​ Tanncam ដើម្បី​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ដែល​នឹង​ជួយ​កែលម្អ​អាជីវកម្ម​របស់​ក្រុមហ៊ុន​។​

​លោក​ថ្លែងថា​៖ «​ទាំងនេះ​គឺជា​ពេលវេលា​ដ៏​គួរឱ្យ​រំភើប​សម្រាប់​ក្រុមហ៊ុន​របស់​យើង ដោយសារ​អាជីវ​កម្មទ​ទួលបាន​ភាព​ទាក់ទាញ​ឡើងវិញ​ក្រោយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩​។ យើង​កំពុង​ទទួលបាន​កំណើន​ដ៏​រឹងមាំ និង​ការកើនឡើង​ច្រើន​នៅក្នុង​មូលដ្ឋានគ្រឹះ​នៃ​ផលប័ត្រ​របស់​យើង​។ យើង​ស្វាគមន៍ Tanncam ក្នុងនាម​ជា​ម្ចាស់​ភាគហ៊ុន ដោយសារ​ពួកគេ​ជា​វិ​និ​យោ​​គិ​ន​ដែល​បាន​បង្កើតឡើង​ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​ទំនើប​»​។​

​លោក Anthony Galliano នាយក​ក្រុមហ៊ុន Tanncam Investment Pte. Ltd និង​ជា​អគ្គនាយក CIM បាន​និយាយថា DCG បានបង្ហាញ​ពី​សមត្ថ​ភាព​ពិសេស​មួយ​ក្នុងការ​ចូលទៅក្នុង​ទីផ្សារ បង្កើត​ទីតាំង​ឈរជើង​ឈាន​មុខ​គេ​នៅក្នុង​លម្ហ​របស់​ពួកគេ​។​

​លោក​លើកឡើងថា​៖ «​យើង​កំពុង​វិនិយោគ​លើ​អ្វីដែល​យើង​ជឿថា ជា​អនាគត​ដ៏​ជោគជ័យ​។ យើង​មាន​ក្រុម​​ការងារ​គ្រប់គ្រង​ដ៏​រឹងមាំ និង​ផលប​ត្រ​ជោគជ័យ​ដែល​ត្រៀម​រួចរាល់​សម្រាប់​កំណើន​ជា​បន្ត​។ ក្រុមហ៊ុន DCG ស្ថិត​លើផ្លូវ​ដ៏​អស្ចារ្យ នៃ​ដំណើរ​ដ៏​មិន​គួរឱ្យ​ជឿ​របស់ខ្លួន ហើយ​យើង​រីករាយ​ក្នុងការ​រួមចំណែក​ក្នុង​បញ្ហា​នេះ​»៕