
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ក្នុងកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុន Tung Giant Corporation កាលពីថ្ងៃទី ១៤ ខែធ្នូ។ រូបថត Vei Samnang Page
ភ្នំពេញៈ រោងចក្រផលិតក្រដាសមួយរបស់ក្រុមហ៊ុន «Tung Giant Corporation Cambodia» ដែលមានទុនវិនិយោគប្រមាណ ៣០ លានដុល្លារតាមបណ្តោយផ្លូវជាតិលេខ ៤៤ ក្នុងខេត្តកំពង់ស្ពឺ ដោយគ្រោងបើកដំណើរការនៅមុនពាក់កណ្តាលឆ្នាំ ២០២៣ ខាងមុខ។ នេះបើយោងតាមអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាព្រឹកថ្ងៃទី ១៤ ខែធ្នូ លោក វ៉ី សំណាង បានលើកឡើងថា ការដាក់ចេញយុទ្ធសាស្ត្រថ្មីៗរបស់រដ្ឋាភិបាលដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការជម្នះឧបសគ្គលំបាកៗ ជាពិសេសវិបត្តិបណ្តាលមកពីជំងឺកូវីដ ១៩ បានធ្វើឱ្យកម្ពុជា ទទួលបានកិត្តិនាមល្អជាបន្តបន្ទាប់លើឆាកអន្តរជាតិ។
លោកបន្តថា ជាក់ស្តែងកាលពីពេលថ្មីៗនេះខេត្តកំពង់ស្ពឺ ទើបបានទទួលគម្រោងវិនិយោគលើរោងចក្រផលិតក្រដាសរបស់ក្រុមហ៊ុន Tung Giant Corporation ដែលតាមផែនការនឹងចាប់ផ្តើមដំណើរការផលិតនៅរយៈពេល ៤-៥ ខែខាងមុខ។
លោកប្រាប់ទៀតថា Tung Giant Corporation គឺជាក្រុមហ៊ុនមកពីប្រទេសចិនដែលមានបទពិសោធន៍ច្រើនលើឧស្សាហកម្មផលិតក្រដាស ដោយក្រុមហ៊ុននេះនឹងនាំយកម៉ាស៊ីនមានបច្ចេកវិទ្យាទំនើបមកពីប្រទេសអាល្លឺម៉ង់ មកបំពាក់នៅក្នុងរោងចក្ររបស់ខ្លួន។ វត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងចង្វាក់ផលិតកម្មនឹងមាននាំចូលមកពីប្រទេសអាមេរិក និងថៃ។
លោកថ្លែងថា៖ «រោងចក្រនេះនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាជន ក៏ដូចជាចំណែកមួយនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីឈានទៅបំពេញចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ ២០៣០ និងចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០»។
លោកបន្តថា៖ «នៅពេលរោងចក្រនេះបើកដំណើរការ វានឹងក្លាយជារោងចក្រផលិតក្រដាសទី ១ នៅកំពង់ស្ពឺ»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា មានកត្តាជាច្រើនដែលធ្វើឱ្យកម្ពុជាអាចទាក់ទាញអ្នកវិនិយោគកាន់តែច្រើនឱ្យចូលមកបណ្តាក់ទុនដែលរួមមាន កត្តាស្ថិរភាពនយោបាយ ច្បាប់វិនិយោគថ្មីមានលក្ខណៈអំណោយផលសម្រាប់វិនិយោគិន សម្បូរកម្លាំងពលកម្ម និងមានតម្លៃសមរម្យ មានប្រព័ន្ធអនុគ្រោះពន្ធនាំចូលទំនិញពីប្រទេសមួយចំនួន និងជាពិសេសគឺកម្ពុជាមានទីផ្សារប្រទេសជាច្រើន។
លោកលើកឡើងថា៖ «សម្ទុះនៃការមកបណ្តាក់ទុននៅកម្ពុជានឹងកើនឡើងច្រើនថែមទៀត ខណៈបច្ចុប្បន្នកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាបានចុះហត្ថលេខាកន្លងមកដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន និងកូរ៉េ ព្រមទាំងកិច្ចព្រមព្រៀង RCEP ក៏បានចូលជាធរមានហើយផងដែរ»។
ទោះយ៉ាងណា ឈ្មោះរបស់ Tung Giant Corporation គឺនៅមិនទាន់ឃើញមានក្នុងបញ្ជីឈ្មោះក្រុមហ៊ុនដែលចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនៅឡើយទេ ត្រឹមថ្ងៃទី ១៤ ខែធ្នូ។
ទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ ២០២១ ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាមានទឹកប្រាក់សរុប ៤១ ពាន់លានដុល្លារ ក្នុងនោះការវិនិយោគរបស់ចិន បាននាំមុខគេជាមួយទំហំទឹកប្រាក់ ១៨ ពាន់លានដុល្លារ៕