​ភ្នំពេញៈ កម្ពុជា​បាន​រកចំណូលបាន​ជាង ៣,២ ពាន់​លាន​ដុល្លារ​ នៅក្នុង​រយៈពេល ១១​ខែ​ដើមឆ្នាំ​ ២០២២ ​នេះ ពី​ពន្ធដារ​ដោយមាន​ការកើនឡើង​ ២៥,២៩ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ កំណើន​នេះ​ឆ្លុះបញ្ចាំង​អំពី​ភាពប្រសើរឡើង​នៃ​សកម្មភាព​សេដ្ឋកិច្ច​ក្រោយ​ទទួលរង​សម្ពាធ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩​ ជាង ​២ ​ឆ្នាំ​កន្លងមកនេះ​។

​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ពី​កិច្ចប្រជុំ​បូកសរុប​លទ្ធផល ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​វិច្ឆិកា និង​សម្រាប់​រយៈពេល ១១​ខែ ឆ្នាំ​២០២២ ព្រមទាំង ទិសដៅ​សម្រាប់​អនុវត្ត​បន្ត ដែល​រៀបចំ​តាម​ប្រព័ន្ធ​អន​ឡាញ (Zoom Meeting) បង្ហាញថា ក្នុង​រយៈពេល ១១​ខែ​ឆ្នាំ​២០២២ ចំណូល​ពន្ធ​-​អាករ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន​ចំនួន ៣ ២១៤,០៦ លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២២ កើនឡើង ២៥,២៩%​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០២១។​

​គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​លើកឡើងថា ជាមួយនឹង​ការសម្រេចបាន​ចំណូល​ខ្ពស់​នេះ ស្ថាប័ន​របស់លោក​បាន​អនុវត្ត​ការងារ​ដោយ​ស្មា​រ​តីបុ​រេ​សកម្ម និង​ជានិច្ច​ជា​កាល​តែងតែ​បំផុស​នូវ​គំនិត​ផ្តួចផ្តើម​ថ្មីៗ ទោះបីជា​ស្ថានភាព​នៃ​សេដ្ឋកិច្ចកម្ពុជា​បាននិង​កំពុង​ឆ្លងកាត់​ដំណាក់កាល​លំបាក និង​រង​ផលប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ដែល​មិនទាន់​ស្រាកស្រាន្ត​ទាំងស្រុង​នៅឡើយ ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ រវាង​ប្រទេស​មហាអំណាច វិបត្តិ​ថ្មីៗ​នៃ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​នៅតែ​កំពុង​បន្ត ស្ថានភាព​នៃ​អតិផរណា ដែល​នេះ​ក៏បាន​ប៉ះពាល់​ដល់​ការងារ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា៖«​បើទោះជា​ការកើនឡើងនៃ​ផែនការ​ប្រមូល​ចំណូល​ពន្ធ​នេះ​ជាការកើនឡើង​ខ្ពស់ ហើយ​អាច​នឹង​នាំឱ្យ​ការបំពេញ​បេសកកម្ម របស់​អគ្គនាយកដ្ឋាន​ពន្ធដារ មាន​សភាព​តានតឹង​កាន់តែខ្លាំង ក៏​ខ្ញុំ​ប្ដេជ្ញា និង​ព្យាយាម​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​ដឹកនាំ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុងការ​បំពេញបេសកកម្ម​ប្រមូល​ចំណូល​ពន្ធ​ដើម្បី​ជាការ​បន្ត​គាំទ្រ​ដ៏​ពេញទំហឹង ចំពោះ​ការអនុវត្ត​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល »​។​

​បើ​យោងតាម​លោក គង់ វិបុល អគ្គនាយកដ្ឋាន​ពន្ធដារ នឹង​បន្ត​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​ជូន​អ្នក​ជាប់ពន្ធ ការឆ្លើយតប​ចំពោះ​រាល់​សំណើ​របស់​អ្នក​ជាប់ពន្ធ តាមរយៈ​ពេល​កំណ​ត់នៃ​ស្តង់ដា​សេវាសាធារណៈ និង​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា នូវ​ការកកស្ទះ​ឯកសារ​ជាយថាហេតុ តាមរយៈ​ការជំរុញឱ្យ​អ្នក​ជាប់ពន្ធ និង​សាធារណជន​ប្រើប្រាស់​នូវ​កម្មវិធី​ពិនិត្យ និង​តាមដាន​ឯកសារ (Document Track & Check) ដោយឡែក​សម្រាប់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពន្ធដារ គឺ​ជំរុញ​ការពង្រឹង​ការប្រើប្រាស់​នូវ​ប្រព័ន្ធ តាមដាន ឯកសារ (Tracking Document)»​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់លោក គង់ វិបុល​។​

​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២២ ចំណូល​ពន្ធ​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Commerce) សម្រេចបាន ២២,៥៤ ប៊ី​លាន​រៀល (​ប្រមាណ​ជា ៥,៥៦ លាន​ដុល្លារ​) និង​សរុប​រួម​ចាប់ពី​ខែឧសភា​-​វិច្ឆិកា ឆ្នាំ​២០២២ ប្រមូលបាន​ចំនួន ១៥២,៣៤ ប៊ី​លាន​រៀល (​ប្រមាណ ៣៧,៦១​លាន​ដុល្លារ​)​។​

​បើ​យោង​តាមរយៈ​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣ បាន​តម្រូវឱ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ឱ្យបាន​នូវ​ចំណូល​ពន្ធ​ផ្ទៃក្នុង​ចំនួន ៣ ៥៧១,៧០​លាន​ដុល្លារ កើនឡើង ២៦,៧០% ធៀប​នឹង​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២២ ដែល​កំណត់ឱ្យ​ពន្ធដារ​ប្រមូល​ចំណូល​ឲ្យ​បាន ២ ៨១៩,៥៥​លាន​ដុល្លារ​)​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ត្រៀម​រៀបចំ​រួចរាល់​នូវ​វិធាន និង​នីតិវិធី​សម្រាប់​ការគ្រប់គ្រង​និង​ប្រមូល​ចំណូល​ពន្ធដារ ក្នុង​វិស័យ​ល្បែង​ពាណិជ្ជកម្ម (​កាស៊ីណូ​) និង​បន្ត​ត្រូវ​ពង្រឹង​ការចុះ​អង្កេត​អចលនទ្រព្យ និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អចលនទ្រព្យ ក្នុង​គោលដៅ​ពង្រឹង​ការផ្តល់សេវា ជូន​សាធារណជន​ជា​ម្ចាស់​អចលនទ្រព្យ ក្នុងការ​ប្រកាស​និង​បង់ពន្ធ​អចលនទ្រព្យ​ប្រចាំឆ្នាំ​៕