ភ្នំពេញៈ បន្ទាប់ពីអាក់ខានរយៈពេល ២ ឆ្នាំ ដោយសារការរីករាលដាលជំងឺកូវីដ ១៩ ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៥ ត្រូវបានក្រសួងពាណិជ្ជកម្មរៀបចំឡើងរយៈពេល ៤ ថ្ងៃ ពីថ្ងៃទី ១៥-១៨ ខែធ្នូ ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ថ្លែងក្នុងពិធីបើកសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៥ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ឥទ្ធិពលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ បានធ្វើឱ្យដំណើរការរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល ត្រូវបានផ្អាកមួយរយៈពេលខ្លី។ ទោះយ៉ាងណាក្រោមកិច្ចខិតខំរបស់រដ្ឋាភិបាលដើម្បីជម្នះផលអវិជ្ជមានពីជំងឺកូវីដ១៩ ប្រទេសកម្ពុជាអាចចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញយ៉ាងឆាប់រហ័សដូចពេលបច្ចុប្បន្ន។

លោកបន្តថា ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ នាំចូល លើកទី១៥ឆ្នាំនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ«ការវិលត្រឡប់មកធ្វើធុរកិច្ចឡើងវិញ» ដែលនេះគឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិដ៏សំខាន់របស់ប្រទេសកម្ពុជា ក្រោយវិបត្តិនៃជំងឺកូវីដ១៩។ ព្រឹត្តិការណ៍នេះនឹងជួយជំរុញសកម្មភាពពាណិជ្ជកម្ម បង្កើតឱកាសទីផ្សារ, តភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគកាន់តែល្អប្រសើររវាងកម្ពុជា ជាមួយអន្តរជាតិ ព្រមទាំងបង្ហាញពីស្មារតីនៃការភ្ជាប់ទំនាក់ទំនងលើគ្រប់វិស័យឡើងវិញ។

លោកអះអាងថា៖«បេសកកម្មរបស់យើងនៅពេលនេះ គឺត្រូវខិតខំរួមគ្នាកសាង និងស្ដារសហគមន៍នេះឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ១៩ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការផ្លាស់ប្ដូរបច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចូលរួមទាំងអស់»។ លោកបន្ថែមថា៖«ខ្ញុំសង្ឃឹមថា យើងអាចប្រើប្រាស់យន្តការកិច្ចសហប្រតិបត្តិការគ្នានេះ ជាឧបករណ៍សម្រាប់ជួយគ្នាទៅវិញទៅដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ»។

ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល កម្ពុជាលើកទី១៤ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៩ និងត្រូវបានផ្អាកក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១ ដោយសារការរីករាលដាលជំងឺកូវីដ ១៩៕