ភ្នំពេញៈ កម្ពុជា និង​សហភាព​អឺរ៉ុប បាន​សន្យា​ជាថ្មី​ថា នឹង​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី បើទោះបី​សេដ្ឋកិច្ច​ធ្លាក់ចុះ​ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​​ ១៩ ក៏ដោយ​។ សហភាព​អឺរ៉ុប គឺជា​ដៃគូ​ពាណិជ្ជកម្ម​ឈានមុខ​គេ​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន ៤៥​ ភាគរយ​នៃ​ការនាំចេញ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​នោះ ហើយ ៩៥,៧​ ភាគរយ​នៃ​ទំនិញ​ទាំង​នោះបាន​ចូលក្នុង​ប្លុក​នេះ ក្រោម​ផែនការ​ទំនិញ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA)​។ ជារួម​កម្ពុជា គឺជា​ប្រទេស​ប្រើប្រាស់​ការអនុគ្រោះ​ពន្ធ EBA ច្រើនជាងគេ​ទី​ ២ បន្ទាប់ពី​ប្រទេស​បង់​ក្លា​ដែ​ស​។​

​ដោយឡែក​សម្រាប់​ពាណិជ្ជ​​កម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​អ៊ី​តា​លី ដែលជា​សមាជិក​សហភាព​អឺរ៉ុប​ផងដែរ​នោះ គឺ​នៅមានកម្រិត​ទាប​បើ​ធៀប​នឹង​ប្រទេស​សមា​​ជិ​ក​ដទៃទៀត​។ លោក Paolo Dionisi ឯកអគ្គរដ្ឋទូត​ទើប​តែង​តាំង​ថ្មី​នៃ​ប្រទេស​អ៊ី​តា​លី​ប្រចាំ​នៅ​កម្ពុជា ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​​ ១២ ខែធ្នូ បាន​ជួប​សម្ភាស​ដោយ លោក ម៉ៃ​ គុណ​មករា ការី​និពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដើម្បី​ពិភាក្សា​អំពី​បេសកកម្ម​របស់លោក​ក្នុងការ​ជំរុញ​ពា​ណិ​ជ្ជ​កម្ម និង​ការវិនិយោគ​រវាង​ប្រជាជាតិ​ទាំង​ ២ ​ឱ្យ​កាន់តែ​រីក​ចម្រើន​ ១ ​កម្រិត​ទៀត​។​

តើ​លោក​អាច​លើកឡើង​ដោយ​សង្ខេប​អំពី​ស្ថានភាព​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​និង​អ៊ី​តា​លី​នាពេល​បច្ចុប្បន្ន​?

​រដ្ឋាភិបាល​អ៊ី​តា​លី​មាន​ទំនាក់​​ទំនង​ល្អ និង​មិត្តភាព​ជាមួយ​ប្រទេស​អាស៊ីអាគ្នេយ៍​ជាច្រើន រួមទាំង​កម្ពុជា​ដែរ​។ ការពង្រឹង​ទំនាក់ទំនង​របស់​យើង​កាន់តែ​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ គឺជា​គោលបំណង​សំខាន់​ដែល​ខ្ញុំ​បាន​ប្តេជ្ញាចិត្ត​យ៉ាង​ពេញលេញ​ក្នុងការ​សម្រេច​ឱ្យបាន​។ ដើម្បី​សម្រេចបាន​តាម​ទិសដៅ​នេះ មិន​ត្រឹមតែ​យើង​អាច​ទទួលបាន​អត្ថប្រយោជន៍​ពីស​ម្ទុះ​ដ៏​អស្ចារ្យ​ដែល​បង្កើតឡើង​ដោយ​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ ​២០២២ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ទន្ទឹង​ចាំ​ឱកាស​នាពេល​អនាគត​សម្រាប់​កិច្ចសន្ទនា​ទ្វេ​ភាគី​កាន់តែ​ស៊ីជម្រៅ​នៅ​កម្រិត​សហភាព​អឺរ៉ុប ដោយ​ចាប់ផ្តើម​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​សហភាព​អឺរ៉ុប​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ​(​ប្រទេស​បែលហ្ស៊ិក​)​។​

បើ​យើង​ក្រឡេកមើល​ទំនាក់​​ទំនង​សេដ្ឋកិច្ច ខ្ញុំ​គិតថា ការផ្លាស់ប្តូរ​ពាណិជ្ជកម្មរ​បស់​យើង​នៅមានកម្រិត​ទាប​បើ​ធៀប​នឹង​ប្រទេស​ផ្សេងទៀត​នៅ​អឺរ៉ុប តើ​លោក​នឹងមាន​គម្រោង​អ្វី​ដើម្បី​កែលម្អ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង ​២ ឬទេ​?

​ជាការ​ពិត ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ នៅមានកម្រិត ប៉ុន្តែ​ខ្ញុំ​រីករាយ​ក្នុងការ​កត់សម្គាល់ថា​តម្លៃ​ពាណិជ្ជកម្ម​សរុប​បាន​កើនឡើង​មិន​ត្រឹមតែ​នៅក្នុង​ឆ្នាំ​ ២០២១ ប៉ុណ្ណោះ​ទេ​បើ​ធៀប​ឆ្នាំ ​២០២០ (​កើនឡើង ១២ ​ភាគរយ​) ដែល​នេះ​គឺ​បង្ហាញ​ពី​និន្នាការ​វិជ្ជមាន​រួចទៅហើយ មុន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ កាលពី​ឆ្នាំ​ ២០១៩​។

​ខណៈ​ការណ៍​នេះ​គឺជា​មូល​ដ្ឋា​ន​គ្រឹះ​ដ៏​ល្អ ដោយ​ខ្ញុំ​ជឿថា ឱកាស​សម្រាប់​ការកើនឡើង​គឺ​នៅតែមាន​ទំហំ​ធំ​ទាំង​នៅក្នុង​កម្រិត​ទ្វេភាគី និង​ស្ថាប័ន EU​។ យើង​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​កាត់បន្ថយ​ឧ​ប​សគ្គ​ចំពោះ​បរិយាកាស​ពា​ណិ​ជ្ជ​កម្ម​សេរី និង​ចម្រុះ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។​

តើ​លោក​គិតថា វិស័យ​សក្តា​នុព​ល​អ្វីខ្លះ​ដែល​វិនិយោគិន ឬ​ពាណិជ្ជករ​អ៊ី​តា​លី​អាច​សម្លឹង​មក​កម្ពុជា​?

​កម្ពុជា​គឺជា​ទីផ្សារ​ដ៏​មាន​ឥទ្ធិ​ពល​មួយ ហើយ​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​កាន់តែខ្លាំង​ពី​សំណាក់​វិនិយោគិន និង​អាជីវ​កម្ម​ជាច្រើន​នៅ​អ៊ី​តា​លី។ ក្នុងន័យនេះ​ស្ថានទូត​នឹង​បន្ត​គាំទ្រ​សកម្មភាព​របស់​ «​សមា​គ​មធុរ​​កិច្ច​កម្ពុជា​អ៊ី​តា​លី​» ដែល​គ្រោង​នឹង​ពង្រីក​សមាជិកភាព និង​សកម្មភាព​ជាច្រើន​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​។

​ខ្ញុំ​ក៏​កំពុងធ្វើការ​លើ​ការ​ច្រ​​បាច់​បញ្ចូល​គ្នា​ដែល​អាចធ្វើ​ទៅបាន​នៃ​ស្ថាប័ន​នេះ​ជាមួយ​សភាពាណិជ្ជកម្ម​អ៊ី​តា​លីដែល​កំពុង​ប្រតិបត្តិការ​រួចហើយ​នៅ​ប្រទេស​ថៃ ដើម្បី​ឱ្យមាន​មូលដ្ឋាន​កាន់​តែ​ធំ​នៃ​ក្រុមហ៊ុន​អ៊ី​តា​លី​ធ្វើ​ប្រ​​តិ​ប​ត្តិ​ការ​ក្នុងប្រទេស​កម្ពុជា​។​

​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​អាច​ផ្តល់ឱកាស​វិនិយោគ​ដ៏​អស្ចារ្យ​សម្រាប់​អាជីវកម្ម​របស់​យើង​ក្នុង​វិស័យ​ផ្សេងៗ​ដូចជា សំណង់ អាហារ និង​ភេសជ្ជៈ គ្រឿងចក្រ​ឧស្សាហកម្ម និង​កសិកម្ម ឱសថ ការ​រចនា និង​គ្រឿងសង្ហារិម ម៉ូដ​ទាន់សម័យ ទេសចរណ៍ និង​វិស័យ​ដទៃទៀត​។​

​ក្នុងនាម​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ប្រទេស​អ៊ី​តា​លី រួម​ជាមួយនឹង​ទីភ្នាក់ងារ និង​ស្ថាប័ន​អ៊ី​តា​លីទាំងអស់​ដែល​កំពុងមាន​ប្រតិ​​ប​ត្តិ​ការ​នៅទីនេះ ខ្ញុំ​ប្តេជ្ញា​នឹង​ជួយ​សហគ្រិន​អ៊ី​តា​លីក្នុងការ​​ស្វែងរក​ទីផ្សារ​ថ្មី​នេះ និង​ចាប់យក​ឱកាស​ដ៏​អស្ចារ្យ​ដែល​ប្រ​ទេស​នេះ​មាន​។​

កាលពី​ខែមករា ឆ្នាំ​ ២០២១ ប្រទេស​កម្ពុជា​បានចាប់ផ្តើម​ដំ​ណើ​រការ ការទូត​សេដ្ឋកិច្ច​ក្នុង​គោលបំណង​លើកកម្ពស់​ពា​​ណិ​ជ្ជ​កម្ម ការវិនិយោគ វប្បធម៌ និង​ទេសចរណ៍​ជាមួយ​ពិភព​ខាងក្រៅ​។ តើ​លោក​គិតថា គំ​​និ​ត​ផ្តួចផ្តើម​នេះ​អាចរួមចំណែក​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋ​កិច្ច​របស់​យើង​ដែរ ឬទេ​?

​ខ្ញុំ​គិតថា វិធីសាស្ត្រ​ដ៏​ទូលំ​ទូ​​លាយ​នៅ​ពីក្រោយ​គំនិត​ផ្តួច​ផ្តើម​របស់​កម្ពុជា​នេះ​គឺ​ត្រឹមត្រូវ ហើយ​ខ្ញុំ​សូម​អបអរសាទរ​ដល់​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​សកម្មភាព​មួយ​នេះ​។​

​ប្រទេសអ៊ី​តា​លី​មាន​ចក្ខុ​​វិស័យ​ស្រដៀង​គ្នា​ខ្លាំងណាស់​ក្នុងការ​លើកកម្ពស់​ប្រព័ន្ធ​សេដ្ឋ​កិច្ច​របស់ខ្លួន​នៅ​បរទេស ដែល​បាន​ដំណើរការ​ជិត ១​ ឆ្នាំកន្លងមក យុទ្ធនាការ «BeIT» ​មាន​គោលបំណង​លើកកម្ពស់ និង​បង្ហាញ​អំពី​ទេពកោសល្យ​ដ៏​ល្អ​បំផុត​របស់​យើង​។ នៅក្នុង​ក្រប​​ខ័​ណ្ឌ​នេះ​យើង​ក៏​នឹង​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍ និង​គំនិត​ផ្តួចផ្តើម​ថ្មីៗ​នៅ​កម្ពុជា ដែល​ខ្ញុំ​ប្រាកដថា​នឹង​ពង្រឹង​ទំនាក់ទំនង​វប្បធម៌​រវាង​ប្រជាជន​ទាំង ២​ ជាមួយនឹង​ការផ្តល់​ផល​ជា​វិជ្ជមាន​ទាក់​ទង​នឹង​ការផ្លាស់ប្តូរ​ទេសចរ និង​សេដ្ឋកិច្ច​ផងដែរ​។​

ប្រទេស​កម្ពុជា​បានធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​ទំនិញ​របស់ខ្លួន​ទៅ​បណ្ដា​ប្រទេស​លោក​ខាងលិច និង​តំបន់​។ ថ្មីៗ​នេះ កម្ពុជា​ទើបតែ​អនុវត្ត​កិច្ច​ព្រម​​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន និង​កូរ៉េខាងត្បូង ព្រមទាំង​កិច្ចព្រមព្រៀង RCEP ផងដែរ​។ ​តើ​លោ​កមានអ្វី​ដើម្បី​លើក​ទឹក​​ចិត្ត​វិនិយោគិនអ៊ី​តា​លីឱ្យមក​វិ​និ​យោគ​នៅ​កម្ពុជា​ដើម្បី​បាន​អត្ថ​​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំងនោះ​?

​ប្រាកដ​ណាស់​ថា លទ្ធភាព​នៃ​ការប្រើប្រាស់​កិច្ចព្រមព្រៀង​នេះ​នឹង​បើក​ទីផ្សារ​កាន់តែ​ច្រើនឡើងៗ​លើ​ពិភពលោក​ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​មាន​ភាព​ទាក់ទាញ​សម្រាប់​ក្រុមហ៊ុន​អ៊ី​តា​លី​កាន់តែ​ច្រើនឡើង​។ ខ្ញុំ​ជឿជាក់ថា ប្រទេស​អ៊ី​តា​លី​នឹងមាន​វត្តមាន និង​មាន​សកម្មភាព​កាន់តែខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ក្នុងប្រទេស​អាស៊ាន​ផ្សេងទៀត​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​ជាមិនខាន​៕​