ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​ទទួលបាន​មូលនិធិ​ចំនួន ៧៣​​ លាន​ដុល្លារ​បន្ថែមទៀត​ពី​ធនា​គារ​អភិវឌ្ឍន៍អាស៊ី​ (ADB) ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​ថាមពល​។ មូលនិធិ​ដែល​ត្រូវបាន​អនុម័ត​ដោយ ADB កាលពី​ថ្ងៃទី​ ១៥ ខែធ្នូ នោះ​រួមបញ្ចូល​នូវ​កម្ចី​ផ្អែកលើ​គោលនយោបាយ ៥០​ លាន​ដុល្លារ និង​ការវិនិយោគ​គម្រោង​ចំនួន ២៣ ​លាន​ដុល្លារ​។​

​យោងតាម ADB កម្មវិធី​អភិ​វឌ្ឍន៍​តាម​វិស័យ​សម្រាប់​អន្តរ​កម្ម​ថាមពល​នេះ រួមមាន​កញ្ចប់​កំណែទម្រង់​គោលនយោបាយ​ដ៏​ទូលំទូលាយ​ដំបូង​របស់ ADB សម្រាប់​វិស័យ​ថាមពល​នៅ​កម្ពុជា​ដែល​នឹងត្រូវ​ផ្តល់​ហិរញ្ញ​​ប្ប​ទាន​ដោយ​ប្រាក់កម្ចី​ចំនួន ៤០​ លាន​ដុល្លារ​ពី​ធនធាន​ស​ម្ប​ទាន​របស់ ADB និង​ប្រាក់កម្ចី​ចំនួន ១០ ​លាន​ដុល្លារ​ពី​មូល​​និ​ធិ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន ដែលជា​ផ្នែក​មួយ​នៃ​ហិរញ្ញវត្ថុ​កាតាលីករ​បៃតង​អាស៊ាន​។​

​សម្រាប់​ការវិនិយោគ​លើ​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ ២៣​ លាន​ដុល្លារ​នោះ​កម្មវិធី​បង្កើន​ថាមពល​កកើត​ឡើងវិញ​សម្រាប់​កម្ពុជា​របស់​មូល​និ​ធិ​វិនិយោគ​អាកាស​​ធាតុ​នឹង​ផ្តល់ប្រាក់​កម្ចី​ចំនួន ៦​ លាន​ដុ​ល្លារ និង​ជំនួយ ៥​ លាន​ដុល្លារ​ដែលជា​ហិរញ្ញប្បទាន​អាកាសធាតុ ហើយ​មូល​និ​ធិ​អាកាសធាតុ​បៃតង​នឹង​បន្ថែម​ប្រាក់កម្ចី​ចំនួន ១២​ លាន​ដុល្លារ​តាមរយៈ​កម្ម​វិធី​ការ​ស្តារឡើងវិញ​បៃតង​នៃ​ហិរញ្ញវត្ថុ​កាតាលីករ​បៃតង​អាស៊ាន​។ ថវិកា​ទាំង​​អស់​នឹងត្រូវ​គ្រប់គ្រង​ដោយ ADB​។​

ADB ឱ្យដឹងថា​៖ «​កម្មវិធី​នេះ​គាំទ្រ​របៀបវារៈ​នៃ​អន្តរ​កម្ម​ថាមពល​របស់​រាជ​​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​បង្កើន​ថាមពល​កកើត​ឡើងវិញ និង​ប្រសិទ្ធភាព​ថាមពល​និង​ផ្លាស់ប្តូរ​ចេញពី​ឥន្ធនៈ​ហ្វូ​ស៊ី​ល​។ វា​បង្កើត​ការធ្វើផែនការ និង​បទ​ប្ប​ញ្ញ​តិ្ត​ដោយ​ប្រើ​ទិន្នន័យ​សម្រាប់​ប្រព័ន្ធ​ថា​ម​​ពល​ដើម្បី​បង្កើន​ភាពបត់បែន និង​ភាព​​ធន់ និង​ពង្រឹង​ការវិនិយោគ​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​ថ្មី​សម្រាប់​ការធ្វើផែនការ​យុទ្ធ​សាស្ត្រ ព្រមទាំង​បង្ហាញ​ពី​បច្ចេកវិទ្យា​និង​គំរូ​អាជីវកម្ម​ថ្មីៗ​»​។​

​លោក Pradeep Tharakan ប្រធាន​ផ្នែក​ប្រតិបត្តិការ​ថាមពល​ជាមួយ​វិស័យ​សាធារណៈ​សម្រាប់​មហា​អនុតំបន់​មេ​គ​ង្គ​របស់ ADB ថ្លែងថា​៖ «​កម្មវិធី​នេះ​រួមបញ្ចូល​គ្នា​នូវ​កំណែទម្រង់​គោ​លន​យោ​​បាយ និង​ការវិនិយោគ​គម្រោង​ដែល​នឹង​គាំទ្រ​គ្នា​ទៅវិញទៅមក​។​

​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​ បានប្រកាស​ពី​គម្រោង​នេះ​នៅក្នុង​សេចក្តី​​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​ ២ ខែវិច្ឆិកា ដែល​បាន​កត់សម្គាល់ថា ខ្លួន​បាន​ចុះហត្ថលេខា​លើ «​អាណត្តិ​ផ្តល់​​ប្រឹក្សា​ប្រតិបត្តិការ​» ជាមួយ​អគ្គិសនី​កម្ពុជា (EdC)​ដើម្បី​ «​គាំទ្រ​ការអភិវឌ្ឍ​» នៃ​សមត្ថភាព​ថាមពល​ពន្លឺព្រះអាទិត្យ​បន្ថែម ២ ​ជី​ហ្គា​វ៉ា​ត់​នៅ​កម្ពុជា និង​នៅ​ថ្ងៃ​​ទី​ ១១ ខែវិច្ឆិកា ធនាគារ​នេះ​សហការ​ជាមួយ​អគ្គិសនី​កម្ពុជា បាន​ភ្ជាប់​រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ (PV) កម្លាំង ៦០ មេ​ហ្គា​វ៉ា​ត់ទៅ​កាន់​បណ្តាញ​ជាតិ​នៅ​ខេត្តកំពង់ឆ្នាំង ដែលជា​ផ្នែក​ថាមពល​ពន្លឺព្រះអាទិត្យ ១០០ ​មេ​ហ្គា​វ៉ា​ត់​។​

​ជាមួយ​មូលនិធិ​ថ្មី ៧៣ ​លាន​ដុល្លារ ការវិនិយោគ​នេះ​ក៏​រួមបញ្ចូល​ផងដែរ​នូវ​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​ផ្លូវ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ក្នុង​កម្រិត​ទី​រួម​ខេត្តកំពត និង​ខេត្ត​កែប​ដែល​នឹង​នាំ​ដល់​ការ​សន្សំសំចៃ​និង​អត្ថប្រយោជន៍​សម្រាប់​វិស័យ​ទេសចរ​​ណ៍ និង​សុវត្ថិភាព​សាធារណៈ​៕