
កិច្ចប្រជុំសិក្សាសិក្សាដំណាក់កាលទី២ នៃផ្លូវនាវាចរណ៍ទន្លេបាសាក់ នៅទីស្ដីការក្រសួងកាលពីថ្ងៃទី ១៤ ខែធ្នូ។ រូបថត MPWT
ភ្នំពេញៈ ការសិក្សាពីសមិទ្ធិលទ្ធភាពលើគម្រោងស្ថាបនាផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ទៅកាន់សមុទ្រ (ខេត្តកែប) ដំណាក់កាលទី ២ គ្រោងនឹងត្រូវបញ្ចប់នៅដំណាច់ខែមករា ឆ្នាំ ២០២៣ ខាងមុខ ខណៈអ្នកនៅក្នុងវិស័យដឹកជញ្ជូន បញ្ជាក់ថា តម្រាយផ្លូវទឹកនេះនឹងក្លាយជាកម្លាំងចលករបន្ថែមទៀតសម្រាប់លើកកម្ពស់វិស័យដឹកជញ្ជូន ក៏ដូចជាជំរុញការនាំចេញទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិ។
ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងក្រុមហ៊ុន CCCC Water Transportation Consultants Co.,Ltd បច្ចុប្បន្នកំពុងសិក្សាលម្អិតក្នុងដំណាក់កាលពី ២ លើសមិទ្ធិលទ្ធភាពនៃគម្រោងផ្លូវនាវាចរណ៍និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់។ គម្រោងនេះត្រូវបានលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ឯកភាពឱ្យសិក្សាកាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២២។
ក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់ដើម្បីពិនិត្យវឌ្ឍនភាព និងលទ្ធផលការសិក្សាសមិទ្ធលទ្ធភាពលើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ជាមួយក្រុមហ៊ុនទាំង ២ ខាងលើ កាលពីថ្ងៃទី ១៤ ខែធ្នូ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បានឱ្យដឹងថា រហូតមកដល់ពេលនេះគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់កំពុងស្ថិតក្នុងដំណាក់កាលទី ២ នៃការសិក្សាសមិទ្ធលទ្ធភាព ហើយគ្រោងបញ្ចប់ការសិក្សាឱ្យបានរួចរាល់ និងគ្រប់ជ្រុងជ្រោយ នៅដំណាច់ខែមករា ឆ្នាំ ២០២៣ ខាងមុខ។
លោកលើកឡើងថា គម្រោងនេះ មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ហេតុនេះសូមឱ្យក្រុមការងារបច្ចេកទេសទាំងអស់បន្តខិតខំអនុវត្តការសិក្សាលម្អិតឱ្យបានស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ដើម្បីកាត់បន្ថយផលប៉ះពាល់ឱ្យបានច្រើនជាអតិបរមា។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ១៥ ខែធ្នូថា គម្រោងស្ថាបនាផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ទៅសមុទ្រ គឺពិតជារួមចំណែកយ៉ាងច្រើនដល់វិស័យដឹកជញ្ជូនទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិ ព្រោះបច្ចុប្បន្នការដឹកទំនិញតាមផ្លូវទឹកពីកំពង់ផែភ្នំពេញទៅកំពង់ផែសមុទ្រ គឺត្រូវធ្វើឡើងដោយឆ្លងកាត់តាមប្រទេសវៀតណាម។
លោកថ្លែងថា៖ «ក្នុងនាមអ្នកនៅក្នុងវិស័យដឹកជញ្ជូនយើងសង្ឃឹមថា ផ្លូវទឹកដែលរដ្ឋាភិបាលកំពុងសិក្សានេះនឹងអាចចាប់ផ្ដើមសាងសង់នៅពេលឆាប់ៗ ដែលវានឹងផ្តល់នូវផលចំណេញយ៉ាងច្រើនសម្រាប់កំណើនសេដ្ឋកិច្ចជាតិ»។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានប្រាប់ថា គម្រោងនេះនឹងដើរតួនាទីជាច្រកដ៏សំខាន់ក្នុងការតភ្ជាប់ទំនិញសំខាន់ៗពីកម្ពុជាទៅទីផ្សារអន្តរជាតិ រួមទាំងការដឹកជញ្ជូនផលិតផលកសិកម្មផងដែរ។
លោកអះអាងថា៖ «ផ្លូវទឹកនេះនឹងក្លាយជាចំណែកសំខាន់សម្រាប់ជំរុញការធ្វើពាណិជ្ជកម្មរបស់កម្ពុជាលើឆាកអន្តរជាតិ។ នៅពេលផ្លូវនេះបើកវានឹងជួយកាត់បន្ថយការកកស្ទះនៅតាមផ្លូវថ្នល់ និងជួយសន្សំថវិកាពីការខូចខាតផ្លូវថ្នល់ផងដែរ»។
លោកបន្តថា នៅពេលមានផ្លូវទឹកតភ្ជាប់ពីកំពង់ផែភ្នំពេញទៅកាន់សមុទ្រ វានឹងចូលរួមចំណែកយ៉ាងច្រើនដល់ការដឹកជញ្ជូនកសិផលពីកម្ពុជាទៅទីផ្សារអន្តរជាតិផងដែរ។
បើតាមក្រសួងសាធារណការ គម្រោងប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ត្រូវបានសិក្សានៅក្នុងគោលបំណងដើម្បីជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹកឱ្យមានសម្ទុះកើនឡើង មានប្រសិទ្ធភាពខ្ពស់ នឹងអាចជួយកាត់បន្ថយការចំណាយលើថ្លៃដើមការដឹកជញ្ជូន និងភ័ស្តុភារកម្មកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ជាងមុន។ វាក៏នឹងជួយកាត់បន្ថយសម្ពាធនៃការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ព្រមទាំងងាយស្រួលធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេសជួយពង្រឹង និងពង្រីកការតភ្ជាប់តំបន់ និងអន្តរជាតិ៕