​ភ្នំពេញៈ First Finance ជា​ស្ថាប័ន​ដំបូង​គេ​នៅ​កម្ពុជា​ដែល​ទទួលបាន​ឥណទាន​ចំនួន ៧​​ លាន​ដុល្លារ​ពី​ស្ថាប័ន​អន្តរជាតិ​ ២ គឺ GuarantCo និង​ស្ថាប័ន Cargill Financial Services International ដើម្បី​ផ្តល់​ហិ​​រញ្ញ​ប្ប​ទាន​លំនៅឋាន​តម្លៃ​សម​​រម្យ​ដល់​ក្រុមគ្រួសារ​ដែលមាន​ចំណូល​ទាប និង​មធ្យម​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ GuarantCo កាលពី​ថ្ងៃទី​ ១៤ ខែធ្នូ ការផ្តល់​ហិរញ្ញប្បទាន​នេះ គឺជា​ប្រតិបត្តិ​ការ​ដំបូង​របស់ខ្លួន​នៅ​កម្ពុជា និង​ជាការ​ផ្តល់​ប្រាក់កម្ចី​សង្គម​លើកដំបូង​នៅ​ប្រទេស​កម្ពុជា ដោយសារតែ​ក្រុមហ៊ុន First Finance បាន​ប្តេជ្ញាចិត្ត​ថា នឹង​ប្រើប្រាស់​ប្រាក់​នេះ​ស្របតាម​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​សង្គម​របស់ខ្លួន​ដោយ​ផ្អែកលើ​គោល​ការណ៍​កម្ចី​សង្គម​របស់​សមា​គម​ទីផ្សារ​ប្រាក់កម្ចី​របស់​ស្ថាប័ន​វាយតម្លៃ​ឥណទាន Moody​។​

​លោក Layth AlFalaki អគ្គ​​នាយក​ក្រុមហ៊ុន GuarantCo​ បានឱ្យដឹងថា ការផ្តល់​ហិរញ្ញ​ប្ប​ទាន​នេះ នឹង​រួមចំណែក​ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​លំនៅឋាន​តម្លៃ​សមរម្យ​ដល់​គ្រួសារ ដែលមាន​ចំណូល​ទាប និង​មធ្យម​ក្នុងប្រទេស​កម្ពុជា​។ ស្ថាប័ន​នេះ​នឹង​ពង្រីក​ទៅកាន់​ស្ថាប័ន​ដទៃទៀត​នាពេល​អនាគត​។​

​លោក​ថ្លែងថា​៖ «​យើង​មាន​ក្តី​​សោមនស្ស​រីករាយ​ចំពោះ​ប្រតិ​ប​ត្តិ​ការ​ដំបូង​នៅ​ប្រទេស​កម្ពុជា និង​ដើម្បី​គាំទ្រ​ដល់​ការផ្តល់​ហិ​រញ្ញ​ប្ប​ទាន​លំនៅឋាន​តម្លៃ​សម​​រម្យ​របស់ First Finance ដល់​គ្រួសារ​ដែលមាន​ចំណូល​ទាប និង​មធ្យម​នៅ​កម្ពុជា​។ យើង​សង្ឃឹមថា ប្រតិបត្តិ​ការប្រកប​ដោយ​នវានុវត្តន៍​នេះ នឹង​បង្កើន​ការយល់ដឹង​ជាមួយនឹង​ការ​ធា​នា​ប្រាក់កម្ចី និង​ដំណោះស្រាយ​បំណុល​រយៈពេល​វែង​សម្រាប់​កម្ពុជា ហើយ​ជា​ចុងក្រោយ​នាំឱ្យមាន​ឆន្ទៈ​កាន់តែខ្លាំង​ក្នុងការ​ពង្រីក​ការផ្តល់​ហិរញ្ញប្បទាន​ដល់​ស្ថាប័ន​ស្រដៀង​គ្នា​នេះ​ផងដែរ ដើម្បី​រួមចំណែក​អភិវឌ្ឍ​ទីផ្សារ​មូលធន​នៅ​កម្ពុជា​»​។​

​លោក ស៊ីម សេនា​ជាតិ អគ្គ​នាយក First Finance បានឱ្យដឹងថា ការទទួលបាន​ប្រាក់​​កម្ចី​នេះ គឺ​មិន​ត្រឹមតែ​បង្ហាញ​ពី​សមត្ថភាព​របស់ First Finance ក្នុង​ការពង្រីក​ប្រតិបត្តិ​ការ​របស់ខ្លួន​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ហាញ​ទំនុកចិត្ត និង​ភាពជឿជាក់​ដែល​ស្ថាប័ន​របស់លោក​បាន​បង្កើត​ឡើង​ជាមួយ​សមាជិក និង​វិនិយោគិន​ក្នុងស្រុក និង​អន្តរជាតិ​ទៀតផង​។​

​លោក​លើកឡើងថា​៖ «First Finance ប្តេជ្ញា​ប្រើប្រាស់​កម្ចី​របស់ GuarantCo ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​លំនៅឋាន ដែលមាន​តម្លៃ​សមរម្យ​ដល់​ក្រុម​គ្រួ​សារ​ដែលមាន​ចំណូល​ទាប និង​មធ្យម​ឱ្យបាន​ប្រមាណ ៤៧០​ គ្រួសារ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​គុណភាព​នៃ​ជីវភាព​រស់នៅ​របស់​ពួកគេ​។ ស្ថិរភាព​នៃ​ភាពជា​ម្ចាស់ផ្ទះ​អនុញ្ញាតឱ្យ​គ្រួសារ​រស់នៅក្នុង​ស្ថានភាព​មាន​អនាម័យ និង​មាន​សុខភាព​កាន់តែ​ល្អ​ជាង​មុន ដូច្នេះ​ពួកគេ​អាច​ចំណាយ​ពេលវេលា និង​ថាមពល​ទៅលើ​ទិដ្ឋភាព​ផ្សេងទៀត​នៃ​ជីវិត​របស់​ពួកគេ​។ វា​អនុញ្ញាតឱ្យ​កុមារ​មាន​ទឹកស្អាត និង​អនាម័យ ដើម្បី​រក្សាសុខ​​ភាព និង​អាច​សិក្សា​បាន ខណៈ​ស្ត្រី​អាច​ចាប់ផ្តើម​អាជីវកម្ម ឬ​ការងារ​ផ្ទាល់ខ្លួន​ផងដែរ​»​។​

GuarantCo នឹង​ពង្រីក​ទំហំ​កម្ចី​របស់ខ្លួន​ឱ្យដល់​ ២២ ​លាន​ដុល្លារ​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​។​ក្រសួង​រៀបចំ​ដែនដី បាន​ប៉ាន់ប្រមាណ​ថា ប្រជាជន​កម្ពុជា​ ៧,៩​ លាន​នាក់ នឹង​រស់នៅក្នុង​ទីក្រុង​ត្រឹម​ឆ្នាំ​ ២០៣០ កើន​ពី ៤,៥​ លាន​នាក់​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៤​។ រដ្ឋាភិបាល​មាន​ផែន​ការ​ប្រកបដោយ​មហិច្ឆតា​ដើម្បី​បំពេញតម្រូវការ​ផ្ទះ​ថ្មី ដែលមាន​តម្លៃ​សមរម្យ​ប្រមាណ ៥៥ ០០០ ក្នុង​ ១​ ឆ្នាំ​៕