ភ្នំពេញៈ ក្រុមហ៊ុន​ចុះបញ្ជី​ភាគហ៊ុន Pestech (Cambodia) Plc (PLC) និង​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Pestech International Bhd​ របស់​ម៉ាឡេស៊ី បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក Attwood Investment Group (AIG) ដើម្បី​បង្កើត​ការសិក្សា​លទ្ធភាព​ ២ លើ​ការសាងសង់ ឬ​កម្មសិទ្ធិ និង​ប្រតិបត្តិការ​នៃ​ថាមពល​ស្អាត និង​ថាមពល​ពន្លឺព្រះអាទិត្យ​នៅក្នុង​២​ខេត្ត​ផ្សេងគ្នា​ក្នុងប្រទេស​កម្ពុជា​។​

MoU​នេះ ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​១៣​ខែធ្នូ ឆ្នាំ​២០២២ លើ​ការអភិវឌ្ឍ​នៃ​ការសិក្សា​លទ្ធភាព​ចំនួន​២ ដែល​ទាក់ទង​នឹង​ការសាងសង់ ឬ​កម្មសិទ្ធិ និង​កិច្ចសហប្រតិបត្តិការ​រ​បស់ ថាមពល​ស្អាត ឬ​ថាមពល​ពន្លឺព្រះអាទិត្យ នៅក្នុង​ខេត្ត​ប៉ៃលិន ដែល​ដំណើរការ​ដោយ​ពន្លឺព្រះអាទិត្យ​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍ M.S.P Development Company លើ​កិច្ចសន្យា​លក់ដុំ សម្រាប់​លក់រាយ ជូន​អតិថិជន និង​សូ​ឡា​លើដំបូល​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្ទឹងហាវ​នៃ​ខេត្ត​ព្រះសីហនុ​។​

​យោងតាម​សេចក្តីជូនដំណឹង ដែល​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​១៤ ខែធ្នូ ក្រុមហ៊ុន MSP កាន់កាប់​អាជ្ញាប័ណ្ណ​ចែកចាយ​ថាមពល ដែល​ចេញ​ដោយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដោយ​ផ្តល់​សិទ្ធិ​ផ្គត់ផ្គង់​អគ្គិសនី​ដល់​អ្នកប្រើប្រាស់​លក្ខណៈ​លំនៅឋាន​និង​ពាណិជ្ជកម្ម​ប្រមាណ ១៥ ០០០ នាក់ នៅ​ស្រុក​សាលា​ក្រៅ និង​ក្រុងប៉ៃលិន ក្នុង​ខេត្ត​ប៉ៃលិន​។ ចំណែកឯ​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្ទឹងហាវ គឺជា​តំបន់ឧស្សាហកម្ម​Greenfield ដែល​បច្ចុប្បន្នកំពុង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន AIG ដែលមាន​ផ្ទៃដី​អភិវឌ្ឍន៍​សរុប​ប្រមាណ ២០០ ហិកតា​។​

​ក្រុមហ៊ុន Pestech​ បានឱ្យដឹងថា​៖ «​ក្រោម​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ភាគី​ទាំង​២​ត្រូវ​សហការ​រួមគ្នា ដើម្បី​បញ្ចប់​លទ្ធភាព​សិក្សា និង​បង្កើត​អាជ្ញាប័ណ្ណ និង​យុទ្ធសាស្ត្រ​អនុម័ត និង​ដាក់បញ្ចូល​តម្រូវការ​នៃ​ការផលិត​ថាមពល​ស្អាត​»​។ «​គោលបំណង​នៃ​ការសិក្សា​លទ្ធភាព​គឺ​ដើម្បី​ផ្តល់ឱ្យ​ភាគី​ទាំងសងខាង​នូវ​ថាមពល​ស្អាត និង​ប្រភព​ថាមពល​ចម្រុះ​ដែលមាន​តម្លៃ​សមរម្យ​សម្រាប់​អតិថិជន ខណៈពេលដែល​ផ្តល់ឱ្យ​វិនិយោគិន​សក្តានុពល​នូវ​ការបញ្ចៀស​ហានិភ័យ​ផ្អែកលើ​ទីផ្សារ​ដែល​កែតម្រូវ​ប្រាក់ចំណេញ​ផ្នែក​ហិរញ្ញវត្ថុ​»​។​

​ក្រុមហ៊ុន Pestech (Cambodia) បាន​ចុះបញ្ជី​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​កាលពីដើម​ខែសីហា ឆ្នាំ​ ២០២២ ដោយបាន​បោះផ្សាយ​នូវ​ភាគហ៊ុន​ចំនួន​៣,៩​លាន​ហ៊ុន (​ឬ​៥,២៦​ភាគរយ​នៃ​ភាគហ៊ុន​បោះឆ្នោត​សរុប​ចំនួន​៧៤ ៩៤៥ ០០០) ក្នុងតម្លៃ​ ០,៧៦​ ដុល្លារ ​ក្នុង ​១​ ហ៊ុន ដែល​ប្រមូល​ថវិកា​បាន​ប្រហែល​៣​លាន​ដុល្លារ​៕