ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កូរ៉េ រយៈពេល​ ១១ ​ខែ​ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​សរុប​ជាង ៧១១​ លាន​ដុល្លារ កើន​តិចតួច​បើ​ធៀប​រយៈពេល​ដូច​​គ្នា​ក្នុង​ឆ្នាំ​ ២០២១ ខណៈ​ការនាំចេញ​របស់​កម្ពុជា​ទៅ​កូរ៉េ កើន​ប្រមាណ ២០​ ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​តារាង​ស្ថិតិ​បញ្ជីពាណិជ្ជកម្ម​ទំនិញ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា គិតពី​ខែមករា​-​ខែវិច្ឆិកា ឆ្នាំ ២០២២ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​ប្រទេស​ទាំង ២ មាន​ចំនួន ៧១១,០៤ ​លាន​ដុល្លារ កើនឡើង ១​ ភាគ​រយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១ ដែលមាន ៧០៣,៩៤​ លាន​ដុល្លារ​។ ក្នុងនោះ​ការនាំ​ពី​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ មានទឹក​ប្រាក់ ២០៧,១៨ ​លាន​ដុល្លារ កើន ២០,៣ ​ភាគរយ និង​ទំនិញ​កូរ៉េ​នាំមក​ប្រទេស​កម្ពុជា មាន​ចំនួន ៥០៣,៩២​ លាន​ដុល្លារ ធ្លាក់ចុះ ៥,២​ ភាគរយ​។​

​សម្រាប់​ខែវិច្ឆិកា ឆ្នាំ ​២០២២ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​ប្រទេស​ទាំង ២ មាន ៥២,១៤​ លាន​ដុ​​ល្លារ ធ្លាក់ចុះ ២០,៧២​ភាគរយ​ធៀប​ខែវិច្ឆិកា ឆ្នាំ​ ២០២១​។ ក្នុងនោះ​កម្ពុជា​នាំទៅ​កូរ៉េ មានតម្លៃ ១៦,៥៩​ លាន​ដុល្លារ កើនឡើង ៦,៩៤​ភាគរយ និង​នាំចូល​ពី​កូរ៉េ មានតម្លៃ ៣៥,៥៦ ​លាន​ដុល្លារ ថយចុះ ២៩,២៦​ ភាគរយ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយថា ដោយសារតែ​កូរ៉េ​ជា​ប្រទេស​រីកចម្រើន និង​មាន​តម្រូវការ​ផលិតផល​ក​សិ​កម្ម​មាន​គុណភាព​ខ្ពស់ ដូច្នេះ​វា​ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុងការ​រៀបចំ​ការដាំដុះ និង​កែច្នៃ​ផលិត​​ផល​របស់ខ្លួន​ឱ្យស្រប​តាម​ការ​​ចង់បាន​របស់​កូរ៉េ​។ កិច្ច​ព្រម​​ព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​-​កូរ៉េ ដែល​បានធ្វើ​ជាមួយគ្នា​នឹង​ជួយ​ឱ្យ​ផលិតផល​កម្ពុជា​កាន់តែ​ច្រើន​មាន​វត្ត​មាននៅ​ទីផ្សារ​កូរ៉េ​។​

​លោក​បន្តថា មូល​ហេតុដែល​ទឹកប្រាក់​នាំចូល​ពី​កូរ៉េ​មាន​ច្រើនជាង​ការនាំ​ចេញពី​កម្ពុជា គឺ​ដោយសារ​កម្ពុជា​នាំចូល​ផលិត​ផល​ជាច្រើន​ពី​ប្រទេស​កូរ៉េ ដើម្បី​មក​បម្រើឱ្យ​ការនាំចេញ​។​

​លោក​លើកឡើងថា​៖ «​កូរ៉េ​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់ និង​មាន​ស្តង់ដា​ចំណី​អា​​ហារ​ខ្ពស់ ដូច្នេះ​កម្ពុជា​ត្រូវខិតខំ​ផលិត​ទំនិញ​របស់ខ្លួន​ឱ្យ​ឆ្លើយ​តប​នឹង​តម្រូវការ​នៅ​ទីនោះ​។ កសិផល​កម្ពុជា នឹងមាន​ទីផ្សារ​កាន់តែ​ធំ​នៅ​ប្រទេស​កូរ៉េ​»​។​

​ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​កូរ៉េ មានដូចជា សម្លៀក​​បំពាក់ ស្បែកជើង ផលិតផល​ធ្វើដំណើរ កៅស៊ូ គ្រឿងបន្លាស់​អេឡិចត្រូនិក និង​ផលិតផល​កសិកម្ម ចំណែក​ទំនិញ​កម្ពុជា​នាំចូល មានដូចជា យានយន្ត គ្រឿង​អេឡិចត្រូនិក សម្ភារ​ផ្ទះ​បាយ និង​ថ្នាំពេទ្យ ជាដើម​។ នេះ​បើតាម​លោក លឹម ហេង​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា លោក ហុង​ វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ១៨ ខែធ្នូ​ថា ពាណិជ្ជកម្ម​ប្រទេស​ទាំង ២ នឹង​កើន​ចាប់ពីពេលនេះ​តទៅ ព្រោះ​ក្រៅពី​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) ដែល​ប្រទេស​ទាំង ២ ជាស​មា​ជិ​ក និង​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២២ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំង ២ ក៏​ទើប​ចូល​ជា​ធរមាន​នា​ដើមខែ​ធ្នូ នេះដែរ​។​

​លោក​និយាយថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ពាណិជ្ជ​​កម្ម​សេរី​ទ្វេភាគី​កាលពីពេល​ថ្មីៗ​នឹង​ជួយ​ធ្វើឱ្យ​ទំហំ​ពាណិជ្ជ​កម្ម​ប្រទេស​ទាំង ២ រីក​កាន់តែ​ធំ ព្រោះ​នៅក្រោម​ឆត្រ CKFTA ភាគី​ទាំង ២ នឹង​ពង្រីក​បរិមាណ​ការនាំចេញ​កាន់តែច្រើន​»​។​

​លោក​បន្ថែមថា ទោះ​យ៉ាង​​ណា​ដោយសារ​ចំនួន​ប្រាក់​នាំ​​ចេញ​កម្ពុ​ជាមាន​ឱនភាព​ច្រើន​ធៀប​នឹង​កូរ៉េ ដូច្នេះ​កម្ពុជា​ត្រូវ រិះរក​ទំនិញ​យុទ្ធសាស្ត្រ​ថ្មីៗ​បន្ថែម​ដើម្បី​កាត់បន្ថយ​គម្លាត​នេះ​។​

​លោក​ប្រាប់ថា​៖ «​តាមរយៈ​អ្វីដែល​កម្ពុជា​កំពុងមាន ខ្ញុំ​គិតថា កសិផល​នឹង​ជួយ​ធ្វើឱ្យ​អ​តុល្យ​​ភាព​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​-​កូរ៉េ ត្រូវ​កាត់បន្ថយ​មួយកម្រិត ព្រោះ​ផលិតផល​កសិកម្ម​ជា​ច្រើន​ក៏​ស្ថិតនៅក្នុង​បញ្ជី​រួច​ពន្ធ​ឬ​ពន្ធ​ទាប​របស់ CKFTA ដែរ​»​។​

​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុង​ឆ្នាំ​ ២០២១ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​ទ្វេភាគី​កម្ពុជា​-​កូរ៉េ មាន​ទឹកប្រាក់​សរុប ៧៧៤,០៤​ លាន​ដុល្លារ កើន​ឡើង ៥,៤​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។ ក្នុងនោះ​កម្ពុជា​នាំចេញ ១៩៤,០៨​ លាន​ដុល្លារ កើន ៤,៧​ ភាគរយ និង​កូរ៉េ នាំ​ចូល ៥៧៩,៩៦ លាន​ដុល្លារ កើនឡើង ៥,៦ ភាគរយ​៕