ភ្នំពេញៈ មន្ត្រី​អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា ​(SSCA) បាន​ស្វាគមន៍​ចំពោះ​ផែនការ​ពង្រីក​ការវិនិយោគ​របស់​ក្រុមហ៊ុន​ព្រ​លាន​យន្តហោះ Vinci Airports ដែលជា​ក្រុមហ៊ុនមេ​ក្រុមហ៊ុន Cambodia Airports នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ព្រះសីហនុ​ទៅ​កម្រិត 4E Full ដែលជា​ការបើកផ្លូវ​ទ​ទួល​យន្ត​ហោះ​មកពី​ទិសដៅ​ឆ្ងាយៗ​មកកាន់​ខេត្ត​នៃ​តំបន់ឆ្នេរ​មួយ​នេះ​។​

​ផែនការ​នៃ​ការពង្រីក​ការវិនិយោគ​លើ​អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះសីហនុ​ត្រូវបាន​លើកឡើង​ដោយ​លោក Nicolas Notebeart អគ្គនាយក​ក្រុមហ៊ុន Vinci Airports ជាមួយ​លោកនាយក​​រដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​លោកនាយក​រដ្ឋមន្ត្រី​ទៅធ្វើ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​បារាំង កាលពី​ថ្ងៃទី​ ១៣ ខែធ្នូ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហ​ប្រតិ​​ប​ត្តិ​ការ​អន្តរជាតិ​កម្ពុជា​អំពី​លទ្ធផល​នៃ​ដំណើរ​ទស្សន​កិច្ចការងា​រ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​ប្រទេស​បារាំង បានលើកឡើង​ពី​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី និង​លោក Nicolas ដែល​បាន​ថ្លែងថា ខ្លួន​មាន​គម្រោង​ពង្រីក​ទ្រង់ទ្រាយ​ធំ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ដែល​នឹង​ចាប់​​ផ្តើម​នៅ​ដើមឆ្នាំ ​២០២៣ ខាងមុខ​។​

​លោក ស៊ិន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ SSCA បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ១៨ ខែធ្នូ​ថា សម្រាប់​គម្រោង​ពង្រីក​នេះ​គឺ​ត្រូវបានធ្វើ​ទៅតាម​ផែនការមេ​ដែល​ក្រុមហ៊ុន​បានគ្រោង​ទុក ដើម្បី​អភិវឌ្ឍ​ព្រលាន​ខេត្ត​ព្រះសីហនុ​ឱ្យមាន​លទ្ធភាព​ពេញលេញ​អាច​ទទួល​ប្រភេទ​យន្តហោះ​ធំៗ​មកពី​គោលដៅ​ឆ្ងាយៗ​។​

​លោក​ថ្លែង​បញ្ជាក់ថា​៖ «​តាមពិតទៅ​គម្រោង​នៃ​ការពង្រីក​ព្រលានយន្តហោះ​ខេត្ត​ព្រះសីហនុ​នេះ​គឺមាន​ក្នុង​ផែនការមេ​ទាំងអស់ ប៉ុន្តែ​ដោយសារ​ការផ្ទុះ​រីក​​រាលដាល​ជំងឺ​កូ​វីដ​ ១៩​ បានធ្វើឱ្យ​គម្រោង​វិនិយោគ​នានា​មាន​ភាពយឺតយ៉ាវ ព្រោះ​ក្រុមហ៊ុន​ត្រូវ​ពិចារណា​ឡើងវិញ​ដោយ​​សារ​តម្រូវការ​នៃ​ការប្រើប្រាស់​អាកាស​យានដ្ឋាន​ធ្លាក់ចុះ​គ្រប់​ព្រលាន​ទាំងអស់​នៅលើ​ពិភពលោក​»​។​

​លោក​បន្ថែមទៀតថា​៖ «​សម្រាប់​ជំនួប​របស់​ថ្នាក់ដឹកនាំ​យើង​និង​ខាង​ក្រុមហ៊ុន​ថ្មីៗ​នេះ ខ្ញុំ​គិតថា ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​ធ្វើការ​អនុវត្ត​ផែនការមេ​របស់ខ្លួន​ឡើងវិញ ដោយ​គាត់​ត្រូវ​ពង្រីក​ឱ្យដល់​កម្រិត 4E Full ដោយសារ​រាល់ថ្ងៃ គឺ​ព្រលាន​នេះ​ត្រឹម​កម្រិត 4E ដែរ ប៉ុន្តែ​អត់ Full​។ សម្រាប់ 4E Full គឺមាន​លទ្ធភាព​ទទួល​ប្រភេទ​យន្តហោះ​មកពី​ទិសដៅ​ឆ្ងាយៗ​ដូច​នៅ​ព្រលាន​សៀមរាប​ថ្មី​»​។​

​ប៉ុន្តែ​ទោះយ៉ាងណា លោក​ពុំទាន់​បានទទួល​ព័ត៌មាន​លម្អិត​អំពី​ផែនការ​នៃ ការពង្រីក​របស់​ក្រុមហ៊ុន​នៅឡើយ​ទេ​។​

​កាលពី​ថ្ងៃទី​ ២៧ ខែមិថុនា ឆ្នាំ​ ២០១៨ ក្រុមហ៊ុន​ព្រលានយន្តហោះ Cambodia Airports ដែល​កាន់កាប់​ភាគហ៊ុន​ធំ​ដោយ​ក្រុមហ៊ុន Vinci Airports បាន​បើក​ដំណើរការ​សាកល្បង​ការធ្វើ​ទំនើប​កម្ម​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ព្រលាន​យន្តហោះ​នេះ ដែលជា​ការឆ្លើយតប​នឹង​កំណើន​នៃ​ភ្ញៀវទេសចរ​។​

​ក្រុមហ៊ុន Cambodia Airports គឺជា​ការវិនិយោគ​រួម​រវាង​ក្រុមហ៊ុន Vinci Airports របស់​បារាំង​កាន់កាប់​ភាគហ៊ុន ៧០ ​ភាគរយ និង​ក្រុមហ៊ុន Muhibbah Masteron Cambodia កាន់កាប់​ភាគ​​ហ៊ុន ៣០ ​ភាគរយ ដែលជា​ការវិនិយោគ​រួម​រវាង​វិនិយោគិន​កម្ពុជា​-​ម៉ាឡេស៊ី​។​

​លោក តាំង សុចិត្រ​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា រយៈពេល ៣​ ថ្ងៃ ​(​ថ្ងៃទី ៩-១១​ខែធ្នូ​)​ នៃ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ មាន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ និង​គណៈប្រតិភូ​អន្តរជាតិ​ប្រមាណ ៧០​ ម៉ឺន​នាក់​បានធ្វើ​ដំណើរ​មក​ទ​ស្សនា​ខេត្ត​ព្រះសីហនុ​​៕​