ភ្នំពេញៈ ស្របពេល​ឱកាស​បុណ្យចូលឆ្នាំ​សកល​ ២០២៣ នឹង​ឈានចូល​មកដល់​នាពេលខាងមុខ បណ្តា​ខេត្ត​គោលដៅ​ទេសចរណ៍​សំខាន់ៗ​កំពុង​រៀប​​ចំ​កម្មវិធី​នានា​ដើម្បី​ទាក់ទាញ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ឱ្យទៅ​កម្សាន្ត និង​ទស្សនា​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​រៀងៗ​ខ្លួន​។​

​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​​ទេសចរណ៍​ខេត្តកំពត បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៨ ខែធ្នូ​ថា នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​សកល​នាពេលខាងមុខ ក្នុង​ក្រុង​កំពត​ក្រៅពី​មាន​តាំង​លម្អ​ភ្លើង​តាមផ្លូវ​សាធារណៈ អាជ្ញាធរ​ក៏​នឹង​រៀបចំ​ឱ្យមាន​ការប្រគំ​តន្ត្រី​នៅតាម​គោលដៅ​ធំៗ​ចំនួន ៣​ ទីតាំង​, ការប្រណាំង​ទូក​នេ​សាទ​, ការសម្តែង​ដោយ​ប្រើ​ម៉ាស៊ីន​ហោះ​លើ​អាកាស ​(​អ្នកបញ្ជា​ជិះ​), ការបាញ់​កាំជ្រួច និង​បង្ហោះគោម​នៅ​ព្រែក​កំពត​ផងដែរ​។

​លោក​បន្តថា ដោយសារ​ឆ្នាំនេះ​រដ្ឋាភិបាល​បើកទូលាយ​ឱ្យ​ប្រជាជន​ក្នុងស្រុក និង​ភ្ញៀវទេសចរ​អន្តរជាតិ​អាចធ្វើ​ដំណើរ​កម្សាន្ត​ដោយ​សេរី ដូច្នេះ​ចំនួន​ភ្ញៀវ​ធ្វើដំណើរ​មក​កម្សាន្ត​ខេត្តកំពត រួមទាំង​រមណីយដ្ឋាន​នានា​ប្រាកដ​ជាមាន​ចំនួន​ច្រើន​បើ​ធៀប​នឹង​អំឡុង​ឆ្លង​ឆ្នាំ​ ២០២១-២០២២ កន្លងមក​។​

​លោក​បញ្ជាក់ថា​៖ «​តាមរយៈ​អ្វីដែល​កម្ពុជា​កំពុង​សម្រេចបាន​នៅពេលនេះ ខ្ញុំ​គិតថា ក្នុងអំឡុង​បុណ្យ​ឆ្លង​ឆ្នាំ​ខាងមុខ​នឹងមាន​ភ្ញៀវទេសចរ​ជាច្រើន​ធ្វើដំណើរ​មក​កម្សាន្ត​ក្នុង​ខេត្តកំពត​»​។​

​លោក​បន្ថែមថា នៅពេលនេះ​រដ្ឋបាលខេត្ត និង​មន្ត្រី​ជំនាញ​ក្នុង​ខេត្ត​កំពុង​ខិតខំ​ជំរុញ​ការងារ​រៀបចំ​បុណ្យ​ឆ្លង​ឆ្នាំ​ពេលខាងមុខ​ឱ្យទទួល​ជោគជ័យ​។ សម្រាប់​កន្លែង​ស្នាក់នៅ លោក​គិតថា នឹង​មិនមាន​បញ្ហា​ទេ ព្រោះ​បច្ចុប្បន្ន​ក្រៅពី​មាន​បន្ទប់​ស្នាក់នៅ ​(​សណ្ឋាគារ ផ្ទះសំណាក់ និង​បាង​ហ្គា​ឡូ​) ប្រមាណ ៤ ៧០០ ​បន្ទប់ ក៏មាន​កន្លែង​សម្រាប់​បោះតង់​ផងដែរ​។​

​លោក ស៊ី​ណុល ប្រាប់ទៀតថា ក្រៅពី​ការងារ​រៀបចំ​នៅតាម​ទីតាំង​សាធារណៈ​ក្នុង​ខេត្ត មន្ត្រី​មន្ទីរ​ទេសចរណ៍​របស់​ខេត្ត​ក៏បាន​ចុះ​ជាប្រចាំ​ទៅតាម​ទីតាំង​កម្សាន្ត កន្លែង​ស្នាក់នៅ និង​រមណីយដ្ឋាន ដើម្បី​ណែនាំ​ម្ចាស់​ទីតាំង​ឱ្យ​ចូលរួម​អនុវត្ត​វិធាន​ការ​មួយចំនួន​ដូចជា ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​ ១៩ ការ​ថែ​ក្សាប​រិ​ស្ថាន ការ​ធ្វើ​បដិសណ្ឋារកិច្ច សុវត្ថិភាព​ចំណី​អា​ហារ និង​កុំឱ្យ​ដំឡើងថ្លៃ​ខ្ពស់ ជាដើម​។​

​ចំណែក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប លោក ងូវ សេង​កាក់ បានឱ្យដឹងថា បច្ចុប្បន្ន​អាជ្ញាធរខេត្ត​កំពុង​រៀបចំ​តាំង​លម្អ​ភ្លើង​នៅតាម​កន្លែង​កម្សាន្ត​ក្នុង​ខេត្ត​ជាច្រើន​ដើម្បី​បង្កលក្ខណៈ​ឱ្យ​ការដើរ​កម្សាន្ត​នាពេលខាងមុខ​មាន​ភាព​រីករាយ និង​មាន​សុវត្ថិភាព​។ សម្រាប់​បុណ្យ​ឆ្លង​នាំ ​២០២៣ ខាងមុខ ក្រុង​សៀមរាប​នឹង​រៀបចំ​ការប្រគំ​តន្ត្រី​នៅ​ទីតាំង​សំខាន់ៗ​មួយចំនួន​ដូចជា តំបន់​មាត់​ស្ទឹង​សៀមរាប អង្គរ​ឃ្យុ​ង​យូ និង​តំបន់​ផាប់​ស្ទ្រី​ត ជាដើម​។ ភ្ញៀវ​មក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប​ឆ្នាំនេះ​អាច​នឹងមាន​ចំនួន​ច្រើនជាង​ឆ្នាំមុន ព្រោះ​បច្ចុប្បន្ន​ចំនួន​ភ្ញៀវទេសចរ​បរទេស និង​ភ្ញៀវ​ក្នុងស្រុក ដែល​មក​កម្សាន្ត​នៅ​ខេត្ត​ក៏​កើនឡើង​ច្រើន​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​យើង​ត្រៀម​រួចស្រេច​សម្រាប់​ទទួលភ្ញៀវ​មក​កម្សាន្ត​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​សកល ដែល​នៅសល់ ២​ សប្តាហ៍​ទៀត​។ ក្រុង​សៀមរាប​ពេលនេះ ក៏មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ល្អ និង​មាន​ច្រើន​ខ្សែ​ផងដែរ​»​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី លោក ង៉ែត ពិ​ទូ បាន​ប្រាប់ថា ការ​អភិ​វ​ឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល បាន​ជួយ​ធ្វើឱ្យ​ខេត្ត​នៅ​ភូមិភាគ​ឦសាន​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​ជា​បន្ត​បន្ទាប់ ដោយ​គិត​រហូតមក​ដល់ពេលនេះ​ក្នុង​ខេត្តរតនគិរី មាន​សណ្ឋាគារ ១៤ និង​ផ្ទះសំណាក់​ ៣៥ ដែលមាន​បន្ទប់​ស្នាក់នៅ​ជិត ១ ៤០០​ បន្ទប់​។ លោក​បន្តថា នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ ​២០២២ ខាងមុខ នៅ​ខេត្តរតនគិរី ក៏​នឹងមាន​រៀបចំ​ការប្រគំ​​តន្ត្រី បង្ហោះគោម និង​បាញ់​កាំជ្រួច​។​

​លោក​ថ្លែងថា​៖ «​យើង​រំពឹងថា​នឹងមាន​ភ្ញៀវ​ច្រើន​មក​កម្សាន្ត​នៅ​ខេត្តរតនគិរី​នា​ថ្ងៃ​ចុងឆ្នាំ​នេះ ប៉ុន្តែ​សម្រាប់​ការ​ស្នាក់នៅ គឺ​មិន​ហ៊ាន​និយាយ​ទេ ព្រោះ​ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ល្អប្រសើរ គឺ​ភ្ញៀវ​អាចធ្វើ​ការ​ចល័ត​ពី​ខេត្ត​ ១ ទៅ​ខេត្ត​ ១ ​ដោយ​ឆាប់រហ័ស​»​។​

​លោក​ប្រាប់ទៀតថា ដើម្បី​បរិស្ថាន និង​ភាព​ទាក់ទាញ អាជ្ញាធរខេត្ត​បានកំណត់​យក​រសៀល​ថ្ងៃ​សុក្រ​នៃ​សប្តាហ៍​នីមួយៗ​សម្រាប់​មន្ទីរ​/​អង្គភាព​នានា​ក្នុង​ខេត្ត​សម្អាត​ទីសាធារណៈ ដែល​ធ្វើឱ្យ​រតនគិរី​នៅពេលនេះ​មាន​សម្រស់​ធម្មជាតិ​កាន់​​តែ​ស្រស់បំព្រង​៕