ទីផ្សារ​អចលន​ទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ ដែល​ធ្លាប់​ទទួល​ការប៉ះទង្គិច​ខ្លាំង​ដោយសារ​ជំងឺ​កូ​វីដ ​១៩ នាពេល​កន្លងមក​នោះ ចាប់ផ្តើម​មាន​ចលនា​ឡើងវិញ​បន្តិច​ម្តងៗ​។ នេះ​បើតាម​អ្នកជំនាញ​ដែល​រកស៊ី​ខាង​អចលនទ្រព្យ​នៅ​ខេត្ត​នេះ​។

ទាក់ទិន​នឹង​សកម្មភាព​អចលនទ្រព្យ​ក្នុង​ខេត្ត​នេះ​លោក ឌិ​ត ​ច​ណ្ណា អគ្គនាយក​ក្រុមហ៊ុន Lucky Real Estate និង​ជា​ក្រុមហ៊ុន​ទីភ្នាក់ងារ​អចលនទ្រព្យ​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ បាន​លើកឡើងថា បច្ចុប្បន្ន​ស្ថានភាព​ទីផ្សារ​អចល​នទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ ហាក់​មាន​សភាព​ធូរស្បើយ​និង​ល្អប្រសើរ​បន្តិច​ឡើងវិញ​ ពិសេស​ក្រោយ​ផ្លូវ​ល្បឿន​លឿន​បើក​ឱ្យ​ដំណើរការ ដែលនាំឱ្យ​សកម្មភាព​ទេសចរក្នុងស្រុក​​ទៅ​កម្សាន្ត​ខេត្ត​នេះ​កាន់តែ​ច្រើនឡើង​។​

​លោក​ថា បច្ចុប្បន្ន​នេះ​វិនិយោគិ​ន​ចិន​មួយចំនួន ក៏បាន​ចាប់ផ្តើម​សាងសង់​អគារ​ដែល​ជាប់គាំង​ពីមុន​ឡើងវិញ​គម្រោង​ខ្លះ​ក៏​កំពុង​សាងសង់ ខណៈ​គម្រោង​ខ្លះ​ក៏​សាងសង់​បញ្ចប់ បូករួម​ទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ក៏​ចាប់ផ្តើម​ដោះស្រាយ​ពី​បញ្ហា​គម្រោង​អគារ​ជាប់គាំង​ក្នុង​ខេត្ត​នេះ​ថែម​ទៀត។

​លោក​បញ្ជាក់​ដូច្នេះ​ថា​៖« បើ​យើង​ប្រៀបធៀប​កាលពី​បិទ​ប្រទេស​អំឡុង​កូ​វីដ​-១៩ ពោលគឺ​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ តម្លៃ​ដី​មាន​តំបន់​ខ្លះ​មិនសូវ​ខ្ពស់​និង​មានការ​ស្រុតចុះ​បន្តិច​នៅ​តំបន់​មួយចំនួន ប៉ុន្តែ​នៅ​តំបន់​មួយចំនួនទៀត​គឺ​អត់​ស្រុតចុះ​ទេ​គឺ​នៅ​រក្សា​តម្លៃ​ដដែល ថ្វីដ្បិតតែ​ការទិញ​លក់​មិនសូវ​សម្បូរ​ដូច​មុន​ តែ​តម្លៃ​វិញ​មិន​ចុះ​ប៉ុន្មាន​នោះទេ​ដូចជា​តំបន់​ទីប្រជុំជន​ជាដើម​»។​

​លោក​ថា តម្លៃ​ដីធ្លី​នៅតែមាន​តម្លៃ​ខ្ពស់ ជាក់ស្តែង​នៅ​តំបន់​ល្អៗ​ទីប្រជុំជន ដូចជា​ តំបន់ឆ្នេរ​ឯក​រាជ្យ​ទៅ​រង្វង់​មូល​តោ​ តំបន់រ​ង្វ​ង់​មូល​តោ​ទៅ​ឆ្នេរ​អូរ​ឈើទាល ​តំបន់​ម្តុំ​សណ្ឋាគារ​សុខា​ជាដើម គឺ​តម្លៃ​ខ្ពស់បំផុត​ចាប់ពី​៣ ០០០-៣ ៥០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ទៅតាម​ទំហំ​ដី​តូច ឬ​ដី​ធំ​។ ជាមួយគ្នានេះ តំបន់​ជាយក្រុង​វិញ មានតម្លៃ​ចាប់ពី​២ ០០០-២ ៥០០​ដុល្លារ ក្នុង១​ម៉ែត្រការ៉េ ហើយ​តំបន់​ចុះ​ពី​ជាយក្រុង​វិញ គឺមាន​តម្លៃ​ចាប់ពី​១ ០០០​ដុល្លារ​-១ ៥០០​ដុល្លារ​ជាដើម​។​

ទន្ទឹម​នឹង​ការលើក​ឡើង​នេះដែរ​អ្នកនាង រិ​ទ្ធ ដា​រី​កា ទីភ្នាក់ងារ​លក់​អចលន​ទ្រព្យ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​លើក​ឡើង​ដែរ​ថា ពេល​ជំងឺ​កូ​វីដ​ស្ថិតក្នុង​ស្ថានភាព​អាច​គ្រប់គ្រង​បានឃើញ​ថា​តម្រូវ​ការជួល​ផ្ទះ ខុន​ដូ​និង​ទីតាំង​ដើម្បី​បើក​អាជីវកម្ម​ផ្សេងៗ​នាពេលនេះ​បាន​កើនឡើង​ច​ន្លោះ​ពី​២០​ទៅ​៣០​ភាគរយ​បើ​ធៀប​នឹង​កាលពី​ដើម​ឆ្នាំ។​

​កញ្ញា​បន្ត​ថ្លែងថា​៖«​ពាណិជ្ជករ​ចិន​បាន​វិល​ត្រឡប់មក​ខេត្ត​ព្រះសីហនុ​វិញ​ជា​បណ្តើរៗ​ហើយ​អ្វីដែល​សំខាន់​នោះ​គឺ​ភាគច្រើន​នៃ​អ្នក​ចូលមក​ពេលនេះ​គឺជា​វិនិយោគិន​ដែលមាន​ទាំង​អាជីវករ​ខ្នាតតូច និង​មធ្យម ដូចជា​ម្ចាស់​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន​និង​ហាង​លក់ទំនិញ​»​។​

​ចំណែកឯ លោក ឈុន​ មករា ជា​ម្ចាស់​ផ្ទះសំណាក់ និង​អ្នករកស៊ី​ក្នុ​វិស័យ​អចលនទ្រព្យ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​លើក​ឡើង​ដែរ​ថា​ថ្វី​ដ្បិត​ថា ​កន្លងមក​ការ​ងើបឡើង​វិញ​នៃ​ចំនួន​ភ្ញៀវទេសចរ បានរួម​ចំណែក​​ដ៍៏សំខាន់ ជួយ​បង្កើន​តម្រូវ​ការជួល​ទីតាំង​ធ្វើ​អាជីវកម្ម​និង​កន្លែង​ស្នាក់នៅ​ក្តី ប៉ុន្តែ​បើ​ក្រឡេក​មក​មើល​ទីផ្សារ​ទិញ​លក់​ដីធ្លី​នៅ​មិនទាន់មាន​សកម្មភាព​ខ្លាំង​ដូច​ទីផ្សារ​ជួល​នៅឡើយ​។​

​លោក​ថា ៖«​មាន​វិនិយោគិន​កាន់តែ​ច្រើនឡើងៗ​ចាប់ផ្តើម​សាកសួរ​ពី​ហាងឆេង​តម្លៃ​ដីធ្លី​ដែល​នេះ​អាចជា​សញ្ញា​ល្អ​សម្រាប់​សកម្មភាព​ទិញ​លក់​នាពេល​ខ្លី​ខាងមុខ​»​។​

​គួរ​បញ្ជាក់ដែរថា​ បើតាម​របាយកាណ៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ បានឱ្យ​ដឹង​ថា រយៈពេល ៩​ខែ​ដើមឆ្នាំ​២០២២ ក្រសួង​បានផ្ដល់​លិខិតអនុញ្ញាត​សាងសង់​ទូទាំង ប្រទេស​ចំនួន ៣ ១៧៦ គម្រោង​មាន​ទុនវិនិយោគ​ប្រមាណ ១ ៩៦៣ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុងនោះ បានផ្តល់​លិខិត​អនុញ្ញាត​សាងសង់​គម្រោង​អគារ​ខ្ពស់ៗ ​ចាប់ពី ​៥​ជាន់ ឡើង មាន​ចំនួន ៩៨ គម្រោង ស្មើនឹង ១០០ អគារ ដែល​ក្នុងនោះ ខេត្ត​ព្រះសីហនុ​មាន​ចំនួន​១១​គម្រោង​។​ដោយឡែក វិស័យ​សំណង់​ក្នុង​ខេត្ដ​ព្រះសីហនុ​បើ​គិត​ចាប់តាំងពី​ឆ្នាំ២០១៧ រហូត​ដល់​ខែវិច្ឆិកា ឆ្នាំ​២០២១ មាន​សំណង់​សរុប ១ ៦៦១ គម្រោង ជាមួយ​ទុនវិនិយោគ មាន​ប្រមាណ​ជាង ៨ ៤០០ លាន​ដុល្លារ​អាមេរិក​។​ក្នុងនោះ​សំណង់​អគារ​ខ្ពស់​ចាប់ពី ៥ ជាន់ រហូតដល់ ៥៣ ជាន់ គឺមាន​ចំនួន ៦២០ គម្រោង​។​

​ទោះជា​បែបណា​ក្ដី​ អ្នកជំនាញ​នៅ​ទ​ទួ​ច​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ដោះស្រាយ​ចំពោះ​សំណង់​អគារ​ដែល​សង់​មិន​ទាន់រួច​រាប់រយ​កន្លែង​។​មន្ត្រី​រាជរដ្ឋាភិបាល​ធ្លាប់​បង្កើត​ក្រុមការងារ​ដោះស្រាយ​បញ្ហា​សំណង់​សង់​មិនទាន់រួច​នេះ ប៉ុន្តែ​មិនទាន់​អាច​ដោះស្រាយ​បាន​នៅឡើយ​៕