ភ្នំពេញៈ ស្ថាប័ន​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ​(IMF) បាន​រក្សា​ការ​ព្យាករ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប ​(GDP)​ ពិតប្រាកដ​របស់​កម្ពុ​ជា​ក្នុង​រង្វង់​ ៥​ ភាគរយ​នៅ​ឆ្នាំនេះ ដែល​ដូចគ្នា​នឹង​ការ​ព្យាករ​របស់​ពួកគេ​ក្នុង​ខែកញ្ញា ទោះបី​មាន​សម្ពាធ​ថ្មីៗ ដោយ​សារ​តែ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ បន្ថែម​ទៅនឹង​ការអូសបន្លាយ​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ ក៏ដោយ​។​

​របាយការណ៍​ចុងក្រោយ​របស់ IMF បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ១៨ ខែធ្នូ លើកឡើងថា ទោះបី​មាន​សម្ពាធ​ថ្មី​ក៏ដោយ​ក៏​ការ​ស្ទុះ​​ងើប​ឡើងវិញ​ត្រូវបាន​ព្យាករ​ថា​នឹង​បន្ត​ផងដែរ​។ កំណើន GDP ពិតប្រាកដ​ត្រូវបាន​គេ​ព្យាករ​ថា នឹងមាន​ចំនួន ៥ ​ភាគរយ​នៅ​ឆ្នាំ​ ២០២២ បន្ទាប់ពី​ប្រតិបត្តិ​ការនាំចេញ​ដ៏​រឹងមាំ​កាលពីដើមឆ្នាំ និង​ជិត ៥,៣០ ​ភាគរយ​ក្នុង​ឆ្នាំ ២០២៣ ដែល​ត្រូវបាន​គាំទ្រ​ដោយ​ការបន្ត​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ និង​ការ​គាំទ្រ​គោលនយោបាយ​ដែល​បន្ត ទោះបី​ត្រូវបាន​រារាំង​ដោយ​សម្ពាធ​ពី​ខាងក្រៅ និង​ផល​ប៉ះ​ពាល់​ដោយសារ​ការកើនឡើង​តម្លៃ​លើ​ប្រាក់ចំណូល​លើ​ការ​ចាយវាយ និង​ការ​សន្សំ​ក្តី​។​

IFM បន្តថា​៖ «​ភាពមិន​ច្បាស់​លាស់​ជុំវិញ​ចក្ខុវិស័យ គឺ​ខ្ពស់ ជាពិសេស​ហានិភ័យ​ឆ្ពោះទៅរក​ការធ្លាក់ចុះ​។ ហានិភ័យ​ខ្លាំង​បំផុត គឺ​បណ្ដាលមកពី​ការកើនឡើង​បំណុល​ឯកជន​។ កម្រិត​នៃ​សម្ពាធ​លក្ខខណ្ឌ​នៅ​បណ្ដា​ប្រទេស​ធំៗ និង​កត្តា​អតិផរណា​ផងដែរ​»​។

ស្ថាប័ន​នេះ​បន្ថែមថា​អតិផរណា​ត្រូវ​រំពឹងថា​នឹង​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​នៅ​ឆ្នាំនេះ ប៉ុន្តែ​នឹងមាន​កម្រិត​ទាប​នៅ​ឆ្នាំ​ ២០២៣ បន្ទាប់មក​នឹង​ធ្លាក់ចុះ​បន្ថែមទៀត​ដោយ​សន្មត​ថា ភាគច្រើន​វា​ត្រូវបាន​កម្រិត​ចំពោះ​ទំនិញ​នាំចូល​។​

IMF លើកឡើងថា​៖ «​ក្រុម​នា​​យក​ប្រតិបត្តិ​បាន​ស្វាគមន៍​ការ​ស្ទុះ​ងើបឡើង​វិញ​ដ៏​រឹងមាំ​របស់​សេដ្ឋកិច្ចកម្ពុជា​ពី​ការ​រាលដាល​កូ​វីដ ១៩ ដែល​គាំទ្រ​ដោយ​ការ​ការពារ​សេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​ប្រទេស​នេះ និង​ការឆ្លើយតប​ទៅនឹង​វិបត្តិ​ដ៏​រឹងមាំ​។ ក្រុម​នា​យក​ប្រតិបត្តិ​បាន​យល់ស្រប​ថា ចក្ខុវិស័យ​កំណើន​មាន​ភាព​អំ​ណោ​យ​ផល​យ៉ាង​ទូលំទូលាយ ទោះបី​មាន​ហានិភ័យ​ធ្លាក់ចុះ​ពី​តម្រូវការ​ខាងក្រៅ​យឺត និង​ការ​កើនឡើង​ភាព​ងាយ​រងគ្រោះ​ក្នុងស្រុក រួមទាំង​កម្រិត​បំណុល​ឯកជន​កើនឡើង​ក៏ដោយ​»​។​

​កាលពី​ថ្ងៃទី​ ៧ ខែធ្នូ ធនាគារពិភពលោក ​(WB) ក៏បាន​រក្សា​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​ឆ្នាំ​ ២០២២ សម្រាប់​កម្ពុជា ដែល​ចេញផ្សាយ​ក្នុង​ខែកញ្ញា​នៅត្រឹម ​៤,៨​ ភាគរយ ដោយ​បង្ហាញ​ពី​ការ​ស្ទុះ​ងើបឡើង​វិញ​គួរឱ្យ​កត់​សម្គាល់​នៃ​សេដ្ឋកិច្ច​ក្រោយ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ​របស់​កម្ពុជា​។ ប៉ុន្តែ​ធនាគារ​នេះ​បាន​ព្រមាន​ថា ឧបសគ្គ​ជាស​កល​ដែល​រំពឹងទុក​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​អាចធ្វើឱ្យ​ខូច​ដល់​ចក្ខុវិស័យ​របស់ខ្លួន​។​

​ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័​ត៌​​មាន​នេះ លោកស្រី Mariam Sherman នាយក​របស់ WB ប្រចាំ​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា បានផ្តល់​អនុសាសន៍​ឱ្យ​កម្ពុជា ត្រូវ​ចាត់វិធានការ​នានា​ដើម្បី​ជំរុញ​ឧស្សាហកម្ម​ទេសចរណ៍ និង​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ទូលំ​ទូ​លាយ ក៏ដូចជា​ការពង្រឹង​ជំហរ​សារពើពន្ធ​របស់ខ្លួន ដើម្បី​ទប់​ទល់នឹង​វិបត្តិ​តម្រូវការ​ខាងក្រៅ​ដែល​អាច​កើតមាន​។​

​លោកស្រី​បាន​ថ្លែងថា​៖ «​ប្រាក់ចំណូល​កើនឡើង​ដោយសារ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋ​កិច្ច និង​ការកែលម្អ​រដ្ឋបាល​»​។

លោកស្រី​បន្ថែមថា​៖ «​ការពង្រីក​មូលដ្ឋាន​ព​ន្ធ​នឹង​ជួយ​ធានាបាន​នូវ​ធនធាន​ចាំបាច់​ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ចកម្ពុជា និង​ជម្នះ​ការធ្លាក់ចុះ​កំណើន​ក្នុងចំណោម​ដៃគូ​ពាណិជ្ជកម្ម​ធំៗ​។ វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​គឺជា​វិស័យ​ដ៏​មាន​សក្ដានុពល​សម្រាប់​កំណើន​»​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្តថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ត្រូវ​ព្យាករ​ថា​នឹង​កើនឡើង​ដល់ ៥,២​ ភាគរយ​នៅ​ឆ្នាំ ២០២៣ ដោយសារ​ការកើនឡើង​នៃ​ការជួល​គាំទ្រ​ដល់​ការកើនឡើង​នៃ​ការប្រើប្រាស់​ក្នុងស្រុក និង​នៅពេល​អតិផរណា​ធ្លាក់ចុះ​៕