
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ រូបថត ហ្វេសប៊ុក Ruos Chanvuthy
ភ្នំពេញៈ គម្រោងសាងសង់សរុប ៣ ៤០៧ ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុម័តក្នុងរយៈពេល ១០ ខែឆ្នាំ ២០២២ ធ្លាក់ចុះជាង ៥ ភាគរយបើ ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ខណៈទុនវិនិយោគធ្លាក់ជាង ៥៧ ភាគរយ។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកសារនិន្នាការសេដ្ឋកិច្ចសង្គម ប្រចាំខែតុលា ឆ្នាំ ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២២ ក្រសួងរៀបចំដែនដី បានអនុញ្ញាតឱ្យគម្រោងសាងសង់ ៣ ៤០៧ គម្រោង ធ្លាក់ចុះ ១៩១ គម្រោងឬស្មើនឹង ៥,៣ ភាគរយបើធៀបរយៈពេល ១០ ខែ ឆ្នាំ ២០២១។ ចំនួនគម្រោងដែលបានអនុម័តខាងលើ គឺមានទុនវិនិយោគសរុប ២ ១៩០ លានដុល្លារ ធ្លាក់ចុះ ៥៧,២ ភាគរយ ក្នុងនោះប្រភេទសំណង់លំនៅឋាន មាន ៣ ០១៨ គម្រោង(ស្មើ ៨៨,៥៨ ភាគរយនៃសំណើសុំសាងសង់សរុប) ធ្លាក់ចុះ ៩១ គម្រោង។
បើយោងតាមក្រាហ្វិកប្រភេទសំណង់ដែលស្នើសុំ រួមមាន អគារលំនៅឋាន, ពាណិជ្ជកម្ម, ឧស្សាហកម្ម, សាធារណៈ និងទេសចរណ៍ ជាដើម។
ក្រសួងសេដ្ឋកិច្ច ក្នុងខែតុលា ឆ្នាំ ២០២២ ឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងបន្តនិន្នាការកើនឡើងក្នុងឆ្នាំ ២០២២ នេះដែលបន្តគាំទ្រដោយភាពល្អប្រសើរនៃតម្រូវការសកល ទោះបីរងការប៉ះទង្គិចពីការផ្ទុះឡើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន យ៉ាងណាក្តី។
លោក ហ៊ុយ វណ្ណា អគ្គលេខាធិការនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានប្រាប់ថា ទោះបីវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩ លើពិភពលោកពេលនេះមានភាពធូរស្រាល និងមានប្រទេសជាច្រើនបានបើកឱ្យមានការធ្វើដំណើរធម្មតាឡើងវិញ ក៏ចំនួននៃការវិនិយោគលើវិស័យសំណង់នៅកម្ពុជាមិនទាន់មានសម្ទុះវិញទេ។ ការធ្លាក់ចុះចំនួនគម្រោងសាងសង់នឹងត្រូវអូសបន្លាយពេលថែមទៀត ព្រោះវិស័យនេះមិនអាចឡើងចុះលឿនដូចវិស័យផ្សេងៗទេ។
លោកនិយាយថា៖ «ការធ្លាក់ចុះចំនួនគម្រោង និងទឹកប្រាក់វិនិយោគក្នុងវិស័យសំណង់ គឺមិនមែនកើតមានតែនៅកម្ពុជានោះទេ ដោយមាននៅស្ទើរគ្រប់ប្រទេសលើពិភពលោក។ នៅពេលសេដ្ឋកិច្ចពិភពលោកមានភាពមិនច្បាស់លាស់ តម្រូវការប្រើប្រាស់ និងការបញ្ចេញទុន គឺមិនមានច្រើនទេ»។
ទាក់ទងនឹងសកម្មភាពសាងសង់នៅពេលនេះ លោកប្រាប់ថា គឺសុទ្ធតែជាគម្រោងចាស់ៗដែលបន្តសាងសង់បញ្ចប់តាមកិច្ចសន្យា ខណៈការវិនិយោគថ្មីលើសំណង់លំនៅឋានក៏ធ្លាក់ចុះដែរ ព្រោះតែមានគម្រោងជាច្រើនបានបិទបញ្ចប់ការសាងសង់ ប៉ុន្តែលក់មិនទាន់អស់។
អ្នកគ្រប់គ្រងទូទៅសមាគមអ្នកសាងសង់កម្ពុជា លោក ជីវ ស៊ីវផេង បានប្រាប់ថា សកម្មភាពសាងសង់ គឺចាប់ផ្តើមល្អឡើងវិញជាលំដាប់ចាប់តាំងពីដើមឆ្នាំមក គ្រាន់តែភាគច្រើនគឺជាគម្រោងចាស់ៗ។ ការស្នើសុំសាងសង់ និងអនុម័តរបស់ក្រសួងធ្លាក់ចុះ គឺដោយសារតែសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានស្ថិរភាព ដែលធ្វើឱ្យការបញ្ចេញទុនលើវិស័យសំណង់ត្រូវពន្យារពេល។ លោកបន្តថា ទោះជាយ៉ាងណាជាមួយនឹងកំណើននៃការវិនិយោគលើវិស័យផ្សេងៗដែលមានជាបន្តបន្ទាប់នោះ វិស័យសំណង់កម្ពុជានឹងងើបឡើងវិញឆាប់ៗ។
លោកអះអាងថា៖ «វិស័យសំណង់នឹងមានភាពល្អប្រសើរឡើងវិញ គ្រាន់តែវានៅត្រូវការពេលបន្ថែមទៀត។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗរបស់រាជរដ្ឋាភិបាល ក៏ជាផ្នែកមួយដែលនឹងជួយជំរុញឱ្យវិស័យសំណង់កាន់តែរីកចម្រើនផងដែរ»។
ទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងឆ្នាំ ២០២១ គម្រោងសាងសង់នៅទូទាំងប្រទេសមានចំនួនសរុប ៤ ៣០៣ គម្រោង ដោយមានផ្ទៃក្រឡាកម្រាល ១២ ៩៩៨ ០៧២ ម៉ែត្រការ៉េ និងមានទុនវិនិយោគ ៥ ៣៣៣,៧៩ លានដុល្លារ ត្រូវបានអនុម័ត។ ទុនវិនិយោគនេះបើធៀបឆ្នាំ ២០២០ គឺថយចុះ ៣១,២១ ភាគរយ៕