ភ្នំពេញៈ លោក សុខ ដា​រ៉ា អគ្គនាយក​នៃ​និយ័ត​ករបរ​ធន​បាល​កិច្​ច​(TR) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ចំនួន​បរ​ធន​បាល​កិច្ច​ដែល​បាន​ចុះបញ្ជី​បាន​កើន​ពី​ចំនួន ១៧ ករណី​ជាមួយ​ទំហំ​បរ​ធន​ប្រមាណ​​ ១៥៦​ លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២១ ដល់​ចំនួន​ ៣០០​ ករណី​ជាមួយនឹង​ទំហំ​បរ​ធន​ប្រមាណ ៤២៦​ លាន​ដុល្លារ​គិត​ត្រឹម​ថ្ងៃទី​ ១៦ ខែធ្នូ នៅ​ឆ្នាំ ​២០២២ នេះ​ដែល​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ទំនុកចិត្ត​របស់​វិនិយោគិន និង​ការចាប់ផ្តើម​យល់ដឹង​របស់​សា​ធា​រណៈ​មកលើ​វិស័យនេះ​។​

​លោក សុខ ដា​រ៉ា អគ្គនាយក​និយ័ត​ករបរ​ធន​បាល​កិច្ច​ (TR) បានឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍​ ដឹង​នៅ​ថ្ងៃទី​ ១៩ ខែធ្នូ​ថា ការកើនឡើង​នៃ​បរ​ធុន​បាល​កិច្ច​បាន​ឆ្លុះបញ្ចាំង​អំពី​ការចាប់ផ្តើម​យល់ដឹង​ពី​សាធារណ​ជន និង​វិនិយោគិន ក្នុងការ​ទទួលបាន​កា​រ​គាំពារ និង​ការអនុលោម​ទៅតាម​ច្បាប់​ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​ផ្សេងៗ​ពី​ការវិនិយោគ​របស់ខ្លួន​។​

​លោក​បន្ថែមថា កាលពី​ឆ្នាំ​ ២០២១ TR មាន ១៧​ បរ​ធុន​បាល​កិច្ច ​(Trust) ដែល​បាន​ចុះបញ្ជី​ជាមួយ​ទំហំ​បរ​ធុន​ ១៥៦​ លាន​ដុល្លារ​។ ចំនួន​ចុះបញ្ជី​បាន​បន្ត​កើនឡើង​មកដល់​ត្រឹម​ថ្ងៃទី​ ១៦ ខែធ្នូ​នេះ​មានបរ​ធន​បាល​កិច្ច​កើនឡើង​ដល់​ ៣០០ ​ករណី ​(​សំដៅ​ទៅលើ​ប្រតិបត្តិ​ការដែល​បានកើត​ឡើង​) ជាមួយ​ទំហំ​បរ​ធន​បាល​កិច្ច (Trust Fund) កើន​ដល់ ៤២៦​ លាន​ដុល្លារ​។​

​លោក​ថ្លែងថា​៖ «​វិស័យនេះ​កើនឡើង​ដោយសារ​យើង​មើល​ទៅលើ​ចំនួន​ប្រតិ​ប​ត្តិ​ការ ឬ​សកម្មភាព​ដែល​គេ​ធ្វើ​ពឹង​ផ្អែកទៅលើ​យន្តការ​នេះ​។ កាលពីមុន​យើង​មាន​ចំនួន​តិច ប៉ុន្តែ​ឥឡូវនេះ​គឺ​ចំនួន​បាន​បង្កើន​ប្រតិបត្តិការ​តាមរយៈ​ចំនួន​ចុះបញ្ជី​ដែល​យើង​ឃើញ​នេះ​។ ប៉ុន្តែ​នេះ​គ្រាន់តែ​តួលេខ​បណ្តោះអាសន្ន គឺ​យើង​នៅមាន​បន្តទៀត​»​។​

​យោងតាម​លោក ដា​រ៉ា បរ​ធន​បាល​កិច្ច គឺ​សំដៅលើ​ម្ចាស់​លុយ (Trust creators)​ គាត់​ផ្ទេរ​លុយ​របស់គាត់​ទៅឱ្យ​បរ​ធុន​បាល ​(Trustee) ​ដើម្បី​ធ្វើការ​​គ្រប់គ្រង ឬ​ធ្វើការ​ចាត់ចែង និង​ធ្វើការ​ថែរក្សា​ជំនួស​ដែល​បង្កើត​ទៅជា​អត្ថ​ប្រយោជន៍​សម្រាប់​ភាគី​ទី​ ៣ ឬ​មក​ម្ចាស់​​ទ្រព្យ​វិញ​ដែល​នេះហើយ​ហៅថា Trust​។ លោក​បាន​លើក​ឧទាហរណ៍​ពន្យល់ថា វិនិយោគិន​មួយ​គាត់​ចង់​វិនិយោគ​ទៅលើ​វិស័យ​អចលនទ្រព្យ ដូច្នេះ​គាត់​អាច​ផ្ទេរ​លុយ ១​ លាន​ដុល្លារ​ទៅឱ្យ​អ្នក​ជំនាញ​ដែលជា Trustee នោះ​ធ្វើការ​គ្រប់គ្រង ឬ​ចាត់ចែង​វិនិយោគ​ជំនួស​គាត់ ហើយ​ពេល​បាន​ចំណេញ​គឺ​ឱ្យ​ចំណេញ​ទៅ​គាត់​វិញ ដូច្នេះ​ការងារ​នេះ​គេ​ហៅថា Property/Real-estate Trust​។​

​សម្រាប់​ឆ្នាំ​ ២០២៣ TR នឹង​ផ្តោត​ឱ្យមាន​ការយល់ដឹង​ជា​សាធារណៈ​កាន់តែ​ទូលំទូលាយ​ថា យន្តការ ឬ​ប្រតិបត្តិការ​បរ​ធន​បាល​កិច្ច​នេះ​វា​មាន​សារៈសំខាន់​ណាស់ ដោយសារ​វា​អាចជួយ​វិនិយោគិន ច្រើន​ដែល​គាត់​មិនអាច​ធ្វើការ​វិនិយោគ​ដោយ​ខ្លួនឯង​ផ្ទាល់​នៅក្នុង​វិស័យ​ណា​មួយ​ពាក់ព័ន្ធ​នោះ គាត់​អាច​ប្រើ​យន្ត​ការឱ្យ​នរណាម្នាក់​ឈរឈ្មោះ​ជំនួស​គាត់ ហើយ​គាត់​នៅតែ​ទទួលបាន​ផល​ប្រយោជន៍ ជាពិសេស​គឺមាន​ការទុកចិត្ត ដោយសារតែ​ពេល​ចុះបញ្ជី​ទៅ​គឺ​នឹង​ផ្តល់​ទំនុកចិត្ត ដោយសារ​មានការ​ឃ្លាំ​​មើល​ពី​និយតករ និង​មាន​អនុលោមភាព​តាមច្បាប់​ដែល​បញ្ចៀស​ហានិភ័យ​ប្រតិ​​ប​ត្តិ​ការ​បាន​ច្រើន​ដែលជា​យន្តការ​មាន​ប្រសិទ្ធភាព​ខ្ពស់​ខ្លាំង​។

ជាមួយគ្នានេះដែរ TR នឹងធ្វើ​ការលើកទឹកចិត្ត​ដល់​វិ​និ​យោគិន និង​តួអង្គ​ពាក់ព័ន្ធ​នានា​ដែលមាន​បំណង​ធ្វើការ​វិនិយោគ ឬ​សុំ​អាជ្ញា​​ប័ណ្ណ​ត្រូវ​ចុះបញ្ជី​នៅ TR ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​នៃ​កា​រវិ​និ​យោគ​នានា​៕