ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​-​ជប៉ុន ក្នុង​រយៈ​ពេល​​ ១១ ​ខែ​ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​សរុប​ជិត​ ១,៨ ​ពាន់​លាន​ដុល្លារ កើន​ជាង ១៣​ ភាគ​​រយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​ ២០២១ ដោយ​ក្នុងនោះ​ទឹកប្រាក់​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន​ មាន​ចំណែក​ជិត ៦០​ ភាគរយ​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​តារាង​ស្ថិតិ​ជញ្ជីង​ពា​ណិ​ជ្ជ​កម្ម​ទំនិញ​នៃ​អគ្គនាយកដ្ឋាន​គយ ឱ្យដឹងថា ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា និង​ជប៉ុន​រយៈពេល ១១ ​ខែ​ឆ្នាំ ​២០២២ មាន​ទឹកប្រាក់​សរុប ១៧៨៩,៤៤​ លាន​ដុល្លារ កើន ១៣,១​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន ដែលមាន​ចំនួន ១ ៥៨២,០៩ ​លាន​ដុល្លារ​។ ទឹកប្រាក់​នៃ​ការនាំចេញ​របស់​កម្ពុជា មាន ១ ០៦៩,៣៧​ លាន​ដុល្លារ កើន ៦,៨ ​ភាគរយ និង​នាំ​ពី​ប្រ​​ទេស​ជប៉ុន​មក​កម្ពុ​ជាមាន ៧២០,០៧​ លាន​ដុល្លារ កើន ២៤​ភាគរយ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង និយាយថា ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ជប៉ុន បាន​កើន​ឡើងជា​លំដាប់​ដោយសារ​រដ្ឋា​ភិ​បាល​ប្រទេស​ទាំង ២ មាន​ទំនាក់ទំនង​ការទូត​ល្អ​ជាមួយគ្នា ហើយ​ចំនួន​ក្រុម​ហ៊ុន​ជប៉ុន​វិនិយោគ​នៅ​កម្ពុជា​ក៏មាន​កាន់តែច្រើន​ដែរ​។ លោក​បន្តថា ជប៉ុន​ជា​ប្រទេស​មាន​ឧស្សាហកម្ម​រីកចម្រើន និង​គុណភាព​ជីវិត​រស់​នៅមានកម្រិត​ខ្ពស់ ដូច្នេះ​កម្ពុជា​មានឱកាស​ច្រើន​ក្នុង​ការនាំ​ទំនិញ​ទៅ​ជប៉ុន ពិសេស​ផលិត​​ផល​កសិកម្ម​។​

​លោក​និយាយប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «​សម្រាប់​ខ្ញុំ​ទីផ្សារ​ជប៉ុន​នឹង​បន្ត​ស្រូបយក​កាន់តែច្រើន​ទៀត​នូវ​ផលិតផល​កម្ពុជា ជាពិសេស​ផលិតផល​កសិកម្ម ដែល​កម្ពុជា​ផលិត​បាន​ច្រើន​ជា​រៀង​រាល់​ឆ្នាំ​។ ទោះយ៉ាងណា​យើង​ត្រូវ​ចាំ​ថា ទីផ្សារ​ជប៉ុន​មាន​តម្រូវការ​ស្តង់ដា​ខ្ពស់ ដូច្នេះ​យើង​ត្រូវតែ​ខិតខំ​សម្រិត​សម្រាំង​គុណភាព​ថែមទៀត​»​។​

​ផលិតផល​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​ជប៉ុន មានដូចជា សម្លៀកបំពាក់ ស្បែកជើង គ្រឿង​បង្គុំ និង​កសិផល ចំណែក​ជប៉ុន​នាំ​ចូលមក​កម្ពុជា​វិញ​មាន ផលិតផល​គ្រឿង​ម៉ាស៊ីន រថយន្ត គ្រឿង​អេឡិចត្រូនិក និង​គ្រឿងចក្រ​សម្រាប់​វិស័យ​កសិកម្ម​ជាដើម​។ នេះ​បើតាម​លោក លឹម ហេង​។​

​ក្នុងន័យ​បង្កើន​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជប៉ុន​ឱ្យធ្វើ​ដំណើរ​មក​កម្ពុជា​ឡើងវិញ​បន្ទាប់ពី​ធ្លាក់ចុះ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​កម្ពុជា លោក ថោង ខុន កាលពី​ចុងខែ​វិច្ឆិកា បានស្នើ​ឱ្យ​ឯក​អគ្គរាជទូត​ជប៉ុន​ជិត​ផុត​អាណត្តិ លោក Mikami Masahiro ជួយ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន ANA បើក​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​តូ​ក្យូ មកកាន់​ទីក្រុង​ភ្នំពេញ​ឡើងវិញ​។​

​បើ​យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា​ជប៉ុន គឺជា​ប្រទេស​ដែលមាន​អ្នក​មក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ច្រើនជាងគេ​ទី​ ៥ បន្ទាប់ពី​ប្រទេស​ចិន កូរ៉េ​ខាង​​ត្បូង សិង្ហ​បុរី និង​វៀតណាម​៕