ភ្នំពេញៈ ប្រទេស​កម្ពុជា ​រកចំណូលបាន​ជាង​ ៣ ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​កសិផល​ក្នុង​រយៈពេល​ ១០ ​ខែ​ដើម​ឆ្នាំនេះ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ជា​ពិសេស​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់​ដូចជា​ទីផ្សារ​ចិន និង​កូរ៉េខាងត្បូង​ដែល​បាន​បើក​ទីផ្សារ​កាន់តែ​ធំ​ដល់​កសិផល​កម្ពុជា​ដោយ​រួច​​ពន្ធ​នាំចូល តាមរយៈ​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​ទើប​ចូល​ជា​ធរមាន​។​

​យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២០ ធ្នូ ការប៉ាន់ស្មាន​តម្លៃ​គិត​ជា​ទឹកប្រាក់ រយៈពេល​ ១០ ​ខែ ឆ្នាំ​២០២២ ដែល​ទទួលបាន​ពី​ការនាំចេញ​កសិផល មាន​ចំនួន ៣ ០៦៩ ៩៧២៣៤៩​ ដុល្លារ​អាមេរិក​។ សម្រាប់​ការនាំចេញ​ទាំងនោះ​រួមមាន​ការនាំចេញ​អង្ករ​មាន​បរិមាណ​ចំនួន​ ៥០៩ ២៤៩​ តោន​កើន​ឡើង ១០.៦៧% មាន​ទឹកប្រាក់ ៤៣៥ ៤០៧ ៨៩៥ ​ដុល្លារ​; ការនាំចេញ​ស្រូវ​មាន​បរិមាណ ២ ៤៤០ ១១២​ តោន ថយចុះ​ ៨,២៧%​ មាន​ទឹកប្រាក់ ៤៩២៩០២ ៦២៤​ ដុល្លារ​។

​ចំណែក​ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​​អង្ករ​មាន​បរិមាណ ៤ ៦៦៩ ៩៧៤​ តោន​កើន​ឡើង ១០,៦៣% មានទឹក​ប្រា​ក់ជាង​ ២​ ពាន់​លាន​ដុល្លារ​។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២១ ខែធ្នូ​ថា លោក​សង្កេតឃើញថា ការដាំដុះ​បាន​បន្ត​រក្សាបាន​កំណើន​ជា​រៀងរាល់ឆ្នាំ ដែលជា​ការបើក​លទ្ធភាព​ឱ្យ​កម្ពុជា​ធ្វើការ​នាំចេញ​កាន់តែច្រើន​ទៅកាន់​ទីផ្សារ​អន្តរជាតិ ជាពិសេស បាន​កំពុង​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង កម្ពុជា​-​កូរ៉េ និង​កិច្ចព្រមព្រៀង RCEP ផង​នោះបាន​បើក​ទីផ្សារ​កាន់តែ​ទូលាយ​សម្រាប់​ការ​នាំចេញ​កសិផល​របស់​កម្ពុជា​។​

​លោក​បាន​ថ្លែងថា​៖ «​ជាមួយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ គឺ​យើង​ទទួលបាន​ការ​រួច​ពន្ធ​ច្រើន​សម្រាប់​ផលិតផល​ក​សិ​​កម្ម​របស់​យើង ហេតុ​ដូច្នេះហើយ យើង​បាន​កំពុង​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​កាន់តែច្រើន​ក្នុង​ការជំរុញ​ការដាំដុះ និង​ការនាំចេញ​។ លើសពីនេះ​ទៅ ទៀត​ខ្ញុំ​សង្កេតឃើញថា នាពេល​បច្ចុប្បន្ននេះ ផលិតផល​កសិកម្មរ​បស់​យើង​ក៏​ផលិត​តម្រូវ​ទៅតាម​ទីផ្សារ​នាំចេញ​ផងដែរ ដូចជា ស្រូវ អង្ករ ពោត ស្វាយ ផ្លែ​ចេក គឺ​កាន់តែ​មានគុណ​ភាពល្អ​សម្រាប់​ការនាំចេញ​»​។

​លោក គី សេរី​វឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ក៏បាន​លើកឡើង​ដែរ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​កម្ពុជា​បានធ្វើការ​អភិវឌ្ឍ​វិស័យ​ផលិត​កម្ម​កែច្នៃ និង​បាន​ពង្រឹង​នូវ​គុណភាព​កសិផល​របស់ខ្លួន​បាន​ច្រើន​ដើម្បី​តម្រូវ​ទៅតាម​ទីផ្សារ​នាំចេញ​។

​លោក​បាន​ថ្លែង​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ឃើញថា​វិស័យ​កែច្នៃ​របស់​យើង ក៏បាន​កំពុង​ទាក់​ទាញ​វិនិយោគិន​ច្រើន​ផងដែរ ដែល​បាន​ចូលរួមចំណែក​ក្នុងការ​ផ្តល់​សក្តានុពល​ក្នុងការ​បង្កើត​ការងារ​ដល់​កសិករ និង​ផ្តល់​ចំណូល​ដល់​ពួកគាត់​ផងដែរ​»​។​

​ជាមួយនឹង​កំណើន​នៅក្នុង​វិស័យ​កសិកម្ម​នេះ លោក លឹម ហេង បានលើកឡើង​នូវ​ទស្សន​ទាន​មួយចំនួន​ដើម្បី​រក្សា​និរន្តរ​​ភាព និង​កំណើន​វិស័យ​ក​សិ​កម្ម​ក្នុងស្រុក​បាន ចាំបាច់​ត្រូវ​បង្កើន​ទីផ្សារ​នាំចេញ រួមមាន​ជំរុញ និង​បង្កើន​ការនាំចេញ​លើ​ផលិតផល​កសិកម្ម ឱ្យអស់​លទ្ធភាព​, បែបបទ​នៃ​ការនាំចេញ​-​នាំចូល​នៅ​ច្រក​ចេញចូល​តែមួយ​, ការបែងចែក​ក្នុងការ​គ្រប់គ្រង​ការផលិត និង​ការនាំចេញ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យបាន​ច្បាស់លាស់​,​ស្នើសុំ​លើកលែង​ពន្ធអាករ​នានា និង​ថ្លៃ​សេវា​ផ្សេងៗ​, ពន្ធ​កាត់​ទុក​ផ្សេងៗ និង​ពន្ធអាករ​បន្ថែម ១០​ ភាគរយ​; ថ្លៃ​សេវា​លើ​ឯកសារ​សាធារណៈ និង​ការផ្តល់​សេវាសាធារណៈ​ត្រូវ​តែ​ផ្តល់នៅ​ច្រកចេញចូល​តែមួយ​នៅតាម ឃុំ សង្កាត់ និង​ការផ្ដល់​តាមរយៈ​អន​ឡាញ​ជាដើម​៕