ភ្នំពេញៈ កម្ពុជា​ទទួលបាន​ឥណទាន​ចំនួន ២៧៤ លាន​ដុល្លារ​ពី​ធនាគារពិភពលោក ដើម្បី​ជំរុញ​ការស្តារ​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ពី​វិបត្តិ​នាពេល​ថ្មីៗ​នេះដែល​បណ្តាលមកពី​ការរីក​រាលដាល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​​ ១៩ ​អស់​រយៈពេល​ជាង ​២ ឆ្នាំ​មកនេះ​។​

​ធនាគារ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​មួយ​នេះ​បានឱ្យដឹងថា ក្រុមប្រឹក្សា​​នាយក​ប្រតិបត្តិ​របស់ខ្លួន​កាលពី​ថ្ងៃទី​ ២០ ខែធ្នូ បានអនុម័ត​លើ​ការផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ប្រទេស​កម្ពុជា​ព្រោះ​វា​នឹង​រួមចំណែក​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ពង្រឹង​ភាព​ធន់​របស់​កម្ពុជា​។​

​ធនាគារ​នេះ បានឱ្យដឹងថា ហិរញ្ញប្បទាន​នេះ ទ្រទ្រង់​ដល់​កំណែទម្រង់​នឹង​សម្រួល​ដំណើរ​ការចុះបញ្ជី​អាជីវកម្ម លើកកម្ពស់​ការប្រកួត​ប្រជែង និង​ពង្រីក​លទ្ធភាព​ទទួលបាន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​។

កំណែទម្រង់​ផ្សេងទៀត​នឹង​បង្កើន​ភាព​ធន់​នឹង​សារ​ពើ​ពន្ធ រួមទាំង​ការកែលម្អ​ការ គ្រប់គ្រង​ភាពជា​ដៃគូ​រវាង​ផ្នែក​សាធារណៈ និង​ឯកជន និង​ការសម្រួល​ដល់​ការលក់​បំណុល​របស់រ​ដ្ឋា​ភិ​បាល​នៅក្នុង​ទីផ្សារ​ក្នុងស្រុក​។

​លោកស្រី ម៉ា​រៀម សា​លីម ប្រធាន​គ្រប់គ្រង​របស់​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា បាន ឱ្យដឹងថា ខណៈដែល​យុទ្ធសាស្ដ្រ​«​រស់នៅ​ជាមួយ​កូ​វីដ​១៩» បាន​ជួយ​ស្ដារ​សេដ្ឋកិច្ច​ឱ្យ​រើប​ឡើង វិញ​ក៏ពិតមែន ប៉ុន្តែ​កម្ពុជា​នៅតែ​ងាយ​រងគ្រោះ​ដោយសារតែ​ចរន្ត​ធ្លាក់ចុះ​តម្រូវការ​ក្រៅប្រទេស និង​ការរអាក់រអួល​នានា​នៅក្នុង​ខ្សែចង្វាក់​ផ្គត់ផ្គង់​នៅឡើយ​។​

​លោកស្រី​ថ្លែងថា​៖ «​ប្រតិបត្តិ​ការ​របស់​ហិរញ្ញប្បទាន​មួយ​នេះ នឹង​ជួយ​កម្ពុជា​ក្នុងការ​ជំរុញ​ភាព​ប្រកួតប្រជែង​របស់​ផ្នែក​ឯកជន ពង្រឹង​ស្ថានភាព​សារ​ពើ​ពន្ធ​របស់​កម្ពុជា និង​ផ្ដល់ ជំនួយ​ដល់​ប្រជាជន​ងាយ​រង​គ្រោះ​បំផុត​របស់ខ្លួន​»​។​

​ធនាគារ​មួយ​នេះ​បានចង្អុលបង្ហាញ​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ​ពី​ជំងឺ​រាតត្បាត​កូ​វីដ​ ១៩ ដោយ​ធ្វើឱ្យ​ផលិតផល​ក្នុងស្រុក​សរុប​បាន​ធ្លាក់ចុះ​ដក ៣,១​ ភាគរយ​ក្នុង​​ឆ្នាំ​ ២០២០ ដែលជា​ការធ្លាក់ចុះ​ដ៏​ខ្លាំង​លើកដំបូង​ក្នុង​រយៈពេល​ ៣០​ ឆ្នាំ​ចុង​ក្រោយនេះ​។ ការ​​វិភាគ​ទិន្នន័យ​បានបង្ហាញ ថា អត្រា​នៃ​ភាពក្រីក្រ​បាន​កើន​ឡើង​ចំនួន ២,៨ ភាគរយ រុញ​មនុស្ស​ប្រហែលជា ៤៦០​ ពាន់​នាក់ ឱ្យ​ធ្លាក់​ក្នុង​ភាពក្រីក្រ​វិញ​។

​រដ្ឋាភិបាល​បាន​ឆ្លើយតប​យ៉ាង​រហ័ស និង​ប្រកបដោយ​ប្រសិទ្ធភាព​ទៅនឹង​ជំងឺ​រាតត្បាត តាមរយៈ​អន្តរាគមន៍​ជួយ​ដល់​អាជីវកម្ម និង​គ្រួសារ​ងាយ​រងគ្រោះ ប៉ុន្តែ​ដោយសារតែ​ចំណាយ​ពាក់ព័ន្ធ​មានការ​កើន​ឡើង រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ពង្រឹង​មូលដ្ឋាន​សារពើពន្ធ​ឱ្យបាន​រឹងមាំ ចាប់ពីពេលនេះ​ទៅមុខទៀត​។​ «​ទោះបីជា​សេដ្ឋកិច្ច​បាន​​ងើបឡើង​វិញ​នៅ​ឆ្នាំ​ ២០២១ និង ​២០២២ មែន​ក្ដី បរិយាកាស​ចុះខ្សោយ​នៅ​ខាងក្រៅ មានន័យថា លទ្ធភាព​វិល​ទៅ​ទទួលបាន​អត្រាកំណើន​ដ៏​រឹងមាំ​ដែល​ធ្លាប់មាន​នៅមុន​ការផ្ទុះ​ជំងឺ​​រាតត្បាត ពិតជា​នឹងមិន​ងាយ​រក​បានទេ​។

សង្គ្រាម​ដែល​នៅ​បន្ត​មាន​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ការ​​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​នៅ​អាមេរិក ដែលជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​របស់​កម្ពុជា និង​កំណើន​នៅក្នុង​ប្រទេស​ចិន កត្តា​ទាំងអស់នេះ​នឹង​ជះឥទ្ធិពល​មិនល្អ​មកលើ​ទស្សនវិស័យ​ពាណិជ្ជកម្ម​របស់​កម្ពុជា​។ ប្រទេស​នេះ​ក៏​ងាយ​​រងគ្រោះ​ខ្លាំង​ពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​ផងដែរ ដោយសារ​ត្រូវ​ប្រឈម​នឹង​ទឹក​ជំនន់ និង​គ្រោះរាំងស្ងួត​ញឹក​​ញាប់​»​។ នេះ​បើ​យោងតាម​ធនាគារពិភពលោក​៕