ភ្នំពេញៈ មន្ត្រី​អាកាសចរណ៍​​ស៊ីវិល និង​វិស័យ​ឯកជន​ស្វាគមន៍​គម្រោង​បង្កើត​គម្រោង ផ្លូវ​សូត្រ​អាកាស​ «China''s Air Silk Road» ដែល​នឹង​រៀបចំ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ Cambodia Angkor Air ដើម្បី​កំណត់​យក​ភ្នំពេញ​-​សៀមរាប ជា​មជ្ឈមណ្ឌល​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន និង​ក្នុង​តំបន់​អាស៊ាន​ឱ្យបាន​កាន់តែ ច្រើន​បន្ថែមទៀត​។

​គម្រោង​ផ្លូវ​សូត្រ​អាកាស​នេះ​ត្រូវ​បានលើកឡើង​ដោយ​លោក តឹក​រ៉េត សំរេច ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល​ក្រុមហ៊ុន Cambodia Angkor Air នៅក្នុង​កម្មវិធី​មួយ​កាលពី​ថ្ងៃទី​ ១៦ ធ្នូ​។ លោក​បាន​ថ្លែង​បញ្ជាក់ថា​ដោយមាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​ចិន ក្រុមហ៊ុន​នឹង​រៀបចំ​បង្កើត​គម្រោង​មួយ​នេះ​ដែល​ចង់ឱ្យ​ភ្នំពេញ​-​សៀមរាប ជា​មជ្ឈមណ្ឌល ក្នុង​ការទទួល​ភ្ញៀវទេសច​រ​ពី​អាស៊ាន ហើយ​ភ្ជាប់​ពី​អាស៊ាន ទៅកាន់​ប្រទេស​ចិន ហើយ​ភ្ជាប់​ពី​ចិន​មក​ភ្នំពេញ​-​សៀមរាប និង​ទៅកាន់​ប្រទេស​គោលដៅ​នៅក្នុង​អាស៊ាន​។​

​លោក ស៊ិន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​លេខាធិការដ្ឋាន​​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​បាន​សាទរ​ចំពោះ​ផែនការ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​មួយ​នេះ​លើ​ផែនការ​ទាក់​​ទាញ​ភ្ញៀវទេសចរ​ចិន និង​ពី​ក្នុង​តំបន់ ខណៈដែល​ស្ថាន​​ភាព​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ បាន​កំពុង​ថមថយ ឬ​គ្រប់គ្រង​បាន​។​

​លោក​បាន​ថ្លែងថា​៖ «​យើង​ចង់​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ឱ្យមក​ទស្សនា​ប្រទេស​យើង​ឡើងវិញ ដោយសារតែ​ឥឡូវ​រដ្ឋាភិបាល​ចិន​បាន​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​រឿង​ជំងឺ​កូ​វីដ​សឹងតែ​ដូច​ប្រទេស​នានា​ហើយ​។ ហេតុដូច្នេះ​វា​ជា​រឿង​ចាំបាច់​របស់​យើង​គឺ​ត្រូវ​ផ្សព្វផ្សាយ​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ឡើងវិញ​»​។

​លោក​ថ្លែងថា​៖ «​យើង​រៀបចំ​គម្រោង​នេះ​ឡើង ព្រោះ​ភាគ​ហ៊ុ​និក​ថ្មី​ដែល​កាន់កាប់​ភាគហ៊ុន​ច្រើន​នៅក្នុង​ក្រុមហ៊ុន​អាកាស​ចរណ៍​ជាតិ​យើង គឺ​គាត់​មាន​បទពិសោធ និង​ទីផ្សារ​នៅ​ស្រុក​ចិន​ស្រាប់​»​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​​ប៉ាស៊ីហ្វិក​កម្ពុជា​ថ្លែងថា ផែន​ការ​នេះ​នឹង​ជួយ​ត​ភ្ជាប់​កម្ពុជា​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់​កាន់តែ​ទូលំទូលាយ ជាពិសេស​ទីផ្សារ​ចិន​។

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​គាំទ្រ​សម្រាប់​គម្រោង​នេះ ព្រោះថា វា​ជា​រឿង​មួយ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​យើង​ក្នុងការ​ត​ភ្ជាប់​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ាន ជាពិសេស​ប្រទេស​ធំៗ​ដូចជា​ឥណ្ឌូនេស៊ី ជាដើម​។ ខ្ញុំ​សង្ឃឹមថា ប្រសិនបើ​យើង​អនុវត្ត​ទៅតាម​ផែនការ​នេះ យើង​នឹង​អាច​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​ច្រើន​ទាំងពី​ក្នុង​តំបន់ និង​ប្រទេស​ចិន​»​។

​លោក សំរេច ថា សម្រាប់​ឆ្នាំ ​២០២៣ ក្រុមហ៊ុន​នឹង​ពង្រីក​បន្ថែម​នូវ​ការហោះហើរ​ជាច្រើន​ទៀត ទៅកាន់​ទីក្រុង​ហៃ​គូ ហាំង​ចូ​វ សៀង​ហៃ ប៉េកាំង នៃ​ប្រទេស​ចិន និង​សិង្ហ​បុរី ដែល​អាចមាន​អ្នកដំណើរ​កើនឡើង ចំនួន​ ៦៥០ ០០០​នាក់ ប្រមាណ​ជា​ជិត ១០ ០០០ ​ជើង និង​បាន​នាំយក​យន្តហោះ​ថ្មី ATR72 ១​គ្រឿង និង Airbus A320 ១ ​គ្រឿង​៕