ភ្នំពេញៈ ប្រធាន​សមាគម​មៀន​ប៉ៃលិន និង​តំណាង​ក្រុមហ៊ុន ពេជ្រ​ចិន្តា ដែលជា​ក្រុមហ៊ុន​សម្អាត កែច្នៃ និង​វេចខ្ចប់​ផលិតផល​មៀន​ប៉ៃលិន បាន​និយាយថា ការដាក់​លក់​មៀន​ប៉ៃលិន ជា​ផ្លូវការ​លើ​ទីផ្សារ​អន​ឡាញ Alibaba Group របស់​ចិន​គឺ ជា​សញ្ញា​វិ​ជ្ជ​មាន​ក្នុង​ការបើក​ទីផ្សារ​ធំ​បន្ថែមទៀត​សម្រាប់​ផលិតផល​របស់ខ្លួន​មិន​ត្រឹមតែ​ទីផ្សារ​ចិន​នោះទេ ប៉ុន្តែ​សម្រាប់​ទីផ្សារ​ពិភព​លោក ក្រោយពេល​កម្ពុជា​-​ចិន​អនុវត្ត​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ជ​កម្ម​សេរី​។​

​ផ្លែ​មៀន​ស្រស់ បាន​ក្លាយជា​ផលិតផល​កសិផល​ទី​៣ របស់​កម្ពុជា​ដែល​អាច​នាំទៅ​លក់​នៅ​ទីផ្សារ​ចិន​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ២៧ ខែតុលា បន្ទាប់ពី​ផ្លែស្វាយ និង​ចេក​។​

​លោក នាង សំរិត​កុមារ អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​សៀង​ហៃ​ (​ប្រទេស​ចិន​) បាន​ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News កាលពី​ថ្ងៃទី​ ២១ ធ្នូ ថា មៀន​ប៉ៃលិន​បាន​សម្ពោធ​ដាក់លក់​លើ​ទីផ្សារ​អន​ឡាញរ​បស់ Alibaba Group កាលពី​ថ្ងៃ​ពី​ ១២ ខែធ្នូ ឆ្នាំ ​២០២២ នៅ​ទីក្រុង​ហាន់​ចូ​វ ខេត្ត​ជឺ​ជាំ​ង​។​

​លោក​ត្រូវបាន​ដកស្រង់​សម្តី​ថា​៖ «​តាមរយៈ​ការផ្សព្វផ្សាយ​ផលិតផល​កម្ពុជា​លើ​បណ្តាញ​ឌីជីថល​របស់​ចិន នឹងធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​នៅ​ចិន​កាន់តែច្រើន​អាច​ស្គាល់​ផលិតផល​កសិកម្ម​កម្ពុ​ជា ព្រោះ​ជាទី​ផ្សារ​ធំ មាន​ប្រជាជន​ជាង ១ ៤០០​ លាន​នាក់​។ នៅ​ថ្ងៃ​ខាងមុខ​ផលិត​ផល​ខ្មែរ​ផ្សេងទៀត​ដូចជា ចេក និង​ស្វាយ ក៏​នឹងមាន​វត្តមាន​នៅលើ​ទីផ្សារ​នេះដែរ​»​។​

​ប្រធាន​សមាគម​មៀន​ប៉ៃលិន លោក សួស ស៊ី​យ៉ា​ត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២២ ខែវិច្ឆិកា​ថា ការដាក់​លក់​មៀន​ប៉ៃលិន​លើ​វេ​ប​សាយ​ដ៏​ល្បី​នេះ គឺ​មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង​ពី​ការបើក​ទូលាយ​ទីផ្សារ​នៅក្នុង​ប្រទេស​ចិន​សម្រាប់​ផ្លែ​មៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​បង្ហាញ​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​រីក​​រាយ និង​ជា​កិត្តិយស​របស់​ប្រ​​ទេស​យើង​ដែល​ផលិតផល​ផ្លែ​មៀន​យើង​ត្រូវបាន​ដាក់លក់​លើ​វេ​ប​សាយ Alibaba ដែលជា​ការលើកទឹកចិត្ត​ដល់​យើង​ជា​អ្នក​នាំចេញ និង​ក្រុមហ៊ុន​ពាក់​ព័ន្ធ​នានា​ក្នុងការ​ពង្រីក​និង​បង្កើន​លទ្ធភាព​នាំចេញ និង​ដាំ​ដុះ​។ យើង​សង្ឃឹមថា​មៀន​យើង​មាន​ទីផ្សារ​កាន់តែ​ធំ​បន្ថែមទៀត​»​។​

​លោក ភ​ត់ សុផាន់​បូរី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ពេជ្រ​ចិន្តា ដែលជា​ក្រុមហ៊ុន​សម្អាត កែច្នៃ និង​វេច​ខ្ចប់​ផលិត​ផល​មៀន​ប៉ៃលិន​ផ្គត់ផ្គង់​នៅក្នុង​ស្រុក បាន​ប្រាប់ថា ការដាក់​លក់​មៀន​ប៉ៃលិន នៅក្នុង​ទីផ្សារ Alibaba នឹង​ជំរុញ​ឱ្យ​បណ្តា​ប្រ​ទេស​ដទៃ ទទួលស្គាល់​ពី​គុណ​ភាព​មៀន​ប៉ៃលិន​កម្ពុជា​កាន់តែច្រើន​។ លោក​បន្តថា បន្ទាប់ពី​មៀន​ត្រូវ​បា​នាំ​ចេញទៅ​ទីផ្សារ​ចិន​មាន​ក្រុមហ៊ុន​មួយចំនួន​មកពី​ប្រទេស​ចិន ថៃ ម៉ាឡេស៊ី​ជា​ដើម​ចង់​មក​សហការ​ដើម្បី​រៀប​ចំ​ដំណើរ​នាំចេញ​។​

​លោក​បន្ថែមថា​៖ «​បច្ចុប្បន្ន​លោក​កំពុងមាន​ដៃគូ​មក​ចរចា ក៏ប៉ុន្តែ​យើង​មិនទាន់​ថា គ្រោង​នឹង​ផ្គត់ផ្គង់​ឱ្យ​មួយណា​នោះទេ ព្រោះ​យើង​កំពុងដំណើរការ​ធ្វើឱ្យ​រួចរាល់​។ ណាមួយ​យើង​ជា​ក្រុមហ៊ុន​ខ្មែរ យើង​ខ្វះ​ទុន​ក្នុង​ការពង្រីក និង​ពង្រឹង ក៏ប៉ុន្តែ​ផែនការ​យើង​កំពុង​ធ្វើ​រាល់ថ្ងៃ បើ​យើង​ធ្វើ​រួចរាល់​ក្នុង​ ២​ ថ្ងៃ​យើង​អាច​ផ្គត់ផ្គង់​បាន​ចន្លោះ​ពី​ ៦០ ​តោន ទៅ ​៩០​ តោន​»​។​

​លោក​បន្ថែមថា សម្រាប់​ទិន្ន​​ផល​មៀន​ប៉ៃលិន​ក្នុង​ ១​ ឆ្នាំ​គឺ​បាន​ក្នុង​រង្វង់ ​១០​ ម៉ឺន​តោន​។ ផល​នេះ​នឹង​កើន​ចន្លោះ​ពី ១០-១៥ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​៕