​ភ្នំពេញៈ ក្រុមហ៊ុន Royal Railway PLC ដែលជា​បុត្រ​សម្ព័ន្ធ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ពហុ​វិស័យ Royal Group បាន​បោះផ្សាយ​មូល​ប​ត្រ​បំណុល​ជុំ​ទី​២ ​របស់ខ្លួន​ក្នុងតម្លៃ ២៤​ លាន​ដុល្លារ​នៅលើ​ផ្សារ​ហ៊ុន​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ និង​ការរីកចម្រើន​ជា​បន្តបន្ទាប់​នៃ​បណ្តាញ​ផ្លូវដែក​នៅ​កម្ពុជា​។​

​ការចុះបញ្ជី​ទី​២ ជា​ផ្លូវការ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​ ២២ ខែធ្នូ ក្រោម​ការធានា​ដោយ​ក្រុមហ៊ុន Guarant Co ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ហេ​ដ្ឋា​រ​ច​នា​សម្ព័ន្ធ​ឯកជន ដើម្បី​គាំទ្រ​ការ​​ផ្តល់​ចំណាត់ថ្នាក់​ឥណទាន​ខ្ពស់​សម្រាប់​វិនិយោគិន​។ ការចុះ​បញ្ជី​ទី១ របស់​ក្រុមហ៊ុន​គឺ​នៅ​ថ្ងៃទី​ ៣០ ខែតុលា ដោយ​ប្រមូល​មូលនិធិ​បាន ​១០ លាន​ដុល្លារ​។​

​លោក គិត ម៉េង ប្រធាន​ក្រុម​​ប្រឹក្សា​ភិ​បាល​ក្រុមហ៊ុន Royal Group បានឱ្យដឹងថា ទឹកប្រាក់​ចំនួន​ ២៤​ លាន​ដុល្លារ​ដែល​បាន​ចុះបញ្ជី​មូល​ប​ត្រ​បំណុល​នេះ​ខ្លួន​នឹង​អភិវឌ្ឍ​ជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​លើ​វិស័យ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវដែក ដើម្បី​គាំទ្រ​ដល់​ការកើនឡើង​នូវ​តម្រូវ​ការដឹក​​ជញ្ជូន​របស់​កម្ពុ​ជាតា​មរយៈ​ការ​បង្កើន​សមត្ថភាព​ការដឹកជញ្ជូន​ប្រកបដោយ​សុវត្ថិភាព និង​ការចំណាយ​ទាប​។​

​លោក​បញ្ជាក់ថា​៖ «​មូល​ប​ត្រ​​បំណុល​នេះ គឺជា​ការប្តេជ្ញាចិត្ត​រប​ស់​ខ្ញុំ​សម្រាប់​ការរីកចម្រើន​ផ្លូវដែក បន្ថែម​សេវាកម្ម​ថ្មី​»​។​

​លោក​​ ហុង សុ​ហួរ អគ្គនាយក​​ក្រុមហ៊ុន​ផ្សារ​ហ៊ុន​កម្ពុជា​ (CSX) បានឱ្យដឹងថា ជាមួយនឹង​ការចុះបញ្ជី​ជា​លើក​ទី​២ របស់​ Royal Railway គឺ​ឆ្លុះបញ្ចាំង​ពី​ការទុកចិត្ត​របស់​ក្រុមហ៊ុន​ឯក​ជន ក្នុងការ​ប្រមូល​មូលនិធិ​ពី​ទីផ្សារ​មូលធន​សម្រាប់​ព​ង្រី​ក​អាជីវកម្ម​របស់​ពួកគេ​។​

​លោក​ថ្លែងថា​៖ «​យើង​អបអរ​សាទរ​ចំពោះ Royal Railway ដែល​បាន​សម្រេចចិត្ត​ប្រមូល​មូលនិធិ​បន្ថែម​ពី​ទីផ្សារ​មូលធន​ដើម្បី​ជា​ប្រភព​មូលនិធិ​សម្រាប់​ការពង្រីក​អាជីវកម្ម​របស់​ក្រុម​ហ៊ុន​។ យើង​ឃើញថា ឥឡូវនេះ​មាន​ក្រុមហ៊ុន​ធំៗ​ជាច្រើន​កំពុង​តម្រង់​ជួរ​សម្រាប់​ការចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​នៅ​ឆ្នាំក្រោយ​នោះ​គឺជា​សញ្ញា​ល្អ សម្រាប់​ការ​អភិ​វ​ឌ្ឍ​ទីផ្សារ​មូលធន​យើង​»​។​

​លោក ស៊ូ សុជាតិ និយតករ​​មូល​ប​ត្រ​កម្ពុជា ​(SERC)​ បានឱ្យដឹងថា នេះ​ជាការ​ចុះបញ្ជី​មូល​ប​ត្រ​បំណុល​ទី​ ២ ដែល​ចុះ​បញ្ជី​ដោយ Royal Railway លើ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ដែល​ប្រាក់ចំណូល​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​បន្ត​ការអភិវឌ្ឍ និង​ពង្រីក​ទ្រព្យសម្បត្តិ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់​ក្នុងប្រទេស​កម្ពុជា​។

​លោក​ថ្លែងថា​៖ «​មូល​ប​ត្រ​បំ​​ណុល​នេះ​គឺជា​មូល​ប​ត្រ​បំណុល​ហេដ្ឋារចនាសម្ព័ន្ធ​មុនដំបូង​គេ​ដែល​បាន​ចុះបញ្ជី​នៅ​ប្រទេស​កម្ពុជា​។ វា​មាន​លក្ខណពិសេស​ជាច្រើន​ដែលមាន​សក្តានុពល​ក្នុងការ​ផ្លាស់ប្តូរ​ដើម្បី​ដឹកនាំ​ការ​​ផ្តល់​មូលនិធិ​ហេដ្ឋារចនាសម្ព័ន្ធ​នាពេល​អនាគត​តាមរយៈ​ទីផ្សារ​មូលធន​ក្នុងស្រុក​ក្នុងប្រទេស​។ មូល​ប​ត្រ​បំណុល​ក៏​កំណត់​ផង​ដែរ​នូវ​គោលដៅ​មួយ​ដែល​បានផ្តល់​ការវាយតម្លៃ Kh-AAA ដោយ​ទីភ្នាក់ងារ​វាយតម្លៃ​ដែល​បាន​បង្កើតឡើង​ថ្មី​នៃ Rating Agency (Cambodia) Plc (​ខេ​ម​បូ​ឌា​) ភីអិលស៊ី​។​

​យោងតាម​ក្រុមហ៊ុន វិ​និ​យោ​គិ​ន​មូល​ប​ត្រ​បំណុល​រួមមាន​ Prudential (Cambodia), Life Assurance Plc និង Manulife (Cambodia) Plc ហើយ​បណ្ណ​បំណុល​ត្រូវបាន​វាយតម្លៃ Kh-AAA Rate Agency of (Cambodia) Plc ដោយ​ទីភ្នាក់ងារ​វាយតម្លៃ (​ខេ​ម​បូ​ឌា​) ភីអិលស៊ី​។​

​មូល​ប​ត្រ​បំណុល​ទី២ ​នេះ​ក៏​សម្រេចបាន​នូវ​មូល​ប​ត្រ​បំណុល​ដំបូង​គេ​មួយចំនួន​នៅ​ប្រទេស​កម្ពុជា​ផងដែរ​ទាក់ទង​នឹង​ការ​ក្លាយជា​មូល​ប​ត្រ​បំណុល​រយៈ​ពេល​ ១០ ​ឆ្នាំ​ដំបូង​ក្នុង​ទីផ្សារ ដែលជា​គន្លឹះ​សម្រាប់​ក្រុមហ៊ុន​ធានារ៉ាប់រង​ក្នុងស្រុក​ដើម្បី​ផ្គូ​ផ្គង​បំណុល​ពួកគេ​។​

​ក្រុមហ៊ុន Royal Railway PLC គឺជា​សមាជិក​មួយ ដែល​គ្រប់គ្រង​ទាំងស្រុង​ដោយ​ក្រុម​ហ៊ុន Royal Group​។ វា​គឺជា​ប្រតិបត្តិ​ករ​ផ្លូវដែក​របស់​ជាតិ​តែមួយ​នៅ​កម្ពុជា​។ Royal Railways ផ្តល់​សេវាកម្ម​ប្រកួត​ប្រ​ជែង​រួមមាន​ការដឹកជញ្ជូន​កុង​តឺ​ន័​រ ប្រេងឥន្ធនៈ រថយន្ត​ថ្មី ថ្ម និង​ស៊ីម៉ងត៍​។ ក្រុមហ៊ុន​ក៏​ផ្តល់​សេវា​រត់ការ​គយ និង​ឃ្លាំង​ផ្ទុកទំនិញ​ផងដែរ​។ ការដឹកជញ្ជូន​តាមផ្លូវ​ដែក​បាន​ជាង ៨៣៥ ០០០ តោន​សម្រាប់​រយៈពេល ​១១ ​ខែ​នៃ​ឆ្នាំ​ ២០២២​។ រថភ្លើង​ដឹក​អ្នកដំណើរ​ប្រតិបត្តិការ ៧ ថ្ងៃ​ក្នុង​ ១ ​សប្តាហ៍​ទៅកាន់​ខេត្ត​ព្រះសីហនុ និង​បាត់ដំបង​ដឹក​អ្នកដំណើរ​បាន​ជាង ៨ ០០០​ នាក់​ ក្នុង ១​ ខែ​៕