ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​នឹងធ្វើ​ការសិក្សា​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ភ័ស្តុភារ​កម្ម​ក្រុង​ព្រះសីហនុ​មួយទៀត បន្ទាប់ពី​ការសិក្សា​មជ្ឈមណ្ឌល​ភ័ស្តុភារ​កម្ម​ក្រុងភ្នំពេញ​នឹងត្រូវ​បញ្ចប់​និង​សាងសង់​ឆាប់ៗ ក្នុង​គោល​បំណង​បង្កើន​ប្រព័ន្ធ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទិ​ក​កាន់តែ​ល្អប្រសើរ​ឡើង ដើម្បី​មានលទ្ធភាព​កាន់​​តែ​ខ្ពស់​ក្នុងការ​ប្រកួតប្រជែង​ជា​មួយ​ប្រទេស​ក្នុង​តំបន់ ពិសេស​ដើម្បីឱ្យ​កម្ពុជា​ក្លាយជា​ច្រក​ចែក​ចាយ​ទំនិញ​ដ៏​សកម្ម​មួយ​ក្នុង​តំបន់​។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​កម្មវិធី​បើកសម្ពោធ​សមិទ្ធផលថ្មី “ផ្លូវលេខ១៤៦បេ” និង “ផ្លូវលេខ១៤៨” ​នៅ​ព្រឹក​ថ្ងៃទី ២២ ខែធ្នូ​ថា ក្រសួង​បានការ​គាំទ្រ​ពី​ធនាគារពិភពលោក​ដើម្បី​ធ្វើការ​សិក្សា​លើ​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ភ័ស្តុភារ​កម្ម​ក្រុងព្រះសីហនុ​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​វិស័យនេះ​កាន់​តែមាន​តម្លៃថោក មាន​ឧត្តមភាព​ប្រកួតប្រជែង និង​ក្លាយជា​ច្រក​ចែកចាយ​ទំនិញ​ដ៏​សំខាន់​។​

​លោក​ថ្លែងថា​៖​ «​យើង​បាន​កំពុង​សិក្សា​ជាមួយ​ក្រុមហ៊ុន​សិង្ហ​បុរី YCH ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ភ័ស្តុភារ​កម្ម​ភ្នំពេញ​ចែកចាយ​ទំនិញ​។ ឥឡូវ​យើង​បាន​ចុះ​​ហត្ថលេខា​ជាមួយ​ធនាគារពិភពលោក​សិក្សា​មជ្ឈមណ្ឌល​ភ័ស្តុភារ​កម្ម​ក្រុង​ព្រះ​សីហនុ​ទៀត ដើម្បី​ធ្វើឱ្យ​កាន់តែ​ងាយ​ស្រួល និង​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​នៃ​ផ្នែក​ឡូ​ជី​ស្ទិ​ក ការ​ចែកចាយ​ទំនិញ និង​ដឹកជញ្ជូន​កាន់តែ​ប្រសើរឡើង​»​។​

​លោក​បញ្ជាក់ថា​៖ «​បើ​យើង​មើល​ទីតាំង​ប្រទេសជាតិ​យើង គឺ​យើង​នៅ​ចំ​កណ្តាល​ប្រទេស​មហា​អនុតំបន់​មេគង្គ​ដែលមាន​កម្ពុជា វៀតណាម ថៃ ឡាវ និង​មី​យ៉ាន់​ម៉ា ដែល​ប្រទេស​កម្ពុជា​យើង​នៅ​ចំ​កណ្តាល​គេ​។ ដូច្នេះ​យើង​នឹង​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ពី​ការ​ឆ្លងកាត់​ទំនិញ ជាពិសេស​គឺ​ពី​ប្រទេស​ថៃ និង​វៀតណាម​គេ​ដឹកទំនិញ​ច្រើន​ឆ្លង​កាត់​យើង ដូច្នេះហើយ​យើង​ត្រូវ​រៀបចំ​ប្រព័ន្ធ​ដឹកជញ្ជូន និង​ភ័ស្តុភារ​កម្ម​របស់​យើង​ឱ្យ​ល្អ​ដើម្បីឱ្យ​យើង​ក្លាយជា​កន្លែង​ផលិត និង​ចែកចាយ​ដ៏​មាន​សក្តានុពល​មួយ​នៅក្នុង​តំបន់​មេគង្គ​នេះ​»​។​

​លោក ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភ័ស្តុភារ​កម្ពុជា​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២២ ខែធ្នូ​ថា គម្រោង​នេះ​នឹងធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​មាន​ភាព​ទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យ​ចូលមក​បណ្តាក់​ទុន​នៅ​កម្ពុជា​ដើម្បី​ធ្វើ​ការនាំ​ចេញទៅ​ទីផ្សារ​ក្នុង​តំបន់ និង​អន្តរជាតិ​។​

​លោក​និយាយថា​៖ «​យើង​គាំទ្រ និង​អបអរសាទរ​សម្រាប់​ការយកចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ក និង​ដឹកជញ្ជូន​នៅ​កម្ពុជា​ដែល​នឹង​ជួយ​យើង​មាន​ឧ​ត្ត​ម​ភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់​។ ការណ៍​នេះ​ក៏​នឹង​ជួយ​គាំទ្រ​ដល់​វិស័យ​ផលិតកម្ម និង​ជួយ​ជំរុញ​ការនាំចេញ​របស់​យើង​»​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍ ថា​សម្រាប់​ផែនការ​រៀបចំ​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភ័ស្តុភារ​កម្ម​នឹង​ដើរតួនាទី​ដ៏​សំខាន់​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ក និង​ដឹកជញ្ជូន គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​ចម្បង​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​ប្រ​ទេស​ក្នុង​តំបន់​តាមរយៈ​ការធ្លាក់ចុះ​នៃ​តម្លៃ និង​ក៏​នឹង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​អាច​ទាក់ទាញ​វិនិយោគិន​កាន់តែច្រើន​ឱ្យ​ចូលមក​វិនិយោគ​ក្នុង​វិស័យ​ផលិតកម្ម​ដើម្បី​នាំចេញ ដែល​ធ្វើឱ្យ​ច្រវាក់​ផលិត​​កម្ម​របស់​កម្ពុជា​កាន់​តែ​ខ្លាំង​»៕