ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​សា​​ធា​រណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​លើកឡើងថា ការសិក្សា​លើ​ជម្រើស​ចំនួន ៣ នៃ​ការកសាង​ប្រព័ន្ធ​រថភ្លើង​នៅ​ក្រុងភ្នំពេញ​ដែលមាន​តម្លៃ​ប្រមាណ ២​ ពាន់​លាន​ដុល្លារ​ត្រូវ​បញ្ចប់​រួចរាល់​ហើយ ដោយ​ក្រសួង​នឹងដាក់​របាយ​ការ​ណ៍​ទៅឱ្យ​លោកនាយក​រដ្ឋមន្ត្រី​សម្រេច​ជ្រើសរើស​នាពេល​ខាងមុខ ដើម្បី​បើកផ្លូវ​ស្វែងរក​វិនិយោគិន​មក​វិនិយោគ​។​

​ថ្លែង​ក្នុង​កម្មវិធី​មួយ​នាពេល​​ថ្មីៗ​នេះ លោក ស៊ុន ចាន់ថុល​ឱ្យដឹងថា គម្រោង​សង់​ផ្លូវ​រថភ្លើង​លើដី ក្រោម​ដី និង​បណ្តាញ​ផ្លូវ​រថភ្លើង Monorail ត្រូវបាន​គេ​សិក្សា​រួច​ទាំង ៣ ​ហើយ ដោយ​លោក​នឹង​រាយការណ៍ និង​ដាក់​ឆ្លង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន សម្រេច​ក្នុងការ​ជ្រើស​រើស​នូវ​ជម្រើស​ណាមួយ ដូច្នេះ​ក្រសួង​អាច​នឹង​ចាប់ផ្តើម​ស្វែង​រក​វិនិយោគិន​មក​វិនិយោគ​លើ​គម្រោង​នេះ​តែម្តង​។​

​លោក​ថ្លែងថា​៖ «​ផ្លូវ​រថភ្លើង​ក្រោម​ដី​នៅ​រាជធានី​ភ្នំពេញ​ក៏បាន​សិក្សា​ចប់សព្វគ្រប់​ហើយ ប៉ុន្តែ​ឥឡូវ​បាន​ស្នើឱ្យ​អ្នកសិក្សា​ធ្វើការ​កែប្រែ​បន្តិច ដូច្នេះ​យើង​កំពុង​ប្រៀបធៀប​រថភ្លើង​លើដី លើ​ Monorail លើដី និង​ក្រោម​ដី នេះ​គឺ​យើង​បាន​សិក្សា​ចប់​ទាំង ៣​ ហើយនឹង​ធ្វើ​របាយ​ការ​​ណ៍​ជូន​ប្រមុខ​រដ្ឋាភិបាល​សម្តេចនាយក​រដ្ឋមន្ត្រី​ដើម្បី​ជ្រើសរើស​តើ​ប្រព័ន្ធ​មួយណា​ល្អ​ជាង​ចំពោះ​រាជធានី​ភ្នំពេញ​យើង​?»​។​

​លោក​បន្តថា​៖ «​យើង​សិក្សា​ចប់សព្វគ្រប់​អស់ហើយ​នៅ​ភ្នំ​​ពេញ យើង​ចាំមើល​តើ​យើង​រក​អ្នកវិនិយោគ​បាន​ឬ​មិនបាន​? ប្រសិនបើ​យើង​រក​អ្នកវិនិយោគ​បាន​គឺ​យើង​នឹងធ្វើ យើង​នឹង​រក​ថវិកា​មក​ធ្វើ ព្រោះ​យើង​មិន​ចង់​ដាក់ទុន ២​ ពាន់​លាន​ដុល្លារ​ក្នុង​រាជធានី​ភ្នំពេញ​តែ​ ១ ​គត់​ទេ យើង​ចង់បាន​ផ្នែក​ឯកជន​ចូល​រួមជាមួយ​យើង​»​។

​ប្រធាន​សមាគម​ភ័ស្ដុភារ​កម្ម​កម្ពុជា លោក​ស៊ិន ច​ន្ធី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៥​ ខែធ្នូ ថា គម្រោង​សាងសង់​ប្រព័ន្ធ​រថភ្លើង​នៅ​ភ្នំពេញ​នឹង ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​ដល់​វិស័យ​ដឹកជញ្ជូន និង​ការ​ដឹកទំនិញ​នានា​ផងដែរ​។​

​លោក​បញ្ជាក់ថា​៖ «​សម្រាប់​គម្រោង​នៃ​បណ្តាញ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ​នេះ គឺ​នឹង​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​សាធារណៈ និង​ការដឹកជញ្ជូន​។ ខ្ញុំ​គាំទ្រ និង​សង្ឃឹមថា ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ក និង​ដឹកជញ្ជូន​របស់​កម្ពុជា​យើង​កាន់​តែមាន​ភាព​ប្រសើរឡើង​ ១ ​កម្រិត​ទៀត ជាមួយនឹង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​រដ្ឋាភិបាល​ក្នុងការ​ធ្វើឱ្យ​វិស័យ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទិ​ក​មានតម្លៃ​កាន់តែ​ថោក និង​មានការ​ប្រកួតប្រជែង​ខ្ពស់​»៕

វីដេអូ៖