
ភ្ញៀវទេសចរដើរកម្សាន្តក្នុងបរិវេណប្រាសាទអង្គរវត្ត។ ហេង ជីវ័ន
ភ្នំពេញៈ ខណៈក្រសួងទេសចរណ៍ ចេញសេចក្តីណែនាំឱ្យមន្ត្រីទេសចរណ៍រាជធានី-ខេត្តពង្រឹងគុណភាពលើផលិតផលទេសចរណ៍ និងចូលរួមទប់ស្កាត់ការរីករាលដាលកូវីដ ១៩ ក្នុងឱកាសឆ្លងឆ្នាំសកល ២០២២ ចូលឆ្នាំ ២០២៣ នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ និងថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ខាងមុខ ថ្នាក់ដឹកនាំមន្ទីរទេសចរណ៍បណ្តាខេត្តមួយចំនួនបានអះអាងថា មន្ទីរបានធ្វើ និងត្រៀមធ្វើការងារនេះរួចរាល់ហើយ។
ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ២២ ខែធ្នូ បានចេញសារាចរមួយស្តីពី ការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសឆ្លងឆ្នាំ ២០២២-២០២៣ ខាងមុខ ដោយក្រសួងលើកឡើងថា ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ និងរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងឱកាសឆ្លងឆ្នាំសកល ២០២២ ចូល ២០២៣ នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ និងថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ក្រសួងទេសចរណ៍សូមណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត លើកិច្ចការមួយចំនួនដូចជា ត្រូវជំរុញការអនុវត្តឱ្យបានយ៉ាងខ្ជាប់ខ្លួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលដាក់ចេញដោយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩, ត្រូវពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា, ការពង្រឹងការគ្រប់គ្រងឱ្យបានល្អប្រសើរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ពិសេសត្រូវកំណត់សមត្ថភាពផ្ទុកអតិបរមាដែលអាចទទួលភ្ញៀវបានក្នុងពេលតែមួយ, សហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យដោយរាល់តម្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវតែសរសេរឱ្យបានច្បាស់ដាក់ក្នុងតារាងដើម។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ២៥ ខែធ្នូ ថា ខ្លឹមសារក្នុងសារាចរក្នុងពិធីឆ្លងឆ្នាំ ២០២២-២៣ ដែលក្រសួងទើបដាក់ចេញនេះ គឺមន្ទីរទេសចរណ៍ និងអាជ្ញាធរខេត្តកំពត បានធ្វើ និងត្រៀមធ្វើរួចរាល់ហើយ ជាក់ស្តែងការចុះទៅណែនាំតាមរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ពីបញ្ហាតម្លៃម្ហូបអាហារ បរិស្ថាន និងវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ គឺបានធ្វើឡើងជាបន្តបន្ទាប់ និងជាប្រចាំ។
លោកបានបន្តថា ក្រៅពីនេះ មន្ត្រីជំនាញក៏បានលើកទឹកចិត្តឱ្យប្រជាជនក្នុងខេត្តត្រូវបង្កើតផលិតផលថ្មីៗដើម្បីបង្កើនភាពទាក់ទាញឱ្យគេស្គាល់ពីទីតាំងភូមិសាស្ត្រផងដែរ។ នៅអំឡុងថ្ងៃឆ្លងឆ្នាំខាងមុខលោករំពឹងថា នឹងមានភ្ញៀវជាច្រើនមកកម្សាន្តក្នុងខេត្តកំពត ដែលមានកន្លែងកម្សាន្តច្រើនដូចជា សមុទ្រ ភ្នំ ស្រែអំបិល និងព្រៃឈើ។
លោកប្រាប់ថា៖ «នេះជាការក្រើនរំឭករបស់ក្រសួងក្នុងន័យធ្វើឱ្យថ្ងៃឆ្លងឆ្នាំនាពេលខាងមុខដំណើរការទៅមុខដោយរលូន មានភាពរីករាយ និងមានសុវត្ថិភាពសម្រាប់ភ្ញៀវចូលរួម»។
ចំណែកប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ បានឱ្យដឹងថា មន្ទីរទេសចរណ៍ខេត្តតែងធ្វើការផ្សព្វផ្សាយជាប្រចាំដល់អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ គឺធ្វើយ៉ាងណាដើម្បីរក្សា និងទាក់ទាញភ្ញៀវឱ្យធ្វើដំណើរមកខេត្តរតនគិរី កាន់តែច្រើនព្រោះនៅពេលមានភ្ញៀវកាន់តែច្រើន ផលប្រយោជន៍សម្រាប់ប្រជាជននៅក្នុងខេត្តក៏កាន់តែច្រើន។ លោកបន្តថា បច្ចុប្បន្នខេត្តរតនគិរីក៏មានកន្លែងស្នាក់នៅច្រើនដែរ។
លោកបញ្ជាក់ថា៖ «អាជ្ញាធរខេត្ត និងមន្ទីរទេសចរណ៍ត្រៀមរួចហើយក្នុងការទទួលភ្ញៀវមកឆ្លងឆ្នាំនាចុងសប្តាហ៍នេះ»៕