ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អូស្ត្រាលី ក្នុង​ទឹកប្រាក់​ជាង ៣៤៦​ លាន​ដុ​ល្លារ នៅ​រយៈពេល ១១​ ខែ ឆ្នាំ ២០២២ បាន​កើនឡើង​ជិត​ទ្វេ​​ដង​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ខណៈ​ទំហំ​ពាណិជ្ជកម្ម​សរុប​មាន​ទឹកប្រាក់​ជាង ៤៧៨​ លាន​ដុល្លារ​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

ទិន្នន័យ បានឱ្យដឹងថា រយៈពេល ១១​ ខែ ឆ្នាំ​ ២០២២ ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​អូស្ត្រាលី មាន​ទឹកប្រាក់​សរុប ៤៧៨,៤០៤​ លាន​ដុ​ល្លារ កើន ៦៩,៧ ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១ ដែលមាន ២៨១,៩៤៣​ លាន​ដុល្លារ​។ ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​អូស្ត្រាលី មាន ៣៤៦,០៣៤​ លាន​ដុល្លារ កើន ៩៧,៦​ ភាគរយ និង​ទំនិញ​នាំ​ពី​អូស្ត្រាលី មាន ១៣២,៣៧​ លាន​ដុល្លារ កើនឡើង ២៣,៩​ ភាគរយ​។​

​ដោយឡែក​ក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០២២ ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​ទឹកប្រាក់​សរុប ៣៩,៤២១​ លាន​ដុល្លារ ធ្លាក់ចុះ ៧,១៣​ភាគរយ​ធៀប​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ៤២,៤៤៨ ​លាន​ដុល្លារ​។ ការនាំចេញ​របស់​កម្ពុ​ជា​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០២២​ មាន ៣៣,៩២៩​ លាន​ដុល្លារ កើនឡើង​ ៣៩,៧៨​ ភាគរយ និង​ការនាំ​ទំនិញ​ពី​អូស្ត្រាលី មាន ៥,៤៩១ ​លាន​ដុល្លារ​ធ្លាក់ចុះ ៦៩,៧៩​ ភាគរយ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្ពុជា​-​អូ​ស្រា្ត​លី មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយគ្នា​ច្រើន ជាពិសេស​ផ្នែក​កសិកម្ម​ដោយ​ទំនាក់ទំនង​នេះ​គឺ​មិនមែន​មានតែ​លើ​ការនាំចេញ​-​នាំចូល​កសិផល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កន្លងមក​រដ្ឋា​ភិ​បាល​អូស្ត្រាលី ក៏បានផ្តល់​ជំនួយ​ថវិកា និង​បច្ចេកទេស​សម្រាប់​លើកកម្ពស់​ផលិតភាព​កសិកម្ម​នៅ​កម្ពុជា​ផងដែរ​។ ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រទេស​ទាំង ២ នឹង​កាន់តែ​រីក​ធំ​ថែមទៀត ព្រោះ​ក្រៅពី​មាន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ល្អ ប្រ​ទេស​ទាំង​ ២​ ក៏​ជា​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP)​។​

​លោក​លើកឡើងថា​៖ «​នៅពេល​ប្រទេស​ទាំង ២ មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្នា ​(​នយោបាយ និង​ការទូត​) ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការបណ្តាក់ទុន​ផ្ទាល់ ​(FDI)​ ក៏​នឹង​កើន​តាម​នោះដែរ​»​។​

​លោក​បន្តថា ក្រៅពី​ការនាំចេញ​-​នាំ​ចូល​ទំនិញ​ជាមួយគ្នា បច្ចុប្បន្ន​ក៏មាន​វិ​និ​យោគិន​អូស្ត្រាលី​កំពុង​បណ្តាក់ទុន​នៅ​កម្ពុជា​ដែរ ពិសេស​វិស័យ​ធនធាន​រ៉ែ​។​

​ផលិតផល​កម្ពុជា​ដែល​នាំទៅ​ប្រទេស​អូស្ត្រាលី មាន​ភាគច្រើន​ជា​ផលិតផល​វាយ​ន​ភណ្ឌ កង់ និង​កសិកម្ម​, ចំណែក​ទំនិញ​អូស្ត្រាលី​នាំមក​កម្ពុជា រួមមាន ផលិតផល​អេឡិចត្រូនិក យានយន្ត និង​ផលិតផល​អាហារ​ (​សាច់គោ​, ទឹកដោះ​គោ និង​ផ្លែឈើ​)​។ នេះ​បើតាម​លោក លឹម ហេង​។​

​កាលពី​ចុង​សប្តាហ៍​មុន​នៅក្នុង​ជំនួប​ជាមួយ លោក Pablo Kang ឯកអគ្គ​​រាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ដែល​នឹងត្រូវ​ចប់​អាណត្តិ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​លើក​ឡើង​ថា កម្ពុជា​-​អូស្ត្រាលី បាន​បង្កើន​នូវ​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយគ្នា​ទាំង​ផ្នែក​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ពាណិជ្ជកម្ម ដោយ​កន្លងមក​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ដែល​ក្នុងនោះ​រួមមាន​ការឧបត្ថម្ភ​វ៉ា​ក់​សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​ ១៩ ផងដែរ​។

​លោក​បាន​និយាយថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​រដ្ឋា​ភិ​បាល និង​ប្រជាជន​អូស្ត្រាលី ដែល​បាន​ផ្តល់ជំនួយ​ក្រោម​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ទ្វេភាគី​ថ្មី កម្ពុជា​-​អូស្ត្រាលី (Cambodia Australia Partnership for Resilient Economic Development (CAP-RED) ក៏​ដូច​ជា​កម្មវិធី​ពាណិជ្ជកម្ម​តំបន់ (RT4D) ដែល​ក្នុងនោះ ក្រសួងពាណិជ្ជកម្ម​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពី​កម្មវិធី​ទាំងនេះ​»​។

​យោងតាម​ក្រសួងពាណិជ្ជកម្ម ក្នុង​ឆ្នាំ​២ ០២១ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​អូស្ត្រាលី មាន​ទឹកប្រាក់​សរុប ៣២៤​ លាន​ដុ​លា្ល​រ កើនឡើង ៥២​ ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០៕