
កសិករប្រមូលអំបិលពីក្នុងស្រែយកទៅទុកក្នុងឃ្លាំង។ ហុង មិនា
ភ្នំពេញៈ អ្នកនៅក្នុងផលិតកម្មអំបិល បានអះអាងថា ការប្រមូលផលអំបិលនៅក្នុងស្រុកអាចនឹងចាប់ផ្តើមឡើងវិញនៅសប្តាហ៍ទី២ នៃខែមករាខាងមុខ ខណៈការនាំចូលអំបិលពីទីផ្សារអន្តរជាតិបានបញ្ចប់ទាំងស្រុងហើយនៅពេលនេះ។
ស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ច្រើនក្នុងឆ្នាំ ២០២២ នេះ បានធ្វើឱ្យការផលិតអំបិលនៅកម្ពុជាសម្រេចបានជាង ៣ ម៉ឺនតោនប៉ុណ្ណោះ ខណៈតម្រូវការប្រើប្រាស់ក្នុងស្រុកអាចមានពី ៧-១០ ម៉ឺនតោនក្នុង ១ ឆ្នាំ។ ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក រដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុនឯកជននាំចូលអំបិលចំនួន ៦ ម៉ឺនតោន មកបំពេញតម្រូវការក្នុងស្រុក។
អ្នកផលិតអំបិលនៅក្នុងខេត្តកំពត និងជាម្ចាស់ក្រុមហ៊ុននាំចូលអំបិលពីប្រទេសឥណ្ឌា មកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក លោក ប៊ុន បារាំង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៦ ខែធ្នូថា ការនាំចូលអំបិលពីទីផ្សារអន្តរជាតិ (ឥណ្ឌា) មកបំពេញតម្រូវការក្នុងស្រុកបានផ្អាកប្រហែល ១ ខែមកហើយ ដោយក្រុមហ៊ុនលោកបាននាំចូលអំបិលសរុបជាង ២ ម៉ឺនតោន ខណៈរដ្ឋាភិបាលអនុញ្ញាតឱ្យ ៦ ម៉ឺនតោន។
ការផ្អាកនាំចូលត្រឹមជាង ២ ម៉ឺនតោន គឺដោយសារតែពេលនេះប្រជាកសិករក្នុងខេត្តកំពត និងកែប (ខេត្តទាំង ២ គឺជាកន្លែងផលិតអំបិលនៅកម្ពុជា) បានចាប់ផ្តើមរៀបចំដីធ្វើស្រែអំបិលឡើងវិញប្រហែល ២ សប្តាហ៍ហើយដោយរំពឹងថា ការប្រមូលផលនឹងចាប់ផ្តើមនៅមុនពាក់កណ្តាលខែមករា ឆ្នាំ ២០២៣។ លោកបន្តថា សម្រាប់អំបិលនាំចូលពីឥណ្ឌានៅក្នុងឃ្លាំងស្តុកពេលនេះ ក៏មានច្រើនដែរ ដែលអាចធានាផ្គត់ផ្គង់ដល់ពេលការប្រមូលផលអំបិលក្នុងស្រុកចាប់ផ្តើម។
លោកថ្លែងថា៖ «ដោយសារយើងជាអ្នកផលិតក្នុងស្រុក និងនាំចូលអំបិលពីបរទេស ដូច្នេះយើងនឹងមិននាំចូលឱ្យលើសពីតម្រូវការឡើយ ព្រោះបើនាំចូលច្រើនពេក វានឹងធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មយើងផងដែរ»។ លោកបន្ថែមថា៖ «យើងធានាថា ប្រជាជននឹងមិនខ្វះអំបិលបរិភោគ និងប្រើឡើយ»។
បើតាមលោក បារាំង បច្ចុប្បន្នអំបិលនាំចូលមានតម្លៃមធ្យម ២៦ ០០០ រៀល ក្នុង ១ បាវទម្ងន់ ៥០ គីឡូក្រាម ដែលតម្លៃនេះ គឺប្រហាក់ប្រហែលនឹងរយៈពេលដូចគ្នាឆ្នាំមុន។
ម្ចាស់សិប្បកម្មផលិតអំបិល ថូង អ៊ីនធ័រប្រាយស៍ ដែលមានទីតាំងនៅក្រុងកំពត ខេត្តកំពត លោក ប៊ុន ណារិន បានប្រាប់ថា ការរៀបចំដីស្រែ និងបង្ហូរទឹកសមុទ្រមកដាក់ក្នុងស្រែអំបិល បានចាប់ផ្តើមហើយ ដោយផលអំបិលឆ្នាំ ២០២៣ អាចនឹងចាប់ផ្តើមប្រហែលនៅ ១០ ថ្ងៃទៀត។
បើអាកាសធាតុអំណោយផល (មិនមានភ្លៀងធ្លាក់ និងកម្តៅក្តៅ) ចាប់ពីខែមករា ដល់ត្រឹមខែមេសា ការផលិតនៅកម្ពុជានឹងទទួលផលលើសពី ៧ ម៉ឺនតោន ដែលបរិមាណនេះគឺគ្រប់គ្រាន់សម្រាប់តម្រូវការនៅក្នុងស្រុក។ សម្រាប់អំបិលផលិតក្នុងស្រុកនៅក្នុងឃ្លាំងនៅពេលនេះ គឺមិនមានទៀតទេ។
លោកនិយាយថា៖« កាលពីឆ្នាំមុនកម្ពុជាផលិតអំបិលបានប្រមាណជាង ៣ម៉ឺ នតោនដែលធ្វើឱ្យខ្វះខាតច្រើន។ ដោយសារការផលិតអំបិលត្រូវពឹងផ្អែកលើកត្តាអាកាសធាតុ ដូច្នេះខ្ញុំមិនទាន់រំពឹងថា ផលអំបិលក្នុងឆ្នាំ ២០២៣ នឹងបែបណាទេ ព្រោះបើក្នុងខែមករា-ខែមេសា មានភ្លៀងធ្លាក់ ១-២ សប្តាហ៍ ១ ដង ការប្រមូលផលនឹងអាចមានស្ថានភាពដូចឆ្នាំ ២០២២»។
បន្ថែមលើនេះ លោក ណារិន បញ្ជាក់ថា ក្រៅពីកត្តាអាកាសធាតុ ការផលិតអំបិលនៅកម្ពុជាក៏ប្រឈមនឹងបញ្ហាកង្វះកម្លាំងពលកម្មផងដែរ។
ជាធម្មតារដូវកាលផលិតអំបិល គឺចាប់ពីខែចុងខែធ្នូ ដល់ពាក់កណ្តាលខែឧសភា ប៉ុន្តែក៏មានឆ្នាំខ្លះដែលអាកាសធាតុក្តៅបានអូសបន្លាយការផលិតរហូតដល់ខែមិថុនា។ បើអាកាសធាតុអំណោយផលដី ១ ហិកតា គេអាចផលិតអំបិលបាន ២០ តោនក្នុងរយៈពេល ១ ឆ្នាំ។
លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត បានឱ្យដឹងថា ទោះបីជាផ្ទៃដីផលិតអំបិល និងកម្លាំងពលកម្មផលិតក្នុងឆ្នាំ ២០២២ មានចំនួនដូចឆ្នាំ ២០២១ ប៉ុន្តែកត្តាអាកាសធាតុបានធ្វើឱ្យការផលិតអំបិលនៅក្នុងខេត្តកំពតក្នុងឆ្នាំ ២០២២ សម្រេចបានប្រមាណ ៣ ម៉ឺនតោនប៉ុណ្ណោះ ដែលចំនួននេះគឺមិនអាចឆ្លើយតបនឹងតម្រូវការក្នុងស្រុកបានទេ។ ក្នុង ១ ឆ្នាំ បើអាកាសធាតុអំណោយផលបាន ៣ ខែជាប់គ្នា គឺកម្ពុជាអាចផលិតអំបិលបានគ្រប់គ្រាន់តាមតម្រូវការប្រើប្រាស់ប្រចាំឆ្នាំ។
លោកនិយាយថា៖ «កត្តាអាកាសធាតុមានភ្លៀងច្រើនចាប់តាំងពីដើមឆ្នាំ បានធ្វើឱ្យកម្ពុជាមានតម្រូវការចាំបាច់អំបិលនាំចូលមកបំពេញតម្រូវការ»៕
វីដេអូ៖