ភ្នំពេញៈ ប្រមុខ​នៃ​រដ្ឋាភិបាល​កម្ពុ​ជាមាន​ផែន​ការបើក​ទីផ្សារ​នាំចេញ​អង្ករ​ទៅ​ម៉ា​ល់​ឌី​វ ដែលជា​ប្រទេស​ដែន​កោះ​សំដៅ​ពង្រីក​នូវ​កិត្យានុភាព​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​បន្ថែមទៀត ស្រប​​ពេលដែល​អង្ករ​កម្ពុជា​ទើបត្រូវ​បាន ចាត់ថ្នាក់​ជា​​ «​អង្ករ​គុណភាព​ល្អផ្តាច់គេ លើ​ពិភពលោក​» ៥ ​លើក​កន្លងមក​។​

​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​ ៤១ នា​ថ្ងៃទី​ ២៦ ខែធ្នូ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដឹងថា លោក​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ា​ល់​ឌី​វ ក្នុង​ខែមករា ខាងមុខ ដើម្បី​ពិភាក្សា​ក្នុងការ​ផ្សារភ្ជាប់​ប្រទេស​ដែន​កោះ​ដែល​ទាក់ទាញ​បាន​ភ្ញៀវទេសចរ យ៉ាងច្រើន​ក្នុង​ ១​ ឆ្នាំៗ ព្រមទាំង​បើក​ទីផ្សារ​អង្ករ និង​ទំនាក់ទំនង​ទេសចរ​ណ៍រ​វាង​ប្រទេស​ទាំង ​២​។​

​លោក​ថ្លែងថា​៖ «​នៅ​ខែមករា ខ្ញុំ​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​កោះ​ម៉ា​ល់​ឌី​វ​ដើម្បី​បើក​ទំនាក់ទំនង ព្រោះ​ម៉ា​ល់​ឌី​វ​ក៏​ជា​ប្រទេស​ដែល​ខ្វះ​អង្ក​រដែរ អ៊ីចឹង​ខ្ញុំ​ចង់ឱ្យមាន​ការផ្សារភ្ជាប់​ទេសចរណ៍​និង​ពាក់ព័ន្ធ​ជាមួយ​ការនាំចេញ​អង្ករ​។ ម៉ា​ល់​ឌី​វ ជា​ប្រទេស​តូច​មែន​ប៉ុន្តែ​គាត់​ក៏មាន​តម្រូវការ ​(​អង្ករ​) ​ដែរ ដោយសារ​ទេសចរ​គាត់​ច្រើន​។ អង្ករ​យើង​ល្អ​ដូច្នេះ​គាត់​អាច​នាំ​អង្ករ​ពី​ស្រុក​យើង​ទៅ​»​។​

​លោក ឡាយ ឈុន​ហួ អគ្គនាយក​ក្រុមហ៊ុន City Rice Import Export ដែលជា​ក្រុមហ៊ុន​បាន​នាំ​អង្ករ​ផ្ការំដួល​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ក្នុង​វេទិកា​អង្ករ​ពិភពលោក ដែល​រៀបចំឡើង​នៅ​ទីក្រុង​ភូ​កេ​ត ប្រទេស​ថៃ ហើយ​ទទួលបាន​ពានរង្វាន់​លេខ​ ១ ជា ​«​អង្ករ​ល្អ​ដាច់​គេ​» ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពីដើម​ខែធ្នូ​ថា លោក​សូម​សាទរ​ចំពោះ​ការ​ព្យាយាម​របស់​រដ្ឋាភិបាល​ក្នុងការ​បន្ត​បើក​ទីផ្សារ​ថ្មីៗ​សម្រាប់​វិស័យ​ឯកជន​ក្នុង​ការជំរុញ​ការនាំចេញ​ទំនិញ​នានា​ពិសេស​ផលិតផល​អង្ក​រដែ​លក​ម្ពុ​ជាមាន​សក្តានុពល ស្រប​ពេលដែល​អង្ក​រក​ម្ពុ​ជា​ទើប​ទទួលបាន​នូវ​ចំណាត់​​ថ្នាក់​ជា «​អង្ករ​គុណភាព​ល្អផ្តាច់គេ​លើ​ពិភពលោក​»​។

​លោក​បាន​បញ្ជាក់ថា​៖ «​ពិតណាស់​យើង​ស្វាគមន៍​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​យើង​ដែល​តែងតែ​ព្យាយាម​ពង្រីក និង​ស្វែងរក​ទីផ្សារ​ថ្មីៗ​សម្រាប់​ផលិតផល​កសិកម្ម​រប​ស់​យើង​។ ទោះបី​ទីផ្សារ​តូច ឬ​ធំក្តី ក៏​ផលិតផល​អង្ករ​របស់​យើង​ត្រូវបាន​គេ​ស្គាល់​កាន់តែច្រើន​បន្ថែមទៀត​»​។​

​អ្នកនាំពាក្យ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) លោក លន់ យ៉េ​ង បាន​ប្រាប់ថា រហូតមកដល់​ពេលនេះ​កម្ពុជា​នៅ​ពុំទាន់​បាន​នាំចេញ​អង្ករ​របស់ខ្លួន​ទៅកាន់​ទីផ្សារ​ប្រទេស​ដែន​កោះ​នេះ​នៅឡើយ​ទេ​។ ក្នុងនាម​អ្នក​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា លោក​ស្វាគមន៍​ចំពោះ​ផែនការ​របស់​រាជរដ្ឋាភិបាល​ដែលមាន​គម្រោង​បើក​ទីផ្សារ​អង្ករ​នៅ​ទីនោះ​។​

​លោក​បាន​បន្ថែមថា​៖ «​វា​ជា​រឿង​ដ៏​ល្អ​មួយ​សម្រាប់​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា​យើង នៅពេលដែល​យើង​មាន​ទីផ្សារ​កាន់តែច្រើន ទោះបីជា​ទីផ្សារ​នោះ​តូច ឬ​ធំក្តី ព្រោះ​វា​ជាការ​ពង្រីក​កេរ្តិ៍ឈ្មោះ​អង្ករ​របស់​កម្ពុជា​យើង​កាន់​​តែ​ច្រើន​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ និង​អន្តរជាតិ​ផងដែរ​»​។​

​ម៉ា​ល់​ឌី​វ គឺជា​ប្រទេស​ដែន​កោះ​មួយ​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា ដែល​លាត​សន្ធឹង​លើ​ខ្សែ​អេក្វាទ័រ និង​មាន​ប្រជា​ជន ៥៤៣ ៦២០​ នាក់ (២០២១)​។ ប្រទេស​នេះ​មាន​កោះ​ចំនួន ១ ១៩២ ​ដែល​លាតសន្ធឹង​នៅតាម​បណ្តោយ​ប្រវែង ៨៧១​ គីឡូម៉ែត្រ ខណៈ​ប្រទេស​នេះ​គ្របដណ្តប់​លើ​ផ្ទៃដី​ប្រហែល ៩០ ០០០​ គីឡូម៉ែត្រ​ការ៉េ ប៉ុន្តែ​ក្នុងនោះ​គឺមាន​តែ ២៩៨​ គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ​ជា​ដី​ស្ងួត​។​

​របាយការណ៍​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហាញថា ក្នុង​រយៈពេល ១០ ​ខែ​នៃ​ឆ្នាំ​ ២០២២ កម្ពុជា បាន​នាំចេញ​អង្ករ​សរុប ៥០៩ ២៤៩ តោន កើនឡើង ៤៩ ០៨០​ តោន ស្មើនឹង ១០,៦៧​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល ១០​ ខែ​ក្នុង​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ៤៦០ ១៦៩​ តោន​។​

​ក្នុងចំណោម​ការនាំចេញ​នោះ គឺ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ៣៤៨ ៥០១​ តោន ស្មើនឹង ៦៨,៤៤​ ភាគរយ អង្ក​រស​គ្រប់​ប្រភេទ​មាន​ចំនួន ១៤៨ ៩៣៣​ តោន ស្មើនឹង ២៩,២៤​ ភាគ​រយ និង​អង្ករ​ចំហុយ​គ្រប់​ប្រភេទ​មាន​ចំនួន ១១ ៨១៥​ តោន ដែល​ស្មើនឹង ២,៣២​ ភាគរយ​។​

​បរិមាណ​អង្ករ​ដែល​បាន​នាំ​ចេញទៅ​ទិសដៅ​សហភាព​អឺរ៉ុប ​( ២៣ ​ប្រទេស​) មាន​ចំនួន ១៦៥ ៦៣០​ តោន កើន​ឡើង ៤៣,៤៣ ភាគរយ​, ប្រទេស​ចិន ចំនួន ២៣១ ៨៧៣ ​តោន កើនឡើង ១,១៨​ ភាគរយ​, ទិសដៅ​អាស៊ាន​ចំនួន ៤៨ ២៥៣​ តោន កើនឡើង ១០,១៩​ ភាគរយ​, និង​ទិសដៅ​ដទៃទៀត មាន​បរិមាណ ៦៣ ៤៩៣​ តោន ថយចុះ ១១,៤៨​ ភាគរយ​៕

វីដេអូ៖