​ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​អនុ​ម័ត​គម្រោង​វិនិយោគ​ចំនួន ១០ គិត​ជា​ប្រាក់​ជិត ៥០ ​លាន​ដុល្លារ​នៅក្នុង​ខែធ្នូ​គិត​ត្រឹម​ដើម​សប្តាហ៍​ទី​ ៤ ដែល​ភាគ​ច្រើន​ស្ថិតក្នុង​វិស័យ​កាត់ដេរ​សម្លៀក​​បំពាក់ ស្បែកជើង និង​វេច​ខ្ចប់​។​

​បើ​យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) ដែល​ចុះផ្សាយ​ត្រឹម​ថ្ងៃទី​ ២៦ ខែធ្នូ ខ្លួន​បានអនុម័ត​គម្រោង​វិ​និ​យោគ​ចំនួន​ ១០ ក្នុង​ខែធ្នូ គិត​ត្រឹម​ដើម​សប្តាហ៍​ទី​ ៤ ដែលមាន​ទុនវិនិយោគ ៤៨,៧ ​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៨ ៦៨៥ ​កន្លែង​។ គម្រោង​វិនិយោគ​ទាំងនោះ​គឺមាន​ទីតាំង​ភាគច្រើន​នៅ​ខេត្ត​ព្រះសីហនុ កណ្តាល តាកែវ ភ្នំពេញ និង​ខេត្តកំពង់ចាម​។​

​លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៦ ខែធ្នូ ថា ភាពអំណោយ​ផល​នៃ​ម៉ាក្រូសេដ្ឋកិច្ច ការបន្ត​ពង្រីក​ទីផ្សារ​នាំចេញ និង​ការសម្រេចបាន​កិច្ច​​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន និង​កូរ៉េ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​ជា​កត្តា​គន្លឹះ​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​លំហូរ​វិនិយោគ​ជាច្រើន​ឱ្យ​ចូលមក​ប្រទេស​កម្ពុជា​។​

​លោក​និយាយថា​៖ «​យើងទាំងអស់គ្នា​ដឹង​ហើយ​ថា ប្រទេស​យើង​មាន​ភាព​អំណោយផល​ខ្លាំង​សម្រាប់​ការវិនិយោគ​ដោយសារតែ​យើង​មានច្បាប់​វិនិយោគ​បើកទូលាយ និង​ផ្តល់​ភាពអនុគ្រោះ​ដល់​វិនិយោគិន​។ លើសពីនេះ​យើង​ក៏​សង្កេតឃើញ​នូវ​ការហូរចូល​ការវិនិយោគ​ក្នុង​វិស័យ​ផ្សេង​ក្រៅពី​រោងចក្រ​ដូចជា​ផ្នែក​ផលិត​គ្រឿង​បង្គុំ​ដែល​ផ្គត់ផ្គង់​ទៅកាន់​រោងចក្រ​ធំៗ​នៅលើ​ពិភពលោក ដែល​នេះ​គឺជា​ជំនាញ​មួយ​ថ្មី​ទៀត​ដែល​ប្រជា​ពលរដ្ឋ​យើង​ទទួលបាន​»​។​

​លោក​បញ្ជាក់ថា​៖ «​យើង​ត្រូវតែ​ដឹងថា​រាល់​ការវិនិយោគ​ទាំងអស់នេះ​គឺ​វិ​និ​យោ​គិ​ន​បាន​សម្លឹងមើល​ពី​ភាពអំណោយ​ផល​របស់​ប្រទេស​យើង​នាពេល​អ​នា​​គ​ត​ពេល​ស្ថានភាព​កូ​វីដ​ ១៩ ធូរស្បើយ និង​បញ្ហា​សង្គ្រាម​អ៊ុយ​ក្រែ​ន​អាច​នឹងត្រូវ​ឆាប់​បាន​ដោះស្រាយ​រួចរាល់​»​។​

​កាលពី​ថ្ងៃទី​ ៧ ខែធ្នូ ធនាគារ​ពិភព​លោក​ (WB)​ បាន​រក្សា​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​ឆ្នាំ​ ២០២២ សម្រាប់​ប្រទេស​កម្ពុជា ដែល​ចេញផ្សាយ​ក្នុង​ខែកញ្ញា​នៅត្រឹម ៤,៨​ ភាគរយ ដោយ​បង្ហាញ​ពី​ការ​​ស្ទុះ​ងើបឡើង​វិញ​គួរឱ្យកត់សម្គាល់​នៃ​សេដ្ឋកិច្ច​ក្រោយ​ការរីក​រាលដាល​កូ​វីដ​ ១៩​។ ប៉ុន្តែ​ធនាគារ​នេះ​ក៏បាន​ព្រមាន​ថា ឧបសគ្គ​ជាស​កល​ដែល​រំពឹងទុក​នៅក្នុង​រយៈពេល​ជាច្រើន​ខែ​ខាងមុខ​អាចធ្វើឱ្យ​ខូច​ដល់​ចក្ខុវិស័យ​របស់ខ្លួន​។​

​ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ លោកស្រី Mariam Sherman នាយិកា​របស់ WB ប្រចាំ​ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា បានផ្តល់​អនុសាសន៍​ដ​ល់​កម្ពុជា​ត្រូវ​ចាត់វិធានការ​នានា ដើម្បី​ជំរុញ​ឧស្សាហកម្ម​ទេសចរណ៍ និង​សេដ្ឋ​កិច្ច​កាន់តែ​ទូលំទូលាយ​របស់ខ្លួន​ក៏​ដូច​ជាការ​ពង្រឹង​ជំហរ​សារពើពន្ធ​របស់ខ្លួន ដើម្បី​ទប់ទល់​នឹង​វិបត្តិ​តម្រូវការ​ខាង​ក្រៅ​ដែល​អាច​កើតមាន​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្ថែមថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ត្រូវ​ព្យាករ​ថា​នឹង​កើនឡើង​ដល់ ៥,២ ​ភាគរយ​នៅ​ឆ្នាំ​ក្រោយ ដោយសារ​ការកើនឡើង​នៃ​ការ​ជួល​គាំទ្រ​នៃ​ការប្រើប្រាស់​ក្នុងស្រុក និង​នៅពេល​អតិផរណា​ធ្លាក់ចុះ​៕