ភ្នំពេញៈ ក្រុមហ៊ុន​ប្រមាណ​ជាង ៨០០ ដែលមាន​ដើមទុន​ប្រមាណ ១៨៦​​ លាន​ដុល្លារ​បានទទួល​ជោគជ័យ​លើ​ការចុះបញ្ជី​តាម​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​នៅតាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី ​១ ដែល​ហៅថា «Single Portal»​នៅក្នុង​រយៈ​​ពេល ៤ ​សប្តាហ៍ ដែល​ធ្វើ​ឱ្យចំ​​នួន​ក្រុមហ៊ុន​ទទួលជោគជ័យ​លើ​ការចុះបញ្ជី​តាម​ប្រព័ន្ធ​មួយ​នេះ​កើន​ដល់ ២០ ៥៧៤​ក្រុមហ៊ុន​។​

​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់ឱ្យ​ដំណើរការ​ថ្នាល​ចុះបញ្ជី​អា​ជីវ​កម្ម​អន​ឡាញ កាលពី​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ​២០២០ ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរ​ការចុះ​​បញ្ជី​ក្រុមហ៊ុន​ដែលជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​ក្នុង​គោលបំណង​កែលម្អ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា និង​ដើម្បី​លើកកម្ពស់​ការប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​ឱ្យ​កាន់តែ​ប្រសើរ​។ នៅក្នុង​ដំណាក់កាល​ដំបូង​មាន​ក្រសួង​-​ស្ថាប័នរដ្ឋ ៦ ​ដែល​ត្រូវបាន​ភ្ជាប់​ទៅ Single Portal គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួងពាណិជ្ជកម្ម​, ក្រសួងមហាផ្ទៃ​, ក្រសួង​ការងារ​, អគ្គនាយកដ្ឋាន​ពន្ធដា​រ និង​ក្រុម​​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​

​នៅលើ​គេហទំព័រ​របស់ Online Business Registration Service ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ២៦ ខែធ្នូ ឆ្នាំ​ ២០២២ ក្រុម​ហ៊ុន​ដែល​ទទួលបាន​ជោគជ័យ​លើ​ការចុះបញ្ជី​តាម​ថ្នាល​បច្ចេក​វិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី ​១ ហៅថា ​«Single Portal» មាន​ចំនួន​សរុប ២០ ៥៧៤​ ក្រុមហ៊ុន ដែលមាន​ទុនវិនិយោគ​សរុប ៥ ៧៦៩​ លាន​ដុល្លារ​។ ចំនួន​នេះ​បើ​ធៀប ៤​ សប្តាហ៍​មុន ​(​ថ្ងៃទី​ ២៨ ខែវិច្ឆិកា​)​ គឺ​កើនឡើង​ចំនួន ៨២១​ ក្រុមហ៊ុន និង​ទុនវិនិយោគ​កើន ១៨៦​ លាន​ដុល្លារ ដែល​ស្មើនឹង ៣,៣៣​ ភាគរយ​។

​ក្នុងចំណោម​ដើមទុន​ចុះបញ្ជី​ទាំង ៥ ៧៦៩ ​លាន​ដុល្លារ គឺ​ការ​សាង​សង់​អគារ​មាន ១៧ ​ភាគរយ ស្មើនឹង​ប្រាក់​ប្រមាណ ៩៧៤​ លាន​ដុល្លារ​, សកម្មភាព​ក្នុង​វិស័យ​អចលនទ្រព្យ​ (​ប្រើប្រាស់​អចលនទ្រព្យ​ផ្ទាល់ខ្លួន ឬ​ជួ​លពី​គេ​) ១២​ ភាគរយ ស្មើ ៧១៧​ លាន​ដុល្លារ​, សកម្មភាព​ពិគ្រោះ​យោបល់​ផ្នែក​គ្រប់គ្រង ៥ ​ភាគ​រយ ស្មើនឹង​ចំនួន ២៩៦​ លាន​ដុល្លារ​, កម្មន្តសាល​សម្លៀក​បំ​​ពាក់ ​(​លើកលែង​សម្លៀកបំពាក់​ធ្វើ​ពី​រោមសត្វ​) ៥ ​ភាគរយ ស្មើ ២៨១​ លាន​ដុល្លារ​, ការលក់ដុំ​ឯកទេស​ផ្សេងៗ​ ៥​ ភាគរយ ស្មើ ២៦១ លាន​ដុល្លារ និង​ផ្នែក​ផ្សេងៗ ៥៦​ ភាគរយ ដែល​ស្មើនឹង ៣,២៤​ ពាន់​លាន​ដុល្លារ​។​

​យោងតាម Online Business Registration Service គិត​នៅត្រឹម​ថ្ងៃទី ​២៦ ខែធ្នូ ឆ្នាំ​ ២០២២ ចំនួន​ក្រុមហ៊ុន​ដែល​បានស្នើ​សុំនា​មករ​ណ៍​បម្រុង​ទុក​ដោយ​ជោគជ័យ​មាន​ចំនួន​សរុប ១២ ៩០០​ ក្រុមហ៊ុន និង​មិន​ទទួលជោគជ័យ ២ ​ក្រុមហ៊ុន ខណៈ​កាលពី​ថ្ងៃទី​ ២៨ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ចំនួន​នាម​ករ​ណ៍​បម្រុង​ទុក​ទទួលជោគជ័យ​មាន​ចំនួន ១២ ៥៨៣ និង​មិន​ទទួលជោគជ័យ​ចំនួន​ ២​។​

Online Business Registration Service ឱ្យដឹងទៀតថា ក្នុងចំណោម​ក្រុមហ៊ុន​ចុះបញ្ជី​ខាងលើ គឺមាន ៣៨​ ភាគ​​រយ​មាន​ម្ចាស់​ជា​ស្ត្រី​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កំណើនសេដ្ឋកិច្ច ការរីកចម្រើន​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ព្រមទាំង​លក្ខខណ្ឌ​ផ្លូវច្បាប់​ដែល​តម្រូវឱ្យ​គ្រប់​អាជីវកម្ម​ត្រូវ​ចុះបញ្ជី​អាជីវ​កម្មបាន​ជំរុញ​ឱ្យចំ​នួន​ក្រុមហ៊ុន​ចុះបញ្ជី​កើន​ឡើងជា​បន្តបន្ទាប់​។

​ការចុះបញ្ជី​អាជីវកម្ម​នឹង​អាច​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​អាជ្ញាធរ និង​ម្ចាស់​អាជីវកម្ម​ផ្ទាល់ ព្រោះ​តាមរយៈ​ទិន្នន័យ​ចុះបញ្ជី​គឺអាច​ជួយ​ឱ្យ​រដ្ឋាភិបាល​ងាយ​ស្រួល​នៅក្នុង​ការកំណត់​គោល​នយោបាយ​ដើម្បី​ជួយ​គាំពារ និង​ការពារ​ដល់​ប្រភេទ​អាជីវកម្ម​ណាមួយ​នៅពេល​មាន​បញ្ហា​។​

​លោក​បាន​បន្តថា ការចុះបញ្ជី​នេះ ក៏​នឹង​ជួយផ្តល់​នូវ​ទំនុកចិត្ត​ទៅដល់​អតិថិជន និង​ធ្វើឱ្យ​ការ​ប្រកួតប្រជែង​លើ​ទីផ្សារ​កាន់តែ​មាន​តម្លាភាព និង​ប្រសិទ្ធភាព​ជាង​មុន​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​នៅពេល​គ្រប់​អាជីវកម្ម​ស្ថិតក្រោម​ច្បាប់ វា​នឹង​ធ្វើឱ្យ​ភាព​អសកម្ម ឬ​ការ​បោកប្រាស់​ផ្សេងៗ​ត្រូវបាន​កាត់​​បន្ថយ ជាពិសេស​វា​នឹង​ធ្វើឱ្យ​ការប្រកួតប្រជែង​កាន់តែ​មាន​តម្លាភាព​»​។​

​លោក​បន្ថែមថា នៅពេល​ការ​អនុវត្ត​ច្បាប់​កាន់​តែមាន​ប្រសិទ្ធ​ភាព ចំនួន​នៃ​ការបណ្តាក់ទុន​វិនិយោគ​ផ្ទាល់​ទាំង​ក្នុងស្រុក និង​បរទេស នឹង​កើនឡើង​។​

​ប្រធាន​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (FASMEC) ​លោក​ ​តែ តាំង​ប៉រ បាន​ប្រាប់ថា ចំនួន​ក្រុមហ៊ុន​ដែល​មក​ចុះបញ្ជី​តាម​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​បាន​កើន​ឡើងជា​លំដាប់ ដែល​នេះ​បង្ហាញថា ម្ចាស់​អាជីវ​កម្ម​នៅ​កម្ពុជា ពិសេស​អាជីវ​កម្ម​តាម​អន​ឡាញ​បាន​យល់​ដឹង​កាន់តែច្រើន​ពី​កាតព្វកិច្ច​ដែល​ម្ចាស់​អាជីវកម្ម​ត្រូវធ្វើ​។ ការចុះបញ្ជី​នឹង​ជួយ​ឱ្យ​ការទិញ​លក់​មិន​ត្រឹមត្រូវ ត្រូវ​កាត់​បន្ថយ​បាន​យ៉ាងច្រើន​។​

​លោក​ថ្លែងថា​៖ «​ចំនួន​ក្រុម​ហ៊ុន​ចុះបញ្ជី​នឹង​បន្ត​កើនឡើង​លឿន​បន្ថែមទៀត ដែល​ទាំង​​នេះ​គឺជា​វឌ្ឍនភាព​ក្នុងការ​ធ្វើឱ្យ​ការប្រកួតប្រជែង​កាន់​តែមាន​ភាពយុត្តិធម៌​»​។​

​ទោះបីយ៉ាងណា លោក​លើកឡើងថា ការកើនឡើង​ដ៏​ច្រើន​នៃ​ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​អាជីវ​កម្ម ក៏​ដោយសារតែ​ច្បាប់​ប្រ​ទេស​បានកំណត់​ផងដែរ​។​

​បន្ទាប់ពី ​«Single Portal» ដំណាក់កាល​ទី ​១ ដំណើរការបាន​មួយរយៈ កាលពី​ថ្ងៃទី​ ១ ខែ​កញ្ញា ឆ្នាំ ​២០២១ រដ្ឋាភិបាល​បានដាក់​ឱ្យ​ដំណើរការ​ដំណាក់​កាល​ទី ​២ នៃ​ថ្នាល​ចុះបញ្ជី​អា​​ជីវ​កម្ម​អន​ឡាញ​ដោយបាន​ដាក់បញ្ចូល​ទីភ្នាក់ងារ​ថ្មី​ចំនួន ​៤ ដូច​​ជា អាជ្ញាធរ​សេវាកម្ម​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​, និយតករ​អា​ជីវ​កម្ម​អចលនទ្រព្យ និង​ហាង​​បញ្ចាំ​, ក្រសួងទេសចរណ៍​, ក្រ​​សួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​, និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​នាគ​មន៍​៕