ភ្នំពេញៈ វិស័យ​ឯកជន​បានបង្ហាញ​ការស្វាគមន៍​ផែនការ​នៃ​ការចាប់ផ្ដើម​ការហោះហើរ​ត្រង់​ឡើងវិញ​រវាង​ទីក្រុង​ដា​ណាំង​របស់​វៀតណាម មកកាន់​ខេត្តសៀមរាប បន្ទាប់ពី​ការផ្អាក​រយៈ​ពេល​ជាង ២​ ​ឆ្នាំ​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩​។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​វៀតណាម​។​

​ផែនការ​នេះ​ត្រូវ​លើកឡើង​ដោយ លោក Luong Nguyen Minh Triet ​អនុប្រធាន​អចិ ន្រៃត​យ៍​នៃ​គណៈ​​ក​ម្មា​ធិ​ការ​បក្ស​ទីក្រុង​ដា​ណាំង កាលពី​ថ្ងៃទី​ ២៦ ខែធ្នូ ដែល​ត្រូវបាន​រាយការណ៍​ដោយ​ទី​ភ្នា​ក់​ងារ​សារព័ត៌មាន​វៀតណាម បាន​ជួប​ជាមួយនឹង​លោកស្រី មាន សំអាន សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​ផ្នែក​សុខភាព សង្គមកិច្ច​ស្តារនីតិសម្បទា យុវជន ពល​កម្ម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​កិច្ចការនារី​នៅក្នុង​ទីក្រុង​ដា​ណាំង​។​

​លោក Triet បាន​បន្តថា ផ្លូវ​អាកាស​ត្រង់​ត​ភ្ជាប់​រវាង​ទីក្រុង​ដា​ណាំង និង​ខេត្តសៀមរាប ដែល​បានធ្វើ​អាជីវកម្ម​មុន​ឆ្នាំ ២០២០ និង​ផ្អាក​ដោយសារ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ ​១៩ តាំងពី​ពេលនោះ​មក បានរួម​ចំណែក​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ទីក្រុង​មួយ​នេះ និង​ដៃគូ​កម្ពុជា​លើ​វិស័យ​ជាច្រើន​។ មកទល់ពេលនេះ ទីក្រុង​ដា​ណាំង​ចាប់​​ផ្ដើម​ដំណើរការ​ជើងហោះហើរ​អន្តរជាតិ​ចំនួន ៧​ ឡើងវិញ​។​

​លោកស្រី មាន សំអាន បានឱ្យដឹងថា ការចាប់ផ្ដើម​ដំណើរ​​ការឡើង​វិញ​ជើងហោះហើរ​រវាង​តំបន់​ទេសចរណ៍​សំខាន់ៗ​ទាំង ​២ នេះ​ឆ្លើយតប​នឹង​ការ​កើន​ឡើង​នៃ​តម្រូវការ​ភ្ញៀវទេសចរ​បច្ចុប្បន្ន​រវាង​ប្រទេស​ទាំង​ ២ បន្ទាប់ពី​ប្រទេស​ទាំង​ ២​ បើក​ច្រកព្រំដែន​ឡើងវិញ​។​

​លោកស្រី សំអាន បាន​ថ្លែងថា​៖ «​ការបើក​ដំណើរការ​ឡើងវិញ​ផ្លូវ​ដា​ណាំង​​សៀមរាប នឹងចូលរួម​ជួយ​លើកកម្ពស់​ការ​អភិ​វ​ឌ្ឍ​វិស័យ​ទេសចរណ៍​ប្រទេស​ទាំង​ ២ ដោយសារតែ​ប្រជាជន​កម្ពុជា​ជាច្រើន​ចង់​ធ្វើដំណើរ​ទៅ​ទីក្រុង​ឆ្នេរ​នា​ភាគ​កណ្តាល​ប្រទេស​វៀតណាម​»​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កម្ពុជា​ (PATA) បាន​ស្វាគមន៍​ចំពោះ​ការហោះហើរ​ឡើងវិញ ខណៈ​ចំនួន​ទេសចរ​កម្ពុជា និង​វៀតណាម​កើនឡើង បន្ទាប់ពី​ប្រទេស​ទាំង​ ២ ​បើក​ដំណើរការ​ឡើងវិញ​យ៉ាង​ពេញ​លេញ​នូវ​សេដ្ឋកិច្ចសង្គម​។​

​លោក​បញ្ជាក់ថា​៖ «​ជាការ​ល្អ​ណាស់​ដែលមាន​ការហោះហើ​រ​បន្ថែមទៀត​រវាង​ប្រទេស​ទាំង​ ២ ព្រោះ​ខ្ញុំ​ឃើញថា​បច្ចុប្បន្ន​ចំនួន​ភ្ញៀវទេសចរ​មកពី​វៀតណាម​មក​ប្រទេស​យើង​មានការ​កើន​​ឡើង​។ ដា​ណាំង គឺជា​គោល​ដៅ​ទេសចរណ៍​មួយ ដូច្នេះ​ពួក​គេ​ក៏​អាច​ស្វាគមន៍​ប្រជាជន​យើង ក៏ដូចជា​ភ្ញៀវទេសចរ​បរទេស​ផ្សេងទៀត ឱ្យមក​ទស្សនា​ពួក​គេ​ផងដែរ​។ វា​នឹងមាន​តម្រូវការ​ជើងហោះហើរ​ត្រង់​រវាង​ទីក្រុង​ដា​ណាំង និង​ខេត្តសៀមរាប​របស់​យើង​ជាមិនខាន​»​។​

​ក្រសួងទេសចរណ៍​កាល​ពីថ្ងៃ​ទី​ ៣១ ខែតុលា បានបង្ហាញ​គំនិត​ផ្តួចផ្តើម​ធំៗ​ចំនួន​ ២ ដើម្បី​ផ្តោតជាសំខាន់​ «​ឆ្នាំ​ទេសចរ​​ណ៍​កម្ពុជា​ឆ្នាំ ​២០២៣» ដើម្បី​ព​ន្លឿ​ន​កំណើន​ទេសចរណ៍​អន្តរជាតិ និង​បាន​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ឱ្យ​សកម្ម និង​បន្ត​ជម្រើស​នានា ដើម្បី​លើកកម្ពស់​ភាព​ទាក់ទាញ​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា​។​

​កាលពីដើម​ខែកញ្ញា ក្រសួង​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចំនួន ៨ សំដៅ​បង្កើន​ចំនួន​ភ្ញៀវ​អន្តរជាតិ​ពេញ​មួយឆ្នាំ​មក​កម្ពុជា​ឱ្យបាន​យ៉ាងតិចណាស់ ៧,៥ លាន​នាក់ និង​ការធ្វើ​ដំណើរ​ក្នុងស្រុក​ទូទាំងប្រទេស​ឱ្យបាន ១៦ ​លាន​នាក់​ត្រឹម​ឆ្នាំ ២០២៨៕