ភ្នំពេញៈ ​គយ​និង​ផ្នែក​ឯកជន ពិភាក្សាគ្នា​ពី​បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​នឹង​ពន្ធគយ​នៅ​ចំពោះមុខ​បញ្ហា​សេដ្ឋកិច្ច​សកល​។​នេះ​បើតាម​លទ្ធផល​ជំនួប​រវាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​សភាពាណិជ្ជកម្ម​កម្ពុជា នៅ​ថ្ងៃទី​ ២៨ ខែធ្នូ ឆ្នាំ​ ២០២២​ នេះ ដែល​បាន​ប្រជុំគ្នា​តាម​យន្តការ​ភាពជា​ដៃគូ​គយ​-​ផ្នែក​ឯកជន​លើក​ទី​៩ (9th CPPM Meeting) ។

វេទិកា​នេះ​ដឹកនាំ​ដោយ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និង​លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ដែលជា​សហប្រធាន នៃ​យន្តការ​ភាពជា​ដៃគូ​គយ​-​ផ្នែក​ឯកជន និង​មានការ​ចូលរួម​ដោយ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​គយ​និង​រដ្ឋាករ ព្រមទាំង​ថ្នាក់ដឹកនាំ និង​សមាជិក​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

អគ្គនាយកដ្ឋាន​គយ​ឱ្យដឹងថា៖«​កិច្ចប្រជុំ​នេះ មាន​គោលបំណង​ពិនិត្យ និង​ដោះស្រាយ​នូវ​បញ្ហា និង​សំណូមពរ​នានា​របស់​វិស័យ​ឯកជន ពាក់ព័ន្ធ​នឹង​ការអនុវត្ត​នីតិវិធី​គយ ការធ្វើ​ទំនើបកម្ម​និង​សាមញ្ញ​កម្ម នៃ​ការងារ​បច្ចេកទេស​គយ និង​ប្រតិបត្តិការ​គយ​ផ្សេងៗ សំដៅ​ធានាបាន​នូវ​ការអនុវត្ត​គោលនយោបាយ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការពង្រឹង​អនុលោមភាព​និង​កាតព្វកិច្ច​នៃ​ការអនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ​នានា​ជា​ធរមាន​»​។​

ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា លោក គិត ម៉េង បាន​ថ្លែងថា យន្តការ​ភាពជា​ដៃគូ​គយ​-​ផ្នែក​ឯកជន​គឺជា​វេទិកា​សន្ទនា​ក្នុង​ភាពជា​ដៃគូ ដើម្បី​ពិគ្រោះ​យោបល់​រួមគ្នា​រក​ដំណោះស្រាយ នូវ​រាល់​បញ្ហា​នានា​ដោយ​ឈរលើ​គោលការណ៍​ឈ្នះ​-​ឈ្នះ និង​ស្ថាបនា​គ្នា ឲ្យ​កាន់តែ​ល្អប្រសើរ​ទៅវិញទៅមក​។​លោក​អះអាងថា អង្គភាព​ពាណិជ្ជកម្ម​នា​នា​បាន​រង​ផលប៉ះពាល់​ដោយសារ​បញ្ហា​មួយចំនួន​ជាពិសេស​ក្នុងពេល​ដែលមាន​ភាពរ​អាក់រ​អួល​នៃ​ខ្សែ​ចង្វាក់ផ្គត់ផ្គង់​ ពាណិជ្ជកម្ម​អន្តរជាតិ​ ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ និង​កំណើន​ខ្ពស់​នៃ​អតិផរណា​ជាស​កល បណ្តាលមកពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ការបន្ត​អូសបន្លាយ​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​

លោក​បានថ្លែងដោយ អរគុណ​ចំពោះ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែល​បាន​ដោះស្រាយ​បញ្ហា​ចំពោះមុខ និង​សំណូមពរ​ចាំបាច់​នានា ក្នុងការ​ផ្តល់ និង​ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​បន្ថែមទៀត​នាពេល​កន្លងទៅ​។​

អគ្គនាយក​គយ​លោក គុណ ញឹម បាន​ថ្លែងដោយ សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​អ្នកចូលរួម​ទាំងអស់ និង​បានលើកឡើង​ពី​សារៈសំខាន់ និង​សមិទ្ធផល​ដ៏​ល្អប្រសើរ​ជា​បន្តបន្ទាប់​របស់​យន្ត​ការ ពិភាក្សាគ្នា​នេះ​។ លោ​កថា​ ស្ថាប័នគយ​នឹង​ទទួលយក​សំណូមពរ​នានា ដើម្បី​បន្ត​ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ពង្រឹង​ឧត្តមភាព​ប្រកួតប្រជែង​ក្នុង​តំបន់ ជាពិសេស​ក្នុង​បរិបទ​នៃ​ការ​ងើប​និង​ស្តារឡើងវិញ​នូវ​ការវិនិយោគ និង​ពាណិជ្ជកម្ម​អន្តរជាតិ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។​

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញ​ចំណាត់ការ​មួយចំនួន​ដើម្បី​ជួយ​ដល់​ផ្នែក​ឯកជន​ដែល​រួមមាន ការកាត់បន្ថយ​កម្រៃ​បំពេញបែបបទ​គយ (Customs Processing Fee) ការសម្រួល​លើ​ការដឹកជញ្ជូន​ឆ្លងកាត់ និង​ការអនុវត្ត​នីតិវិធី​គយ នៅ​មាត់ច្រក​ព្រំដែន​ និងការធ្វើ​សាមញ្ញ​កម្ម​នីតិវិធី​គយ​ក្នុងការ​ស្នើសុំ​ជា​ធុរជន​ល្អ​បំផុត (Best Trader) ឬ​ប្រតិបត្តិ​ករ​សេដ្ឋកិច្ច​ទទួលបាន​ការ​អនុញ្ញាត (AEO) ជាដើម​។​

ក្នុង​វេទិការ​នោះ សហប្រធាន​ទាំង២ឯកភាពគ្នា​លើកទឹកចិត្ត ឲ្យ​ក្រុមការងារ​ជំនាញ​ទាំង​៤ រួមមាន ក្រុមការងារ​គយ​-​ឧស្សាហកម្ម​បម្រើការ​នាំចេញ​វិស័យ​កាត់ដេរ​ ក្រុមការងារ​គយ​-​ឧស្សាហកម្ម បម្រើការ​នាំចេញ​វិស័យ​មិនមែន​កាត់ដេរ​ ក្រុមការងារ​គយ​-​ធុរកិច្ច​បម្រើ​ទីផ្សារ​ក្នុងស្រុក​ និង​ក្រុមការងារ​គយ​-​សហគ្រាស​ធុន​តូច​និង​មធ្យម បន្ត​លើកឡើង និង​សហការ​ដោះស្រាយ​បញ្ហា ដែល​អាច​នឹង​កើតឡើង​ជាយថាហេតុ​នាពេលខាងមុខ ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕