ភ្នំពេញៈ ក្រុមហ៊ុនសិលាផេបភើរជាក្រុមហ៊ុនដែលផ្ដោតលើការកែច្នៃម្រេចទៅជាផលិតផលសម្រេច ដើម្បីធ្វើការផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក ខណៈដែលបច្ចុប្បន្នក្រុមហ៊ុននេះបាននិងកំពុងបន្តនាំចេញផលិតម្រេចទៅកាន់បណ្តាប្រទេសជាច្រើន។
ស្ថាបនិកក្រុមហ៊ុនសិលាផេបភើរ (Sela Pepper) ខូអិលធីឌី បានឱ្យដឹងថា ការចាប់យកទីផ្សារអន្តរជាតិ គឺអាស្រ័យលើស្តង់ដា ចំណីអាហារដែលក្រុមហ៊ុនសិលាផេបភើរមាន ដូច្នេះហើយក្រុមហ៊ុនបានខិតខំប្រឹងប្រែងពង្រឹង គុណភាពដើម្បីឱ្យស្របទៅនឹងលក្ខខណ្ឌស្តង់ដាអន្តរជាតិ។
អ្នកនាង ស៊ឹង សុផា នាយិកាគ្រប់គ្រងនៃក្រុមហ៊ុនសិលាផេបភើរ ឱ្យដឹងថា កន្លងមកក្រុមហ៊ុន សម្រេចបាននូវវិញ្ញាបនបត្រសុវត្ថិភាពនិងស្តង់ដាអន្តរជាតិដូចជា BRC, Sedex ( SMETA 4 Pillars ) ISO 22000, ISO 140001 , ISO 9001, OU and Halal និង Organic ( EU, USDA & JAS)។ នៅក្នុងឆ្នាំ ២០២៣ ឆាប់ៗខាងមុខ ក្រុមហ៊ុនក៏មានគម្រោងបន្តយកស្តង់ដា Rain Forest Alliance ផងដែរដោយមើលឃើញការព្រួយបារម្ភរបស់សកលលោក អំពីបញ្ហាបម្រែបម្រួលអាកាសធាតុ និងតម្រូវការទីផ្សារ។
អ្នកនាង ស៊ឹង សុផា បញ្ជាក់ថា ផលិតផលម្រេចរបស់ក្រុមហ៊ុន Sela Pepper បានលេចឡើងនៅលើទីផ្សារប្រទេសជាច្រើនដូចជា នៅប្រទេសជប៉ុន ៥០០ កន្លែង និង online platform, ប្រទេសប៉ូឡូញ ក្នុងទីក្រុងវ៉ាសូវី ប្រទេសកូរ៉េ ប្រទេសថៃ ហុងកុង។ ក្រុមហ៊ុនក៏បាននាំចេញផលិតផលពាក់កណ្ដាលសម្រេចទៅប្រទេសអាល្លឺម៉ង់ វៀតណាម និងតៃវ៉ាន់ផងដែរ។
នាយិកាក្រុមហ៊ុនរូបនេះបន្តថា៖ «ក្នុងឆ្នាំ ២០២៣ យើងមានគម្រោងជំរុញការនាំចេញទៅកាន់ប្រទេសចិន ប្រទេសកូរ៉េ ប្រទេសជប៉ុន និងសហគមន៍ អឺរ៉ុប ហើយក្រុមហ៊ុននឹងបន្តយកចិត្តទុកដាក់ខ្ពស់ជាមួយកសិករដាំម្រេច ដើម្បីធានាបាននូវផលិតផលដែលមានគុណភាពល្អដាច់គេ»។
ចំពោះទីផ្សារក្នុងស្រុកវិញ អ្នកនាង ស៊ឹង សុផា បានមានប្រសាសន៍ថា៖ «យើងសង្កេតឃើញថា ទីផ្សារក្នុងស្រុកមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារតែប្រជាជនចាប់ផ្ដើមយល់ដឹងពីសុវត្ថិភាពចំណីអាហារ និងបង្កើននូវការគាំទ្រផលិតផលក្នុងស្រុក។ ម្យ៉ាងទៀតក៏ដោយសារការររីកចម្រើននៃវិស័យកែច្នៃចំណីអាហារផងដែរ»។
នាយិកាក្រុមហ៊ុនដដែលនេះ បានរៀបរាប់អំពីសកម្មភាពនានាដែលក្រុមហ៊ុនតែងតែធ្វើដើម្បីពង្រឹងគុណភាពម្រេចដូចជា ចុះតាមដានពីការដាំដុះ និងប្រមូលផល បង្ហាត់បង្ហាញពីការថែទាំ កត់ត្រាពីបញ្ហាដែលកសិករជួបប្រទះព្យាយាម ស្វែងរកជំនួយ និងជំនាញបច្ចេកទេសផ្សេងៗសម្រាប់វិស័យម្រេច និងការកែច្នៃដាក់នូវកិច្ចសន្យាកសិកម្ម និងផ្ដល់តម្លៃខ្ពស់ទៅលើផលិតផលល្អ ព្រមទាំងបង្កើតឱ្យមានការចូលរួមផ្ដល់មតិយោបល់លើបញ្ហាម្រេចទូទៅផងដែរ។
អ្នកនាងក៏មិនភ្លេចរំលេចពីការខិតខំប្រឹងប្រែងនិងការជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបើកទីផ្សារដ៏ធំទៅកាន់ប្រទេសចិន និងទីផ្សារដទៃទៀត ដូចជា FTAKorea, RCEP, UEA ដែលកំពុងធ្វើការចរចាផងដែរ។
នៅកម្ពុជាមានផ្ទៃដីចម្ការម្រេចប្រហែល ៦ ០០០ ហិកតា នៅក្នុងខេត្តចំនួន ១៨ ដែលក្នុងនោះចម្ការម្រេចមានច្រើននៅខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី៕