ភ្នំពេញៈ រដ្ឋាភិបាល​បានសម្រេច​សហការ​ជា​ផ្លូវការ​ជាមួយ​ធនាគារ​ក្នុងស្រុក​ចំនួន​ ៣​ ក្នុងការ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​អត្តសញ្ញាណប័ណ្ណ​មន្ត្រីរាជការ​ស៊ីវិល​ប្រភេទ​ថ្មី​ជា​ប្រភេទ​ស្មា​ត​កាត (Smart ID Card) និង​អនុញ្ញាតឱ្យ​ពួកគេ​ប្រើប្រាស់​ជា​បណ្ណ​សម្គាល់​ខ្លួន និង​អាច​ប្រើប្រាស់​សេវា​ហិរញ្ញ​វត្ថុ​នានា​បាន​ទៀតផង​។​

​ការប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​អត្តសញ្ញាណប័ណ្ណ​មន្ត្រីរាជការ​ស៊ីវិល​ប្រភេទ​ថ្មី នេះ​ត្រូវបាន​ប្រព្រឹត្តទៅ នា​រសៀល​ថ្ងៃ​ពុធ ទី​២៨ ខែធ្នូ ដែល​រដ្ឋា​ភិ​បាល​បានសម្រេច​ផ្តល់​ដល់​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ចំនួន ​៣ ​រួមមាន ធនាគារ​អេស៊ីលីដា ធនាគារ​កា​ណា​ឌី​យ៉ា និង​ធនាគារ​វី​ង បន្ទាប់ពី​ក្រសួង​​មុខងារសាធារណៈ​ទទួល​បានការ​អនុ​​ញ្ញាត​ពី​រដ្ឋាភិបាល​កាលពី​ថ្ងៃទី​ ៥ វិច្ឆិកា ឆ្នាំ​ ២០២១ ក្នុងការ​បោះពុម្ព​នូវ Smart ID Card នេះ​ដល់​មន្ត្រីរាជការ​ចំនួន ២២០ ០០០​ នាក់​។

​លោក ព្រុំ សុខា រដ្ឋមន្ត្រី​មុខងារ​សា​ធា​រណៈ​មានប្រសាសន៍​ក្នុង​ពិធី​ប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នោះ​ថា ដើម្បី​ឆ្លើយតប​ទៅនឹង​ដំណើរការ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​ ៤ ស្របពេល​ជាមួយនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥ ជា​ផែនទី​ចង្អុល​ផ្លូវ ក្នុង​គោលដៅ​ជំរុញ​ដំណើការ​បរិវត្ត​កម្ម​ឌីជីថល លើ​គ្រប់​តួអង្គ ក្នុង​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ទាំងមូល​។

​លោក​បាន​ថ្លែងថា​៖ «​សម្រាប់​ការ​ផ្តល់ជូន​នូវ​ស្មា​ត​កាត​ប្រភេទ​ថ្មី​នេះ​គឺ​មិន​ត្រឹម​ជា ID Card ទេ គឺអាច​បើក​លុយ​បាន​ទៀត គឺ​មន្ត្រីរាជការ​អាច​ប្រើប្រាស់​ជា​បណ្ណ​សម្គាល់​ខ្លួន​ដើម្បី​បម្រើ​ក្នុង​កិច្ចការ​នានា​បាន​ផងដែរ​។​កិច្ចសហការ​នេះ​គឺជា​ពន្លក និង​ជា​ចំណែក​មួយ​នៃ​គោលនយោបាយ​រដ្ឋាភិបាល និង​សង្គម​ឌីជីថល​ដែល​ក្រសួង​មុខងារសាធារណៈ​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការធ្វើ​ទំនើបកម្ម​នៃ​ប្រព័ន្ធ​ឌីជីថល​»​។

​បើ​យោងតាម​លោក ព្រុំ សុខា អត្ត​សញ្ញាណ​ប័ណ្ណ​ថ្មី​សម្រាប់​មន្ត្រីរាជការ​នេះ​មិនអាច​ប្រើប្រាស់​ជំនួស​អត្ត​សញ្ញាណ​ប័ណ្ណ​ប្រជាពលរដ្ឋ​បានទេ ព្រោះ​អត្តសញ្ញាណប័ណ្ណ​ប្រជាពលរដ្ឋ​គឺ​ប្រើប្រាស់​បាន​ច្រើនណាស់​។ អត្ត​សញ្ញាណ​ប័ណ្ណ​ប្រភេទ​ថ្មី​នេះ​គឺមាន​សុពលភាព ​១០ ​ឆ្នាំ​។​

​លោកស្រី សូ​ផន ណា​រី អនុប្រធាន​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​នៃ​ធនាគារ​ អេស៊ីលីដា បាន​មានប្រសាសន៍ថា អត្តសញ្ញាណប័ណ្ណ​ប្រភេទ​ថ្មី​នេះ​គឺអាច​ធ្វើ​ការដាក់​ប្រាក់ បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទដៃ និង​អាចបង្កើត​បណ្ណ​និមិត្ត​តាម​អេ​ធី​អឹម​ធនាគារ អេស៊ីលីដា ព្រមទាំង​អាច​ដក​ប្រាក់ និង​ផ្ទេរប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម​នៅ​គ្រប់​ធនាគារ ឬ​ស្ថាប័នហិរញ្ញវត្ថុ​បាន​គ្រប់ពេល​វេលា​។​

​លោកស្រី​បាន​បន្ថែមថា​៖ «​ការដាក់ឱ្យ​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​ថ្មី​នេះ ស​​បញ្ជាក់​ឱ្យឃើញថា វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ស្អិតល្មួត គាំទ្រ​គ្នា​ទៅវិញទៅមក មិនអាច​កាត់ផ្តាច់​ពីគ្នា​បានឡើយ ជាងនេះទៅទៀត ជា​លទ្ធផល​បង្ហាញឱ្យឃើញ​ថា វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ជាពិសេស ប្រទេស​កម្ពុជា​ទាំងមូល មានការ​រីកចម្រើន ជឿនលឿន ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាន់សម័យ ដូច​ប្រទេស​ជឿនលឿន​មួយចំនួន នៅក្នុង​តំបន់ និង​ក្នុង​ពិភព​លោក​»​។​

​លោកស្រី​បាន​ថ្លែងថា អត្តសញ្ញាណ​ប័ណ្ណ​មន្ត្រីរាជការ​ស៊ីវិល​ទម្រង់​ថ្មី​នេះ មានភ្ជាប់​និមិត្តសញ្ញា CSS (Cambodian Shared Switch) ដែលជា​បណ្ណ​អេ​ធី​អឹម សម្រាប់​បម្រើ​មន្ត្រីរាជការ​ស៊ីវិល ក្នុងការ​ទូទាត់​ទំនិញ​សេវាកម្ម​តាម​ម៉ាស៊ីន​ឆូត​កាត និង​តាម​អន​ឡាញ ជាមួយ​ដៃគូ​អាជីវកម្ម​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ជាមួយ​ធនាគារ អេស៊ីលីដា​។

​លោក យឺន សម្បត្តិ អគ្គនាយក​នៃ អគ្គនាយកដ្ឋាន IT របស់​ក្រសួង​មុខងារសាធារណៈ​បាន​មានប្រសាសន៍ថា កន្លងមក​រាជរដ្ឋាភិបាល​ធ្លាប់បាន​បោះពុម្ព និង​ផ្តល់ជូន​អត្តសញ្ញាណប័ណ្ណ​ជូន​មន្ត្រីរាជការ ដើម្បី​ប្រើប្រាស់​ជា​ផ្លូវការ ប៉ុន្តែ​ការផ្តល់ជូន​នេះ​បាន​អាក់ខាន​ចាប់តាំងពី​ឆ្នាំ​ ២០១៥ រហូតដល់​សព្វថ្ងៃ​។

​លោក​ថា ដោយ​ផ្អែកលើ​ការវិវឌ្ឍ​ជឿនលឿន​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា អគ្គនាយកដ្ឋាន​របស់​លោក​ចាប់ផ្តើម​ធ្វើការ​សិក្សា និង​រៀបចំ​បោះពុម្ព និង​ផ្តល់ជូន​អត្តសញ្ញាណប័ណ្ណ​ជូន​មន្ត្រី​​រាជការ​ស៊ីវិល​ឡើងវិញ​ដែល​បច្ចុប្បន្ន​មាន​ចំនួន​ប្រមាណ​ជាង​ ២២ ​ម៉ឺន​នាក់​ទាំង​នៅតាម​ក្រសួង ស្ថាប័ន​ថ្នាក់ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ទម្រង់​ថ្មី​នេះ​។

​លោក​បញ្ជាក់ថា​៖ «​ដើម្បី​ធានា​ភាព​សម្ងាត់​នៃ​ទិន្នន័យ​របស់​មន្ត្រីរាជកា​រ​ស៊ីវិល ដែល​ត្រូវ​បញ្ចូល​ពី​ប្រព័ន្ធ​ព័ត៌មានវិទ្យា​របស់​ក្រសួង​មុខងារ​សាធារណៈ​ទៅកាន់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​របស់​ធនា​គារ​ដៃគូ តាមរយៈ​ប្រព័ន្ធ API ក្រសួង​មុខងារសាធារណៈ​បាន​សហការ​ជាមួយ​ដៃគូ​ទាំង​ ៣ រៀបចំ​ជា​កិច្ច​ព្រមព្រៀង​រក្សា​ព័ត៌មាន​សម្ងាត់​មុននឹង​ឈានទៅ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តីពី​ការបោះពុម្ព​អត្តសញ្ញាណ​ប័ណ្ណ​ប្រភេទ​នេះ​នៅ​ថ្ងៃទី​ ២៤ ខែមីនា ឆ្នាំ​ ២០២២»​។

​លោក​ថា ក្នុង​រយៈពេល​ ៥ ​ថ្ងៃ​ដែល​បាន​ដាក់ឱ្យ​ដំណើរការ ស្នើសុំ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​នេះ គិតដល់​ត្រឹម​ថ្ងៃទី​ ២៨​ ធ្នូ ក្រសួង ស្ថាប័ន​សរុប​ចំនួន​ ១៧ ដែលមាន​មន្ត្រី​សរុប​ចំនួន ១ ៨៥៩ បាន​ផ្ញើ​ទិន្នន័យ​ដើម្បី​ស្នើសុំ​អត្តសញ្ញាណប័ណ្ណ ក្នុងនោះ​បណ្ណ​ចំនួន​ ៤៩៧ ​សន្លឹក​សម្រាប់​ក្រសួង​ចំនួន​ ១១ ត្រូវបាន​បោះពុម្ព​រួច​ដោយ​ធនាគារ​ដៃគូ​ទាំង ​៣ ដែល​នឹងត្រូវ​ផ្តល់ជូន​នៅពេលនេះ​៕