ភ្នំពេញៈ ពី ១ឆ្នាំ ទៅ ​១ ឆ្នាំ ពិភព​លោក​កាន់​តែ​ដើរ​ទៅ​ជិត​នឹង​មហន្ត​រាយ​ដែល​បង្ក​ឡើង​ដោយ​មនុស្ស​ខ្លួន​ឯង​ដូច​ជា ការ​កាប់​ព្រៃ​ឈើ ការ​ចោល​កាក​សំណល់ ​ការ​បរបាញ់ ឬ​នេសាទ​ហួស​ព្រំដែន ​ការ​បំពុល​ចេញពី​រោង​ចក្រ​សហ​គ្រាស​ និង​សកម្ម​ភាព​ជាច្រើន​ទៀ​តដែល​បាន​ញ៉ាំង​ឱ្យ​ការរស់​នៅ​របស់​មនុស្ស​សត្វ​មាន​ការ​ប្រែប្រួល​យ៉ាង​លឿន​។

​ជា​រៀង​រាល់​ឆ្នាំ គ្រោះ​ទឹក​ជំនន់ គ្រោះ​រញ្ជួយ​ដី បាក់​ស្រុត​ច្រាំង​ទន្លេ ​ខ្យល់​ព្យុះ បាន​ឆក់យក​ជីវិត​មនុស្ស ជាច្រើន​នាក់ រីឯ​ការរស់នៅ​ក៏​ផ្លាស់ប្ដូរ​ទៅតាម​នោះដែរ​។ ផ្ទៃដី​ដែល​ធ្លាប់​តែមាន​ជីជាតិ បច្ចុប្បន្ន ដី​ពោរពេញ​ទៅដោយ​ការបំពុល ហើយ​ដែល​ច្បាស់​ណាស់​ថា វា​នឹង​ជះ​ផល​បន្ត​ដល់​ការដាំដុះ​ដំណាំ​។បើកាលណាការដាំដុះ​ត្រូវបាន​បំពុល​ហើយ​នោះ កសិផល​ដែល​មនុស្សជាតិ​ទទួលទាន ក៏​នឹង​បង្ក​ការប៉ះពាល់​ដល់​សុខភាព​ពួកគេ​ផងដែរ​។​

​ក្នុងនាម​ជា​ប្រទេស​ដែល​អំណោយផល​លើ​វិស័យ​កសិកម្ម​ដែរនោះ កម្ពុជា​កំពុង​គិតគូរ​យ៉ាង​យកចិត្តទុកដាក់ចំពោះ​បច្ចេកវិទ្យា​ថ្មីៗ​នានា​ដែល​អាច​ជំរុញ​ទិន្នផល​ការដាំដុះ​កាន់តែ​ប្រសើរ ដើម្បី​ផ្គត់ផ្គង់តម្រូវការ​ទីផ្សារ​ក្នុងនិង​ក្រៅ​ស្រុក​។ មិន​ត្រឹមតែ​ទិន្នផល បញ្ហា​សុវត្ថិភាព​ក៏ត្រូវ​បាន​គេ​គិតគូរ​យ៉ាង​ល្អិតល្អន់​ផងដែរដើម្បី​បម្រើឱ្យ​សុខុមាលភាព​របស់​អ្នក​បរិភោគ​។​

​ដោយ​ឃើញ​ពី​ភាពចាំបាច់​នៃ​វិស័យនេះ សហគ្រិន​ស្ត្រី​១រូប​បានសម្រេច​ចិត្ត​ធ្វើការ​លើ​វិស័យនេះដើម្បី​ធ្វើយ៉ាងណា បង្កើត​នូវ​កសិកម្ម​បែប​ថ្មី ដែលជា​កសិកម្ម​គំរូ និង​ត្រូវ​តាម​ស្តង់ដា​ចំណីអាហារ​។ បង្កើតឡើងបាន​ជាង​១០​ឆ្នាំ ក្រុមហ៊ុន Cambodian Standard Development and Supply (CSDS)បាន​ខិតខំ​ជំរុញ​ឱ្យ​វិស័យ​កសិកម្ម​មាន​ភាពទូលំទូលាយ និង​ត្រូវ​ស្តង់ដា​។​

​អ្នកស្រី ចៅ លន់​មូលី​កា ដែលជា​ស្ថាបនិក​ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា អ្នកស្រី​ជ្រើស​រើសយក​មុខរបរ ដាំ​បន្លែ​ផ្លែឈើ​សុវត្ថិភាព ក៏​ដោយសារតែ​មើលឃើញ​ពី​បញ្ហា​សុខភាព​ដែល​ប្រជាជន​កំពុង​ជួបប្រទះ ដែល​ភាគច្រើន​ត្រូវបាន​បង្កឡើង​ដោយ​ចំណីអាហារ​។

​អ្នកស្រី បានថ្លែងថា ៖ «​ក្រុមហ៊ុន​យើង​បាន​យកចិត្តទុកដាក់​យ៉ាងសំខាន់​ទៅលើ​បញ្ហា​សុវត្ថិភាព​ចំណីអាហារ​ជា​ចម្បង ដោយ​យើង​បានគិត​គូ​រពី​គុណភាព​របស់​ផលិតផលចាប់តាំងពី​ការដាំដុះ​របស់​កសិករ​ជាមួយនឹង​ស្តង់ដា​បច្ចេកទេស Good Agriculture Practice»​។​

​អ្នកស្រី ចៅ លន់​មូលី​កា បាន​បន្តថា៖ «​យើង​ក៏មាន​ការគិតគូ​រពី​ការ​វេច​ខ្ចប់ ការលាង​សម្អាត ការដឹកជញ្ជូន និង​ការរក្សា ទុក​នៅក្នុង​សីតុណ្ហភាព​ត្រជាក់ ដើម្បី​ធានា​គុណភាព​កសិផល​ដែល​ប្រមូល​មក​បាន​»​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះក្រុមហ៊ុន​របស់​អ្នកស្រី​បាន​ចុះ​ទៅដល់​មូលដ្ឋាន ពោលគឺ​ជួប​ជាមួយ​អ្នក​ដាំ​ដុះ​ផ្ទាល់ដើម្បី​បង្រៀន​ពួកគេ​ពី​បច្ចេកទេស​ដាំ​ដុះ​ថ្មីៗ ទំនើបៗ​មួយចំនួន​។ មិន​ត្រឹមតែ​ជួប​ជាមួយ​កសិករ អ្នកស្រី​ថែមទាំង​បាន​បង្កើត​វេទិកា​ជួបជុំ​ជាមួយ​អតិថិជន ដើម្បី​បង្រៀន​ពួកគេ​ឱ្យ​យល់​អំពី​ស្តង់ដាសុវត្ថិភាព​ចំណីអាហារ​ផងដែរ​។​

​ដោយឡែក បច្ចុប្បន្ននេះ​ក្រុមហ៊ុន​អ្នកស្រី ក៏បាន​សហកា​ជាមួយ​សហភាពក៏ដូចជា​សមាគម​ចំនួន​១៣​នៅ​កម្ពុជា​ក្នុងការ​ប្រមូល​នូវ​កសិផល​ក្នុងស្រុក រួមមាន បន្លែ និង​ផ្លែឈើ ​សម្រាប់​យកមក​ផ្គត់ផ្គង់​នៅតាម​សាលារៀន មន្ទីរពេទ្យ សណ្ឋាគារ ភោជនីយដ្ឋាន ក៏ដូចជា​កប៉ាល់​ទេសចរណ៍​ជាដើម​។​

​យ៉ាងណាមិញ វា​ហា​ក់នៅ​មិនទាន់​គ្រប់គ្រាន់​ទេ​សម្រាប់អ្នកស្រី ដោយ​ក្រុមហ៊ុន​ខាងលើ​មាន​ចក្ខុវិស័យ វែងឆ្ងាយ​ទៅមុខទៀត​។បើ​តា​មស្ថាបនិក​ក្រុមហ៊ុន​ដដែល​នេះ​បានឱ្យដឹងថា៖«​ចក្ខុវិស័យ​យើង​គឺ​ធ្វើយ៉ាងណា​រក្សា​ស្តង់ដា​សុវត្ថិភាពចំណីអាហារ​ព្រមទាំង​ផ្ដល់ទៅឱ្យ​ស្ថិរភាព​ចំណូល​របស់​កសិករ ឬក៏​ក្រុម​កសិករ​ជាប់កិច្ចសន្យា​របស់​យើង និង​ពង្រីក​បន្ថែម​នៅ​ទូទាំងប្រទេស ក៏ដូចជា​ផ្ដល់នូវ​ការងារ​ដល់​បុគ្គលិក​កម្មករ​បន្ថែមទៀត​»​។​

​ប៉ុន្តែ​យ៉ាងណា បើទោះបីជា​ក្រុមហ៊ុន​អ្នកស្រី​មានបទពិសោធន៍​លើ​វិស័យ​កសិកម្ម​យូរ​ឆ្នាំ ក៏​អ្នកស្រី​នៅតែជួបប្រទះ​បញ្ហា​ជារឿយៗ​។ បញ្ហា​ចម្បង​ដែល​អ្នកស្រី​អះអាងថា ​ខ្លួន​ត្រូ​វដោះស្រាយ​នោះ​គឺការ​ប្រឈមជាមួយ​ការប្រែប្រួល​អាកាសធាតុ ដែលនាំឱ្យ​រាំងស្ទះ​ដល់​ការដាំដុះ​របស់​កសិករ និង​មាន​បញ្ហា​ផ្គត់ផ្គង់ តម្រូវការ​ទីផ្សារ​មិន​គ្រប់គ្រាន់​ជាដើម​។

​កន្លងមក អ្នកស្រី​បានផ្ដល់​ជា​ផ្ទះ​សំណាញ់​ដើម្បី​ទប់ទល់​ជាមួយ​កម្ដៅ​ទៅដល់​កសិករ​ដែលមាន​ចុះកុងត្រា​ជាមួយ​ក្រុមហ៊ុន​អ្នកស្រី ព្រមទាំង​ផ្ដល់​ជា​ផ្ទាំង​សូ​ឡា​សម្រាប់​បូមទឹក ដែល​វា​មិន​ត្រឹមតែ​ចំណេញ​ថវិកា តែ​ក៏បាន​រួមចំណែក​ជួយ​ដល់​បរិស្ថាន​ផងដែរ​។​

​ដោយឡែក ការខិតខំ​របស់អ្នក​ស្រី ចៅ លន់​មូលី​កា ជាង១០​ឆ្នាំ​មកនេះ ក៏បាន​ហុច​ផល​ទៅដល់​អ្នកស្រី​ផ្ទាល់​ផងដែរ ដោយ​ថ្មីៗ​នេះ​អ្នកស្រី ទទួលបាន​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា(CYEA)ផ្នែក​ធុរកិច្ច​បរិ​យាប័​ន្ន ហើយ​កាលពី​ខែតុលា ឆ្នាំ​២០២២​កន្លងទៅ អ្នកស្រី​ក៏​ជាប់​ជា​ជយលាភី​សហគ្រិន​ស្ត្រីអាស៊ាន​ផងដែរដែល​ប្រព្រឹត្តទៅ​នាឱកាស​កិច្ចប្រជុំ​កំពូល​ស្ត្រី​អាស៊ាន​លើក​ទី២៕