ភ្នំពេញៈ ការគ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​​ ១៩ ដោយ​ប្រសិទ្ធភាព និង​បើក​ប្រទេស​ឡើងវិញ​ឆាប់រហ័ស បាន​ជួយ​ឱ្យ​កម្ពុជា​អាច​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​ជាង ១,៩ ​លាន​នាក់​ក្នុង​រយៈពេល ១១ ​ខែ​ឆ្នាំ​ ២០២២ កើន​ជាង ១០០០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម​របាយការណ៍​ក្រសួងទេសចរណ៍​។​

​ទិន្នន័យ​ក្រសួងទេសចរណ៍​ដែល​ទើប​ផ្សព្វផ្សាយ​ចុង​សប្តាហ៍​មុន បង្ហាញថា ចាប់ពី​ខែមករា​​វិច្ឆិកា ឆ្នាំ​ ២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ១ ៩១៤ ០៥៥​ នាក់ កើនឡើង ១ ០៧១,៦​ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ១៦៣ ៣៦៦​ នាក់​។ ក្នុង​រយៈពេល​ដូចគ្នានេះ​កាលពី​ឆ្នាំ​ ២០២០ កម្ពុជា​បានទទួល​ភ្ញៀវ​អន្តរជាតិ ១ ២៨៦ ០៧៤​ នាក់ ខណៈ​ឆ្នាំ ​២០១៩ ដែលជា​ពេល​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ច្រើន​បំ​ផុត​នោះ គឺ​រយៈពេល​ ១១​ ខែ​មាន​ភ្ញៀវ​រហូតដល់ ៥ ៨៩៨ ១៣០​ នាក់​។​

​បើតាម​ទិន្នន័យ​ខាងលើ ភ្ញៀវ​ជនជាតិ​ថៃ មាន​ចំនួន​ច្រើនជាងគេ គឺ ៧២០ ២០៣​ នាក់ កើន​ ៨៦៨,៧​ ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ស្មើនឹង ៣៧,៦​ ភាគរយ នៃ​ចំនួន​ភ្ញៀវ​សរុប​, វៀតណាម ៤០១ ១៩៣ ​នាក់​កើន ២ ៨៤៣,៥ ​ភាគរយ​, ចិន ៩០ ៦៤៨​ នាក់ កើនឡើង ១១៣,៨ ​ភាគរយ​, អាមេរិក ៧៦ ៦៧០ ​នាក់ កើនឡើង ១៦៥១,៧​ ភាគរយ​,​ឡាវ ៧៤ ៣២៧​ នាក់ កើន ៣៣ ៨៣៩ ​ភាគរយ​, ឥណ្ឌូនេស៊ី ៦៨ ១៦៧​ នាក់ កើន ១ ០២២,៣​ ភាគរយ និង​ប្រទេស​មួយចំនួនទៀត​ដូចជា កូរ៉េខាងត្បូង បារាំង ម៉ា​ឡេ​ស៊ី និង​អង់គ្លេស ជាដើម​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន បាន​ប្រាប់​ឱ្យដឹងថា ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ធ្វើដំណើរ​មក​កម្ពុជា​កើនឡើង​វិញ​ជា​បន្តបន្ទាប់ ពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។ ចំនួន​នេះ​ត្រូវ​រំពឹងថា នឹង​កើន​ថែមទៀត​ក្នុង​ឆ្នាំ​ ២០២៣ នេះ ខណៈ​បច្ចុប្បន្ន​ចំនួន​ក្រុម​ហ៊ុន​/​ទីភ្នាក់ងារ​ទេសចរណ៍ និង​ភ្ញៀវ​អន្តរជាតិ ដែល​បាន​ស្វែង​​រក​ព័ត៌មាន​ទាក់ទង​នឹង​សេវាកម្ម​ទេសចរណ៍​កម្ពុជា ដូចជា ជើង​ហោះហើរ​, តំបន់​ទេសចរណ៍​, កន្លែង​ស្នាក់នៅ​, ម្ហូបអាហារ និង​សេវាកម្ម​មគ្គុទ្ទេសក៍​កំពុង​កើន​ឡើងជា​លំដាប់​។ លោកស្រី​បន្តថា ភ្ញៀវ​ចិន​នឹងមាន​កំណើន​ខ្ពស់​ក្នុង​ឆ្នាំ​ ២០២៣ នេះ​។​

​លោកស្រី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១ ខែមករា​ថា​៖ «​ដោយ​សារ​តែ​មុន​វិបត្តិ​កូ​វីដ​ ១៩ កម្ពុជា​ធ្លាប់​ទទួលបាន​ភ្ញៀវ​ជនជាតិ​ចិន​ច្រើន ដូច្នេះ​ការបើក​ទូលាយ​ឡើងវិញ​របស់​ប្រទេស​ចិន នឹង​ជួយ​ឱ្យ​កម្ពុជា​ស្រូប​ទាញ​ទេស​ចរ​ចិន​បាន​ច្រើន​ក្នុង​ឆ្នាំ​ ២០២៣ នេះ​»​។

លោកស្រី​បន្តថា​៖ «​នៅពេលនេះ​ក្រុមហ៊ុន​/​ទីភ្នាក់ងារ​ដែល​ធ្លាប់មាន​អតិថិជន​ជា​ជន​ជាតិចិន គឺ​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ជា​បណ្តើរៗ​ហើយ​»​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កម្ពុជា បាន​និយាយថា ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មក​កម្សាន្ត និង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា បាន​ហក់​ឡើង​ច្រើន​នៅ​ចុងឆ្នាំ​ ២០២២ ធៀប​ទៅនឹង​ឆ្នាំមុន​។ ទោះយ៉ាងណា ចំនួន​នេះ​គឺ​នៅមាន​គម្លាត​ឆ្ងាយ​បើ​ធៀប​នឹង​អំឡុង​ឆ្នាំ​ ២០១៩ ដែល​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរ​ជាតិ​ដល់​ជាង ៦​ លាន​នាក់​។

​លោក​ថ្លែងថា​៖ «​កំណើន​នៅពេលនេះ​ជា​សញ្ញា​ល្អ​សម្រាប់​អ្នក​ក្នុង​វិស័យ​ទេសចរណ៍ ប៉ុន្តែ​ភាពផុយស្រួយ​គឺ​នៅតែមាន​ច្រើន ព្រោះ​ភាពមិន​ចុះសម្រុង​គ្នា​រវាង​ប្រទេស​ធំៗ​។ ភ្ញៀវ​ក្នុង​តំបន់​នឹង​នៅ​បន្ត​ជា​អាទិភាព​នៅក្នុង​ដំណាក់កាល​នេះ​»​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន កាលពី​ថ្ងៃទី​ ៩ ខែកញ្ញា ឆ្នាំ​ ២០២២ ធ្លាប់​លើកឡើងថា តាម​ការ​ព្យាករ​ក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​អាច​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ចន្លោះ​ពី ១,៥-២ ​លាន​នាក់​។​

​ទោះជា​យ៉ាងណា លោកស្រី ស៊ី​លីន បាន​និយាយថា តាម​ការ​ព្យាករ​ចុងក្រោយ​របស់​ក្រសួងទេសចរណ៍ គឺ​នៅក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​អាចនឹងទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ២,២​ លាន​នាក់​។​

​ក្រសួងទេសចរណ៍​ឱ្យដឹងថា កាលពី​ឆ្នាំ​ ២០២១ កម្ពុជា​បានទទួល​ទេសចរ​អន្តរជាតិ​សរុប ១៩៦ ៤៩៥​ នាក់ ថយចុះ ៨៥​ ភាគរយ​ធៀប​ឆ្នាំ ២០២០ ដោយ​រកចំណូលបាន ១៨៤​ លាន​ដុ​ល្លារ ថយ ៨២ ​ភាគរយ​៕