ភ្នំពេញៈ ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា និង​អាមេរិក មាន​ទឹកប្រាក់​សរុប​ជាង ៨,៥​​​ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ១១ ​ខែ​ឆ្នាំ​ ២០២២ កើន​ជាង ១/៥​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែល​ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​នាំទៅ​អាមេរិក គ្រប​ដណ្តប់​រហូត​ជាង ៩៦​ ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​-​នាំចូល​សរុប​។​

​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា ចាប់ពី​ខែមករា​ដល់​ខែវិច្ឆិកា ឆ្នាំ ​២០២២ ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា​-​អាមេរិក មានតម្លៃ​សរុប ៨ ៥១០,៤១៣​ លាន​ដុល្លារ​កើនឡើង ២១,៨ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ៦ ៩៨៧,៩៩១​លាន​ដុល្លារ​។​

​ផ្អែក​តាម​ទិន្នន័យ​ខាងលើ គឺ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក រយៈពេល ១១​ ខែ ឆ្នាំ ​២០២២ មាន​ទឹកប្រាក់ ៨២១៧,៦១៤​ លាន​ដុល្លារ កើន ២៣ ​ភាគរយ​ពី​ចំនួន ៦ ៦៨០,៤៩៤​ លាន​ដុល្លារ ចំណែក​ទំនិញ​នាំ​ពី​អាមេរិក​មក​កម្ពុជា មាន ២៩២,៧៩៨​ លាន​ដុល្លារ​ធ្លាក់ចុះ ៤,៨​ភាគរយ ពី​ចំនួន ៣០៧,៤៩៧​ លាន​ដុល្លារ​។​

​បើតាម​តួលេខ​នេះ គឺ​ជញ្ជីង​ពាណិជ្ជ​កម្ម​កម្ពុ​ជាមាន​ឧត្តមភាព​ប្រមាណ ៧ ៩២៤,៨១៦ ​លាន​ដុល្លារ​។ អាមេរិក​គឺជា​ទីផ្សារ​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា​ច្រើនជាងគេ​ដោយមាន​ចំណែក​ទីផ្សារ ៤០,២​ ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា និង​ឈរ​នៅ​លេខ ១១ ​ជា​ប្រទេស​នាំ​ទំនិញ​មក​កម្ពុជា ដែលមាន​ចំណែក​ទីផ្សារ​ត្រឹម ១,១ ភាគរយ​។​

​ដោយឡែក​បើ​គិតពី​ចំនួន​ទឹកប្រាក់​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ខែវិច្ឆិកា ឆ្នាំ ​២០២២ គឺមាន​ចំនួន ៦២០,១៧៨ ​លាន​ដុល្លារ ធ្លាក់ចុះ ២,២៨​ភាគរយ​។ ការនាំ​ចេញពី​កម្ពុជា មាន​ ៦០៥,២៤៦​ លាន​ដុល្លារ ធ្លាក់ចុះ ០,៩​ភាគរយ និង​នាំចូល ២០,២៤១​ លាន​ដុល្លារ ធ្លាក់ចុះ ៣១,២​ភាគរយ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១ ខែមករា ឆ្នាំ​ ២០២៣ ថា មូល​ហេតុដែល​ធ្វើឱ្យ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក​កើនឡើង​គឺ​រួមមាន ការបន្ត​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP និង​ការលើកលែង​ពន្ធ ១០០​ភាគរយ​ពី​ការនាំចេញ​ផលិត​ផល​បន្ទះ​សូ​ឡា និង​ផលិតផល​អគ្គិ​ស​នីមួយ​ចំនួន​, ច្បាប់​វិនិយោគ​កម្ពុ​ជាមាន​លក្ខណៈ​អំណោយផល​, ផលិត​ផល​កម្ពុ​ជាមាន​ភាព​ចម្រុះ និង​គុណ​ភាព​កម្រិតស្តង់ដា​, និង​មាន​ក្រុមហ៊ុន​បញ្ជា​ទិញ​ច្រើន​។

លោក​បន្តថា ទោះបី​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​ពេលនេះ​មិនទាន់​រឹងមាំ ប៉ុន្តែ​លោក​ជឿថា ទីផ្សារ​ទំនិញ​កម្ពុជា​ទៅ​អាមេរិក​នឹង​នៅ​បន្ត​សញ្ញា​វិជ្ជមាន​ថែមទៀត​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ពាណិជ្ជកម្ម​ទ្វេភាគី ពិសេស​ការនាំចេញ​រប​ស់​កម្ពុជា​នឹង​កើន​ថែមទៀត ព្រោះ​កិច្ចសហ ប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង ២ កំពុងមាន​ភាព​រីកចម្រើន​គួរឱ្យកត់សម្គាល់​នាពេល​ថ្មីៗ​នេះ​»​។​

​យោងតាម​លោក លឹម ហេង ការធ្វើដំណើរ​មក​ប្រទេស​កម្ពុជា​របស់លោក​ប្រធានាធិបតី​អាមេរិក Joe Biden កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២២ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក ក៏បាន​រួមចំណែក​យ៉ាងច្រើន​ក្នុងការ​បើកឱកាស ក៏ដូចជា​ផ្តល់​ទំនុក​ចិត្ត​សម្រាប់​វិនិយោគិន​អាមេរិក​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​ដែរ​។​

​ភាគច្រើន​នៃ​ផលិតផល​កម្ពុជា​នាំទៅ​អាមេរិក ជា​សម្លៀកបំពាក់ ផលិត​​ផល​ធ្វើដំណើរ ស្បែកជើង គ្រឿង​បង្គុំ​អេឡិចត្រូនិក​​អគ្គិសនី និង​កង់ ខណៈ​ទំនិញ​អាមេរិក​នាំមក​កម្ពុ​ជាមាន​ដូច​​ជា រថយន្ត ឧបករណ៍​អេឡិចត្រូនិក គ្រឿង​ម៉ាស៊ីន ផលិតផល​ប្រើ​បច្ចេក​វិទ្យា​ទំនើបៗ និង​ឱសថ​។ នេះ​បើតាម​លោក លឹម ហេង​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក នៅតែ​បង្ហាញ​សញ្ញា​វិជ្ជមាន​ទោះបី​ឆ្នាំ​ ២០២២ កន្លងមក​កំណើនសេដ្ឋកិច្ច​ពិភពលោក​មិនទាន់​ល្អ​ក៏ដោយ​។ កិច្ច​សន្ទនា​ល្អៗ​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ ២ ជាពិសេស​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​មក​កម្ពុជា គឺជា​ព័ត៌មាន​ល្អ​សម្រាប់​អ្នកវិនិយោគ ឬ​ក្រុមហ៊ុន​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​។ លោក​បាន​បញ្ជាក់ថា បរិមាណ​ទំនិញ​កម្ពុជា​នាំទៅ​ទីផ្សារ​អាមេរិក នឹង​រីក​ធំ​ថែមទៀត ហើយ​អាច​នឹងមាន​លក្ខណៈ​ចម្រុះ​កាន់តែច្រើន​ផងដែរ​។​

​លោក​អះអាងថា​៖ «​បើ​មើល​ទៅលើ​ទិដ្ឋភាព​ទូទៅ គឺ​ភាព​វិជ្ជមាន​នេះ​នឹង​បន្ត​មាន​ទៀត ហើយនឹង​មិនមែន​សុទ្ធតែជា​ផលិតផល​វាយ​ន​ភណ្ឌ​ឡើយ​»​។​

​ទោះជា​យ៉ាងណា លោក​បញ្ជាក់ថា កំណើន​ការនាំចេញ​របស់​កម្ពុជា​ក្នុង​រយៈពេល​ជិត ១​ ឆ្នាំ​ ២០២២ កន្លងមក​ក៏​ដោយសារតែ​កម្ពុជា​ទទួល​បាន​ភាព​ចំណេញ​ពី​ទីផ្សារ​ប្រទេសមួយ​ចំនួន​ដែល​ជួប​វិបត្តិ​បណ្តាលមកពី​ការ​គ្រប់​​គ្រង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ មិនបាន​ល្អ និង​ប្រទេស​មួយចំនួន​ដែលមាន​បញ្ហា​អសន្តិសុខ​ផងដែរ​។​

​ក្នុង​ឆ្នាំ​ ២០២១ ពាណិជ្ជកម្ម​រវាង​ប្រ​ទេស​ទាំង ២ មានតម្លៃ ៧ ៨២៦,៤៩ ​លាន​ដុល្លារ កើន ៤០,៤​ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២០​។ នេះ​បើតាម​អគ្គ​នា​​យក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​៕​