ភ្នំពេញៈ ​ក្រសួង​ពាណិជ្ជ​កម្ម​អំពាវ​នាវ​ឱ្យ​ផលិតករ​ក្រុម​ហ៊ុន​ផ្តល់​សេវា​ និង​សហគ្រិន​ក្នុង​ស្រុក​ចូល​រួម​ក្នុង​ពិព័រណ៍​សិប្ប​កម្ម​និង​វត្ថុ​អនុស្សាវរីយ៍​ឥណ្ឌា ​លើក​ទី៥៥ ​ (IHGF) ​ពិព័រណ៍​និទាឃ​រដូវ​ដេល្លី​២០​២៣ ​ដើម្បី​ឆ្លៀតឱកាស​បង្ហាញ​ផលិត​ផល​ ឬ​សេវា​កម្ម​ ក៏​ដូច​ជា​ស្វែង​រក​ដៃ​គូអាជីវ​កម្ម​ ដែល​មក​ពី​ជុំវិញ​ពិភព​លោក​។

​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម The 55th Indian Handicrafts &Gifts Fair (IHGF) Delhi Fair (Spring) 2023 ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី​១៥-១៩ ​ខែ​មីនា​ ឆ្នាំ​២០​២៣​ នៅ​មជ្ឈម​ណ្ឌល​តាំង​ពិព័រណ៍ ​និង​ម៉ាត​ហ្រ្គីត​ធ័រ​ណយ​ដា ​ទី​ក្រុង​ញូវ​ដែលី​ ប្រទេស​ឥណ្ឌា​។

​«ពិព័រណ៍​ផលិត​ផល​សិប្បកម្ម​ និង​វត្ថុ​អនុស្សាវរីយ៍​ឥណ្ឌា​លើក​ទី៥៥ (IHGF) ​មិន​ត្រឹម​តែ​ជា​វេទិកា​សម្រាប់​អ្នក​ទិញ​ និង​ការ​បញ្ជា​ទិញ​មក​ពី​ជុំវិញ​ពិភព​លោក​នោះ​ទេ​ ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​ផ្តល់​ឱកាស​ទីផ្សារ​ ការ​ធ្វើ​ជំនួប​ពាណិជ្ជ​កម្ម​សម្រាប់​អ្នក​តាំង​បង្ហាញ​គ្រប់​ប្រទេស​ លើ​ផលិត​ផល​សិប្ប​កម្ម​ និង​វត្ថុ​អនុស្សាវរីយ៍​ផង​ដែរ​»។ នេះ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជ​កម្ម​។​​

​លោក​ ប៉ែន​ សុវិ​ជាតិ​ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​ឱ្យ​ដឹង​ថា ​ផលិតករ​ វិនិយោ​គិន​ និង​អ្នក​ផ្តល់​សេវាកម្ម​ក្នុង​ស្រុក​គួរ​តែ​ចូល​រួម​ក្នុង​ពិព័រណ៍​នេះ ​ព្រោះថា​វា​ប្រមូល​ផ្តុំ​ក្រុម​ហ៊ុន​ទាំង​អស់​នៅ​ជុំវិញ​ពិភព​លោក​ ដែល​ជា​ឱកាស​ល្អ​ក្នុង​ការ​កសាង​ការ​ចូល​រួម​។

​លោក​ថ្លែង​ថា៖​ «ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​ផលិតក​រ វិនិយោគិន​ និង​ក្រុម​ហ៊ុន​ផ្តល់​សេវា​កម្ម​ក្នុង​ស្រុក​របស់យើង​ឱ្យ​ចូល​រួម​ក្នុង​ការ​តាំង​ពិព័រណ៍​នេះ ​ព្រោះវា​នឹង​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ឱកាស​ដ៏ល្អ​ក្នុង​ការ​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ ដើម្បី​ស្វែង​រក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ ឬ​ស្វែង​រក​ដៃ​គូ។​ ទន្ទឹម​នឹង​នេះ ​ពួក​គេក៏​អាច​ប្រើប្រាស់​ឱកាសដើម្បី​បង្ហាញ​ផលិត​ផល​ ឬ​សេវា​កម្ម​របស់​ពួក​គេ​ទៅ​កាន់​វិនិយោគិន​ទាំង​អស់​ដែល​មក​ពី​តំបន់​ និង​ពិភ​ពលោក​ផង​ដែរ​»។

​ស្ថិតិ​របស់​ក្រសួង​បង្ហាញ​ថា​ កម្ពុជា​-ឥណ្ឌា ​ក៏​មាន​គម្រោង​បើក​កិច្ច​ពិ​ភាក្សា ​ដើម្បី​ធ្វើការ​លើ​កិច្ច​ព្រម​ព្រៀងពាណិជ្ជ​កម្ម​សេរី​ សំដៅ​ជំរុញ​ពាណិជ្ជ​កម្ម​ និង​ការ​វិនិយោគ។​

យោង​តាម​ក្រសួង​ពាណិជ្ជ​កម្ម​ ក្នុង​រយៈពេល​១១ខែ​ដំបូង​ ពាណិជ្ជ​កម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​២​មាន​ចំនួន​សរុប​២៧៤,២០​ លាន​ដុល្លារ​ កើនឡើង​៥៧​,២៧​ ភាគ​រយពី​ ១៧​៤,៣៥ ​លាន​ដុល្លារ​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពីឆ្នាំ​មុន​ ខណៈ​ដែល​ការ​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា​មាន​តម្លៃ ​១៦០,៣២ ​លាន​ដុល្លា​រកើន​ឡើង​៣៦,៨២​ ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន កើន​ឡើង​​ពី​១១៧,១៧​លាន​ដុល្លារ​។

​តួលេខ​នេះ​បង្ហាញ​ថា ​ឱន​ភាព​ពាណិជ្ជ​កម្ម​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា​ ជា​មួយ​ប្រទេស​ឥណ្ឌា​បាន​រួម​តូច​មក​នៅ​ត្រឹម​ ២២,៦ ​ភាគ​រយ​ពី ៦០​ លាន​ដុល្លារ​ក្នុង​ខែមករា​ដល់​ខែ​វិច្ឆិកា​ឆ្នាំ២០​២០​ មក​នៅ​ត្រឹមក្រោម​៤៦,​៥​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​នេះ៕​