ភ្នំពេញៈ វិស័យ​ឯកជន​រំពឹងថា ​ក្រោយពី​ផលិតផល​របស់​ខ្មែរ ​៣ ​មុខ ​ រួមមាន ​អំបិល​កំពត​-កែប ​ទឹកត្រី​កំពត​-កែប ​និង​បង្កង​តាកែវ ​ចុះបញ្ជី​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ​ក្នុង​ឆ្នាំ ​២០២៣​ នេះ​រួចហើយ ​ទីផ្សារ​នៃ​ផលិតផល​ទាំងនេះ ​នឹង​កាន់តែ​ធំ​ជាង​មុន ​ដែល​អាច​នឹង​ឈានដល់​ការនាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ផងដែរ​។​

លោក​ចាន់ ស៊ីថា ​អគ្គនាយក​ក្រុមហ៊ុន​ផលិត​ទឹក​ត្រី​អុីឆេ ​ង៉ូវ​ហេង ​កំពត ​បាន​ប្រាប់ថា ​ជា​ដំណឹង​ល្អ​ណាស់ ​ដែល​ទឹកត្រី​កំពត​កែប​ អាច​ចុះបញ្ជី​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​បាន ​ក្នុង​ឆ្នាំ​២០២៣​នេះ ​ដែល​នឹង​ជួយ​ឱ្យ​ទីផ្សារ​ទឹកត្រី​កំពត​ កាន់តែ​ធំ​ ជាពិសេស​ងាយស្រួល​ក្នុង​ការនាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​។​

លោក​បញ្ជាក់ថា​៖«ខ្ញុំ​មាន​បំណង​នាំ​ទឹកត្រី​កំពត ​ទៅដល់​ទីផ្សារ​អន្តរជាតិ​ឱ្យបាន​កាន់តែ​ច្រើន ​ខណៈ​ដែល​បច្ចុប្បន្ន​យើង​កំពុង​រៀបចំ​សិប្បកម្ម​ ឱ្យ​មាន​លក្ខណៈ​ស្តង់ដា ​និង​មាន​ការទទួល​ស្គាល់​ជា​អន្តរជាតិ ​ហើយ​យើង​កំពុង​ពិភាក្សា​ជាមួយ​ភាគី​កូរ៉េ ​ដើម្បី​អាច​នាំចេញ​ទឹកត្រី​កំពត​ទៅ​កូរ៉េ​បាន​ក្នុង​ឆ្នាំ​នេះ»។​

លោក​ចាន់ ស៊ីថា ​បន្ថែមថា ​លោក​កំពុង​ពង្រីក​សន្សឹមៗ ​ប៉ុន្តែ​ត្រូវមាន​ហិរញ្ញវត្ថុ​ច្រើន ​ព្រោះថា ​វត្ថុធាតុ​ដើម ​គឺជា​ត្រី​ធម្មជាតិ​ ដែល​មាន​រដូវកាល​១​ឆ្នាំ​ម្តង​។ ដូចនេះ​ត្រូវ​ការប្រមូល​ទិញ​ស្តុក​ទុក ​ដែល​ត្រូវការ​ទីតាំង​ធំ​ជាង​មុន ​ហើយ​បើសិនជា​ទឹកត្រី​កំពត ​បាន​ចុះបញ្ជី​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទៀត​នោះ ​កេរ្តិ៍​ឈ្មោះទឹកត្រី​កំពត​កាន់តែ​ល្បីល្បាញ ​និង​ងាយស្រួល​ក្នុង​ការនាំចេញ​។​

ចំណែក​កញ្ញា​ថូង ​ធីតា ​ស្ថាបនិក​នៃ​សហគ្រាស ​Thaung Enterprise ​ដែល​ផលិត ​និង​វេច​ខ្ចប់​អំបិល​ធម្មជាតិ​ចេញពី​ខេត្តកំពត ​បាន​និយាយ​ដែរ​ថា​ វា​ជា​មោទនភាព​មួយ​ចំពោះ​អ្នក​ផលិត​អំបិល ​ដែល​អាច​បង្កើតបាន ​និង​បង្ហាញ​ពី​កេរ្តិ៍ឈ្មោះ​អំបិល​របស់​ប្រទេស​កម្ពុជា​ ដល់​អ្នក​បរិភោគ​ ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ផងដែរ​។

​កញ្ញា​បញ្ជាក់ថា​៖«ការចុះបញ្ជី​នេះ​នឹង​អនុញ្ញាតឱ្យ​ប្រជាជន​បាន​ស្គាល់​កាន់តែ​ច្រើន​ថា​ អ្វី​ជា​អំបិល​កំពត​ អ្វី​ដែល​យើង​កំពុង​ធ្វើ​នៅលើ​ការអនុវត្ត​របស់​យើង ​ដើម្បី​ផលិត​ផលិតផល​នេះ​[មិន​ត្រឹមតែ]​ទាំង​ប្រពៃណី ​និង​វប្បធម៌​របស់​យើង​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វា​បាន​ជួយ​កសិករ​របស់​យើង ​និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ទាក់ទង​នឹង​សេដ្ឋកិច្ច​តាមរយៈ​ការជួយ​ដល់​សុខុមាលភាព​របស់​ពួកគេ ​តាមរយៈ​ការបង្កើន​ប្រាក់​ចំណូល​ប្រចាំថ្ងៃ​របស់​ពួកគេ​ដោយ​ការលក់​ផលិតផល​ដែល​មាន​តម្លៃ​សមរម្យ»។​

លោក​សួន​ វិជ្ជា ​ទីប្រឹក្សា​ក្រសួង​ពាណិជ្ជកម្ម ​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា ​និង​ជា​ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​ បានឱ្យដឹងថា ​គម្រោង​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ​លើ​ផលិតផល “​អំបិល​កំពត​កែប” “​ទឹកត្រី​កំពត​កែប”​ និង ​“បង្កង​តាកែវ” ​គឺជា​ការផ្តួចផ្តើម​គំនិត ​របស់ ​លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ​ប៉ាន សូរស័ក្តិ​។​

លោក​ថ្លែងថា​៖«ផលិតផល​ទាំង​៣​មុខ​នេះ​គ្រោង​នឹង​ចុះបញ្ជី​ក្នុង​ឆ្នាំ​២០២៣​ខាងមុខ​នេះ​ដែល​មិនទាន់​អាច​បញ្ជាក់ថា ​ក្នុង​ខែ​ណា​នៅឡើយ​ទេ​។ ការចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​នេះ ​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាកសិករ​ដែល​មាន​មុខ​របរ​ផលិត​ទំនិញ​៣​មុខ​នេះ»។​

បើ​តាម​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា ​ការចុះបញ្ជី​«អំបិល​កំពត​កែប» ​ជា​ជំនួយ​បច្ចេកទេស​របស់​ទីភ្នាក់ងារ​បារាំង ​សម្រាប់​ការអភិវឌ្ឍន៍​(Agence Francaise de Development) ​និង​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​(World Intellectual Property Organization) ​ខណៈ​ «ទឹកត្រី​កំពត​កែប ​និង​បង្កង​តាកែវ» ​ជា​ជំនួយ​បច្ចេកទេស​របស់​អង្គភាព​កម្មសិទ្ធិបញ្ញា​សហភាព​អឺរ៉ុប​(EU Arise+ IPR)​។ ការចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ​ព្រោះ​វា​ជា​ឧបករណ៍​កម្មសិទ្ធិបញ្ញា​មួយ ​ដែល​ត្រូវបាន​សកលលោក​ចាត់ទុក​ថា ​ជា​ឈ្មោះ​ឬ​សញ្ញា​សម្គាល់​ប្រើប្រាស់​លើ​ទំនិញ​មាន​ក្នុង​តំបន់​ភូមិសាស្ត្រ​ជាក់លាក់​ និង​មាន​គុណភាព ​ឬ​កេរ្តិ៍ឈ្មោះ​ ដែល​ផ្សារភ្ជាប់​នឹង​ទីតាំង​ភូមិសាស្ត្រ ​និង​ជា​ប្រភព​កំណត់​អត្តសញ្ញាណ​។​

ក្រៅពី​ផលិតផល​ទាំងនេះ ​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា ​នៃ​ក្រសួង​ពាណិជ្ជកម្ម ​ក៏​កំពុង​សហការ​ជាមួយ​អង្គការ ​UNIDO ​ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ​ និង​កំណត់​យក​ផលិតផល​សក្ដានុពល​៣​មុខ​ទៀត ​រួមមាន​ «បង្គា​ក្រៀម​កំពង់សោម ​បង្គា​ក្រៀម​កោះកុង ​និង​ប្រហុក​សៀមរាប» ​ដើម្បី​ចុះបញ្ជី​ការពារ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​។ ជាមួយ​គ្នានេះ ​ក្រសួង ​ក៏​កំពុង​ស្នើសុំ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក ​ចុះ​សិក្សា ​និង​វាយតម្លៃ​លើ​ផលិតផល​នេសាទ ​«ក្ដាមថ្ម​កោះកុង» ​និង​រៀបចំ​ចុះបញ្ជី ​«អង្ករ​បាត់ដំបង» ​ដើម្បី​ការពារ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ផងដែរ៕