ព្រះសីហនុៈក្រោយ​ពី​ការ​ដាក់​ឱ្យ​ដំណើរ​ការ​ស្ថានីយ​ប្រព្រឹត្តិ​កម្មទឹក​កខ្វក់​ទី២ ដែល​ស្ថិត​នៅ​ភូមិ ​៣ សង្កាត់​លេខ ​៣ ក្រុង​ព្រះ​សីហនុ​រួចមក​ ស្ថានីយ​នេះ បាន​បំពាក់​បច្ចេក​វិទ្យា​ទំនើប Membrane Aerated Biofilm Reactor (MABR)​ ដែល​បច្ចេក​វិទ្យា​នេះ​ បាន​និង​កំពុង​រួម​ចំណែក​ជួយ​ប្រែ​ក្លាយ​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋ​កិច្ច​គំរូ​ពហុ​បំណង​តា​មរយៈ​ការធ្វើ​ឱ្យ​បរិស្ថាន​ល្អ គ្មាន​ការ​បំពុល​បរិស្ថាន និង​ជីវ​ចម្រុះ​ក្នុង​សមុទ្រ។ នេះ​បើតា​មការ​អះអាង​របស់​ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃទី ​១ ខែម​ករា ឆ្នាំ​ ២០២៣​។

យោង​តាម​វីដេអូ របស់​ក្រសួង​បរិស្ថាន ដែល​មា​នរយៈពេល​ជាង​៣នាទី បាន​ឱ្យដឹង​ថា សម្រាប់​ប្រទេស​កម្ពុជា នៅ​ពេល​បច្ចុ​ប្បន្ន​នេះ គឺមាន​តែខេត្ត​ព្រះសីហនុ​មួយ​ប៉ុណ្ណោះ ​ដែល​ត្រូវ​បាន​សាង​សង់ និង​ដាក់​ឱ្យ​ដំណើរ​ការ​នូវ​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វ​ក់​កម្រិត​ស្តង់​ដាពី​ប្រទេស​អ៊ីស្រា​អែល ដែល​ជាស្នា​ដៃបង្កើត​ឡើង ដោយ​ក្រុម​វិស្វករ​កូន​ខ្មែរ​សុទ្ធ​សាធ​។

ជាក់​ស្តែង​ដំណើរ​ការ​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​នៅ​ក្នុង​ខេត្ត​ព្រះសី​ហនុ ដែល​ជាស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទី២ គឺ​មាន​សមត្ថ​ភាព​ក្នុង​ការ​ប្រព្រឹត្តិ​កម្មទឹក​កខ្វក់​បាន​បរិមាណ ៧ ២០០​ម៉ែត្រ​គុប ក្នុង​១​ថ្ងៃ និងត្រូ​វចែក​ចេញ​ជា ៩​ដំណាក់​កាល​សំខាន់​ៗ​។

ក្រសួង​បាន​បន្តថា​ ស្ថានីយ​ប្រព្រឹត្តិក​ម្មនេះ​ដំណើរ​ការ​ដោយ​បច្ចេក​វិទ្យាចុង​ក្រោយ ​របស់​ប្រទេស​អ៊ីស្រា​អែល MABR ​វាមាន​លទ្ធភា​ពដក​អាម៉ូ​ញាក់ កាបូន​ឌីអុក​ស៊ីត បាក់​តេរី និង​សារ​ធាតុ​ពុល ហើយ​ទឹក​ដែល​ប្រព្រឹត្តិ​កម្ម​រួច មិនមាន​ជាតិ​ពុលដល់​បរិស្ថាន និ​ងជីវ​ចម្រុះ​ក្នុង​សមុទ្រ វា​មាន​គុណ​ភាព​ប្រកប​ដោយ​ស្តង់​ដាខ្ពស់​។

ជាង​នេះ​ទៀត ក្រោយ​ពី​បាន​ប្រើប្រាស់​នូវ​បច្ចេក​វិទ្យា MABR ឃើញ​ថា ប្រភ​ព​ទឹក​កខ្វក់​ដែល​ចេញ​ពីគេហ​ដ្ឋាន និង​អគារ​រស់​នៅរបស់​ពលរដ្ឋ​ ត្រូវ​បាន​ប្រមូល​ផ្តុំនឹង​ត្រូវ​បា​នបញ្ជូ​នទៅ​កាន់​អាង​ចម្រោះ​បឋម តាម​រយៈបណ្តាញ​បំពង់​ដែក​កាបូន ហើយ​សំណាញ់ ​Coarse Screen អាច​ច្រោះ​សំរាម​ឬភាគ​ល្អិត​ដែល​មាន​ទំហំធំ​ជាង ឬ​ស្មើ២​មិលី្ល​ម៉ែត្រ។

​​ក្រសួង​បរិស្ថាន​បញ្ជា​ក់​បន្ថែម​ថា៖ «ទឹក​កខ្វក់​នេះត្រូវ​បាន​បូម​ឡើង​ចូល​ទៅក្នុង​អាងទឹ​ក ដែល​អា​ចច្រោះសំ​រាម ឬភាគ​ល្អិត​ដែល​មាន​ទំហំ​ធំ​ជាង ឬ​ស្មើ៦​មិលី្ល​ម៉ែត្រ ​ហើយ​បន្តហូរ​ចូល​អាង​មួយ​ទៀត ដែល​អាច​ច្រោះ​ភាគ​ល្អិត​ទំហំធំ​ជាង ឬ​ស្មើ១​មិលី្លម៉ែ​ត្រ»​។​

ក្នុ​ងដំណាក់កា​លអាង​ចម្រោះប​ឋម​នេះ ​ភាគល្អិ​ត ​និងស​មាស​​ធាតុស​រី​រាង្គដែ​លមា​ន​​ទំ​ហំធំ​ជាង​​ ឬស្មើ​ ​១មិ​លី្លម៉ែ​ត្រ​ត្រូវ​បាន​យ​កចេ​ញ ​ហើយ​ទឹ​កក​ខ្វក់​នេះ ​បន្ត​​ហូរ​ចូល​អាង​​​ចម្រោះ​ផ្សេង​ទៀត​រហូត​បាន​ក្លា​យជាទឹក​ស្អាត​ដែលគេ​អាច​បង្ហូ​រចូ​ល​សមុ​ទ្រ​បាន​ដោយ​​សុ​វត្ថិ​ភា​ពមិ​ន​ប៉ះពា​ល់ដល់​បរិស្ថា​ន​ និ​ងជី​វ​ចម្រុះ​ឡើយ។

តាម​រយៈការ​ដាក់​ឱ្យដំណើរ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​នេះ​ដែរ គឺត្រូវ​បាន​ទទួល​ស្គាល់​ថា ជាបច្ចេក​វិទ្យា​ដែល​មាន​ស្ថិរភាព ប្រសិទ្ធ​ភាព​ខ្ពស់ គ្មាន​សំឡេង​រំខាន គ្មាន​ក្លិន​ប៉ះ​ពាល់​ដល់​អ្នក​រស់​នៅ​ជុំវិញ ពិសេស​សន្សំ​សំចៃ​ថាមពល​ប្រមាណ​១៨​ម៉ឺន​ដុល្លារ ក្នុង១​ឆ្នាំ​ផង​ដែរ​។

បើតាម លោក គួច ចំរើន អភិបា​លខេ​ត្ត​ព្រះសីហ​នុ បាន​ឱ្យដឹង​ដែរ​ថា ការ​សាង​សង់​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ជាបន្ត​បន្ទាប់​នេះ ក្នុង​គោលបំ​ណង​ដើម្បី​បន្សុទ្ធ​ទឹក​កខ្វក់​ ទឹក​ស្អុយ ឱ្យក្លាយ​ជាទឹក​ដែល​ស្អាត ស្រប​តាម​ស្តង់​ដាបរិ​ស្ថាន មុន​នឹង​បញ្ចេញ​ចោល​ទៅក្នុង​សមុទ្រ ដោយ​ប្រើបចេ្ចក​វិទ្យា ​MABR ។

ជាង​នេះ​ទៀត លោក​ថា កម្ពុជា​បាន​កំណត់​ចក្ខុ​វិស័យ​ក្នុង​ការ​ប្រែក្លាយ​ខេត្ត​ព្រះសី​ហនុ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង និង​ជា​ប៉ូល​សេដ្ឋ​កិច្ច​ដ៏សំខាន់​សម្រាប់​ទាក់​ទាញ និង​ស្រូបយក​ការវិនិយោគ​ពី​បរទេស​ដែល​អាច​ក្លាយជា​ «​ក្បាល​ម៉ាស៊ីន​ស្នូល​» ​ថ្មី​មួយ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋ​កិច្ចជាតិ​។

លោក គួច ចំរើន បាន​បញ្ជា​ក់​ថា ៖ «ហេតុ​នេះ​ បច្ចេក​វិទ្យា MABR កំពុង​រួម​ចំណែក​ឈាន​ទៅ​ជួយ​ឱ្យ​សម្រេច​គោល​ដៅ​ខេត្ត​ព្រះសី​ហនុ​ទៅ​ជា​តំបន់​សេដ្ឋ​កិច្ច​ពិសេស​គំរូ​ពហុ​បំណង ដើម្បី​ទាក់​ទាញ​ទេសចរ​មក​កាន់ខេត្ត​ព្រះសីហ​នុ​ថែមទៀត​»។

សូម​បញ្ជា​ក់​ថា បច្ចេ​កវិទ្យា MABR​ ជាបច្ចេក​វិទ្យា​ចុង​ក្រោយ​របស់​ប្រទេ​ស​អ៊ីស្រា​អែល ដែល​អនុវត្ត​ដោយ​ក្រុម​ហ៊ុន Xwater Technology។ គិតមក​ដល់​បច្ចុប្បន្ន​ស្ថានីយ​ប្រព្រឹត្តិ​កម្មទឹក​កខ្វ​ក់ ​បា​ន​ធ្វើប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​បាន​ប្រមាណជិត​៦០ម៉ឺន​ម៉ែត្រ​គុប ខ​ណៈទឹក​កខ្វ​ក់​​ក្រោយពីឆ្លង​កាត់​ប្រព័ន្ធ​ប្រព្រឹត្តិ​កម្ម​រួច វានឹង​ក្លាយ​ជាទឹក​មាន​គុណ​ភាព​ល្អ មិនមាន​ការ​បំពុ​លប​រិស្ថាន និង​ជីវ​ចម្រុះ​ក្នុង​សមុទ្រ​នោះ​ទេ៕​