ភ្នំពេញៈ ក្រុមហ៊ុន​ផលិត​គ្រឿងអលង្ការ​អន្តរជាតិ​ដ៏​ល្បី​មួយ​បានប្រកាស​ជ្រើស​រើសយក​កម្ពុជា​ធ្វើជា​គោលដៅ​សម្រាប់​បង្កើត​រោងចក្រ​ផលិត​គ្រឿងអលង្ការ​របស់ខ្លួន​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​អន្តរជាតិ ដោយ​គ្រោង​នឹង​ចាប់ផ្តើម​ប្រតិបត្តិ​ការវិនិយោគ​នៅ​ដើមឆ្នាំ​២០២៤ ខាងមុខ​។​

​ព័ត៌មាន​នេះ​ត្រូវបាន​បង្ហាញ​កាលពី​ថ្ងៃទី​​ ២ ខែមករា ឆ្នាំ​ ២០២៣ ក្នុងឱកាស​ជំនួប​រវាង​លោក សុខ ចិន្តា​សោភា អគ្គលេខា​ធិ​​ការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​ ជាមួយនឹង​ប្រតិភូ​តំណាង​ក្រុមហ៊ុន​ផលិត​គ្រឿងអលង្ការ​សម្រាប់​ម៉ាក​ដ៏​ល្បី​មួយ​ដែល​សម្រេច​ជ្រើស​រើសយក​កម្ពុជា​ជា​គោលដៅ​វិនិយោគ​លើ​ការបង្កើត​រោង​ចក្រ​ផលិត​គ្រឿងអលង្ការ​លម្អ ដែល​នឹងត្រូវ​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​ដែលមាន​ម៉ាក​ល្បីៗ​លើ​ពិភពលោក​។​

CDC បានឱ្យដឹងថា​៖ «​ការសម្រេចចិត្ត​របស់​ក្រុមហ៊ុន​នេះ គឺ​ដោយសារ​សម្លឹង​ឃើញថា កម្ពុ​ជាមាន​វប្បធម៌ និង​អរិយ​​ធម៌​យូរអង្វែង ដែលជា​ចំណុច​សំខាន់​សម្រាប់​បន្ស៊ី​គ្នា​ជាមួយ​ផលិតផល​របស់ខ្លួន ដែល​គ្រោង​នឹង​ផលិត​នៅក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​»​។​

​បើតាម CDC ក្រុមហ៊ុន​នេះ​បានមក​សិក្សា​ពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា​តាំងពី​ដើមឆ្នាំ​ ២០១៩ មុននឹង​សម្រេច​បោះទុន​បង្កើត​រោងចក្រ​ផលិត​គ្រឿង​អលង្ការ​នៅ​ប្រទេស​កម្ពុជា ដែល​គ្រោង​នឹង​ចាប់ផ្តើម​ប្រតិបត្តិ​ការវិនិយោគ​នៅ​ខែមករា ឆ្នាំ​ ២០២៤ ខាងមុខ​។ ទោះជា​យ៉ាងណា​ក្រុមហ៊ុន​រក្សា​សិទ្ធិ​មិន​បញ្ចេញ​ឈ្មោះ​នាពេលនេះ​ទេ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៣ ខែមករា ថា កត្តា​ស្ថិរភាព​នយោបាយ​, កំណើនសេដ្ឋកិច្ច​, កម្លាំង​ពលកម្ម​ជំនាញ​សម្បូរបែប និង​មានតម្លៃ​សមរម្យ​, ភាពអំណោយ​ផល​នៃ​ទីតាំង​ភូមិសាស្ត្រ​ដែល​មិន​ទទួលរង​ការ​គំរាម​​កំហែង​ពី​គ្រោះធម្មជាតិ បានធ្វើឱ្យ​អ្នក​​វិនិយោគ​ក្នុងស្រុក និង​បរទេស កាន់តែច្រើន​សម្រេចចិត្ត​បញ្ចេញ​ទុនវិនិយោគ​នៅ​កម្ពុជា​។

វត្តមាន​ក្រុមហ៊ុន​ផលិត​គ្រឿង​​អលង្ការ​ដ៏​ល្បី​ដែល​គ្រោង​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ដើម​ឆ្នាំក្រោយ​នឹង​ក្លាយជា​កម្លាំង​ស្រូប​បន្ថែមទៀត​ចំពោះ​ក្រុម​ហ៊ុន​ធំៗ​ឱ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា ខណៈ​បច្ចុប្បន្ន​នៅ​កម្ពុជា​ក៏មាន​វត្តមាន​របស់​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ធំៗ​រួចជាស្រេច​ហើយ ដូចជា Toyota, Ford, និង Coca-Cola ជាដើម​។​

​លោក​បញ្ជាក់ថា​៖ «​ជា​ការពិត​កម្ពុជា​ពេលនេះ​កំពុង​ទាក់ទាញ​បាន​ក្រុមហ៊ុន​ធំៗ​លំដាប់​ពិភពលោក​កាន់តែច្រើន​ឱ្យចូល​មក​វិនិយោគ​ដោយផ្ទាល់​។ វត្តមាន​របស់​ក្រុមហ៊ុន​លំដាប់​យក្ស​ទាំងអស់នេះ​កំពុង​ឆក់​ទាញ​ក្រុមហ៊ុន​ធំៗ​កាន់តែច្រើន​ទៀត​ឱ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​»​។​

​បើតាម​លោក លឹម ហេង បច្ចុប្បន្ន​កម្ពុជា​បាន​នាំចូល​គ្រឿងអលង្ការ​ដូចជា មាស ត្បូង ពេជ្រ ជាច្រើន​ពី​ក្រៅប្រទេស​មក​បំពេញតម្រូវកា​រ​ក្នុងស្រុក​។​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​ ៤ កំពុង​វិនិយោគ​ទៅលើ​ការ​ចម្រាញ់​រ៉ែ​មាស​នៅ​កម្ពុជា ដោយ​គិត​មកដល់​ចុងខែ​វិច្ឆិកា ឆ្នាំ​ ២០២២ ក្រុមហ៊ុន​ទាំង​ ៤ ចម្រាញ់​រ៉ែ​មាស​បាន​ប្រមាណ ៤,៨​ តោន​។​

​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម កាលពី​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២២ បាន​លើកឡើងថា ចាប់​តាំង​ពី​កម្ពុជា​បើក​ដំណើរការ​អាជីវកម្ម​រ៉ែ​មាស នា​ខែមិថុនា ឆ្នាំ​២ ០២១ រហូតដល់​ចុង​ខែវិច្ឆិកា ឆ្នាំ​ ២០២២ ក្រុមហ៊ុន​ទាំង​ ៤ ចម្រាញ់​រ៉ែ​មាស​បាន​ចំនួន ៤ ៨២៥ គីឡូក្រាម នៅលើ​ទីតាំង ៤​ កន្លែង​ផ្សេងគ្នា ​(​ខេត្ត​ចំនួន​ ៣ គឺ​ខេត្តព្រះវិហារ​, ខេត្ត​​ក្រចេះ និង​ខេត្តមណ្ឌលគិរី​)​។​

​លោក​បន្ថែមថា ក្នុងចំណោម​រ៉ែ​មាស​ដែល​ផលិត​បាន​នោះ គឺ​ក្រុមហ៊ុន Xing Yuan Kanng Yeak នៅ​ខេត្តក្រចេះ ចម្រាញ់​រ៉ែ​មាស បាន ២២​ គីឡូក្រាម ដែលជា​មាស​ទឹក​ ១០ និង​លក់​ក្នុង​ប្រ​ទេស​កម្ពុជា​, ក្រុមហ៊ុន Xinshan Industrial Cambodia នៅ​ខេត្ត​ព្រះ​វិហារ ចម្រាញ់ បាន​ចំនួន ៤៥​ គីឡូក្រាម ក្រុមហ៊ុន Delcom Kampuchea នៅ​ខេត្តព្រះវិហារ ចម្រាញ់​បាន ១៦០ ​គីឡូ​ក្រាម និង​ក្រុមហ៊ុន Renaissance Minerals នៅ​ខេត្តមណ្ឌលគិរី ចម្រាញ់​រ៉ែ​មាស បាន ៤ ៥៩៨​ គីឡូក្រាម​។​

​លោក អ៊ឹង ឌី​ប៉ូ​ឡា អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ខែវិច្ឆិកា​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ផ្តល់​អាជ្ញាប័ណ្ណ​អាជីវកម្ម​រ៉ែ​មាស​ដល់​ក្រុម​ហ៊ុន​តែ​​ ៤ ខាងលើ​ប៉ុណ្ណេះ​។ លោក​បន្តថា ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​ ៤ គឺមាន​តែ Renaissance មួយ​ប៉ុណ្ណោះ​ដែល​ចម្រាញ់ ៩០ ​ភាគរយ​ដើម្បី​ដឹកចេញទៅ​ក្រៅប្រទេស​បន្សុទ្ធ​ឱ្យទៅជា ៩៩,៩៩​ ភាគរយ ឬ​ខ្មែរ​ហៅថា មាស​ទឹក​ ១០​។ ក្រៅពីនោះ​គឺជា​ក្រុមហ៊ុន​ដែល​ចម្រាញ់​មាស​សុទ្ធ គឺ ៩៩,៩៩ នៅក្នុង​ស្រុក​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​និយាយថា កម្ពុជា​រំពឹងថា ផលិត​ផល​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​ពី​ជម្រក​រ៉ែ​តំបន់​អូរ​ខ្វាវ ​(​ខេត្តមណ្ឌលគិរី​) នឹង​ផ្តល់​ផលប្រយោជន៍​ចំណូល​ដុល​ជា​មធ្យម ១៨៥ ​លាន​ដុល្លារ​ក្នុង ១​ ឆ្នាំ ក្នុងនោះ​ចំណូល​ថវិកាជាតិ​ពី​សួយ​សារ និង​សារពើពន្ធ​ផ្សេងៗ​មាន​ជា​មធ្យម ៤០ លាន​ដុល្លារ ក្នុង​ ១​ ឆ្នាំ​៕