ភ្នំពេញៈ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ថៃ បាន​កើនឡើង​យ៉ាងខ្ពស់​នៅក្នុង​រយៈពេល​​ ១១​ ខែ​ឆ្នាំ ២០២២ ដោយ​សម្រេចបាន​ជាង ៧៥៦ ​លាន​ដុល្លារ​កើនឡើង ៣៥,៤​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែល​នេះ​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​ដ៏​រឹងមាំ​រវាង​ប្រជាជាតិ​អាស៊ាន​ទាំង​ ២ និង​ការលើកកម្ពស់​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

​របាយការណ៍​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញថា ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា និង​ថៃ បាន​កើន​ដល់​ជាង ៤,២៩​ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ១១ ​ខែ​ដំបូង​ឆ្នាំ​ ២០២២ កើន​ជាង ១៨,៣ ​ភាគរយ​ពី​ចំនួន​ជាង ៣,៦ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ដូចគ្នា​កាលពី​ឆ្នាំមុន​។ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​សម្រេចបាន​ជាង ៧៥៦ ​លាន​ដុល្លារ កើនឡើង​ពី ៥៥៨,៦​ លាន​ដុល្លារ ស្មើនឹង ៣៥,៤ ភាគរយ ខណៈ​ការ​នាំចូល​បាន​កើន​ជិត ៣,៥៤​ ពាន់​លាន​ដុល្លារ ពី​ចំនួន​ជិត ៣ ពាន់​លាន​ដុល្លារ ស្មើ ១៥,២ ភាគរយ​។​

​លោក សរ សារិន អនុប្រធាន​ក្រុម​ប្រឹក្សា​ធុរកិច្ច​កម្ពុជា ​(CBC) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក បានឱ្យដឹងថា ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ ២​ កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​ការផ្លាស់ប្តូរ​ទំនិញ​ប្រទេសជិតខាង​ទាំង​ ២ បូករួម​នឹង​កំណើន​តម្រូវការ​ដោយសារ​ការបន្ធូរបន្ថយ​ការ​រឹតបន្តឹង​ជំងឺ​កូ​វីដ​១៩ ដែល​អនុញ្ញាតឱ្យ​ភ្ញៀវ​-​ទេសចរ​អាច​ទៅ​ទស្សនា​ប្រទេសមួយ​នេះ​បាន​កាន់តែ​ងាយស្រួល​។​

​លោក​លើកឡើងថា​៖ «​ប្រទេស​យើង​ទាំង​ ២​ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ទាក់ទង​នឹង​សេដ្ឋកិច្ច និង​ការទូត ដែលជា​កត្តា​សំខាន់​ក្នុង​ការជំរុញ​ការផ្លាស់ប្តូ​រពា​ណិ​ជ្ជ​កម្ម​។ ដូច​យើង​ឃើញ​ហើយ​ថា បន្ទាប់​​ពី​កូ​វីដ​ ១៩ ធូរស្រាល លំហូរ​ទេសចរ​បរទេស​កំពុង​ត្រឡប់មក​ប្រទេស​យើង​ទាំង​ ២ ​វិញ ដូច្នេះ​មាន​កំណើន​តម្រូវការ ហើយ​សកម្មភាព​អាជីវកម្ម​ក៏​ស្ទុះ​ងើបឡើង​វិញ​ផងដែរ​»​។​

​លោក​បន្តថា ចាប់តាំងពី​ការបង្កើត CBC រយៈពេល​ជាង​ ២ ​ឆ្នាំ​មក ស្ថាប័ន​លោក​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្សព្វផ្សាយ​ផលិតផល និង​សក្តា​នុ​ពល​របស់​កម្ពុជា​ដល់​ពាណិជ្ជករ និង​វិ​និ​យោគិន​ថៃ​។

លោក​បញ្ជាក់ថា​៖ «​យើង​បានធ្វើការ​ជាមួយ​សហគមន៍​ធុរកិច្ច​ថៃ​ជាច្រើន​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​ផលិតផល​របស់​យើង​ទៅកាន់​ទីផ្សារ​ថៃ ពីព្រោះ​យើង​ចង់​ជំរុញ​ការនាំចេញ​របស់​យើង ជាជាង​ការនាំ​ចូល​»​។​

​ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ លោក អ៊ូ​ក សោ​ភ័​ណ្ឌ កាលពីពេល​ថ្មីៗ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តាំងពី​ស្ថានភាព​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩​ ធូរស្រាល ហើយ​ប្រទេស​ទាំង​ ២ ​បាន​បើក​ឡើងវិញ​នូវ​ស្ថានភាព​សេដ្ឋកិច្ចសង្គម​យ៉ាង​ទូលំទូលាយ គឺ​សកម្មភាព​ពាណិជ្ជកម្មរ​វាង​ប្រទេស​ទាំង​ ២​ មាន​សម្ទុះ​ខ្លាំង​គួរឱ្យកត់សម្គាល់​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​បាន​អនុវត្ត​ចាប់តាំងពី​ប្រទេស​យើង​បាន​បើក​ឡើងវិញ​នូវ​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​របស់ខ្លួន ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​មាន​សម្ទុះ​ខ្លាំង​។ យើង​បាន​លើកកម្ពស់​ការ​ទូត​សេដ្ឋកិច្ច​យ៉ាងខ្លាំង​នៅក្នុង​គោល​​បំណង​ជំរុញ​ទំនិញ​របស់​យើង​ចូលទៅក្នុង​ទីផ្សារ​ថៃ​»​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម​ភាគី​ថៃ លោក ប្រា​យុ​ធ ចាន​អូ​ចា នៅក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ខែវិច្ឆិកា ឆ្នាំមុន បានកំណត់​គោលដៅ​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​កើន​ឡើងដល់ ១៥ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ២​ ឆ្នាំនេះ​។​

​នាយករដ្ឋមន្ត្រី​ប្រទេស​ទាំង ​២ ​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​ការ​កើន​​ឡើង​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​ទោះបីជា​មានការ​ប្រឈម​ដោយ​ជំងឺ​កូ​វីដ​១៩ និង​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​ផ្សេងទៀត​ក៏ដោយ​៕