​ភ្នំពេញៈ នាវា​ទេសចរណ៍​​អន្តរជាតិ​ធំៗ​ចំនួន​​ ២​​ ដែល​អាច​ផ្ទុក​ភ្ញៀវទេសចរ​ប្រមាណ​ ១ ០០០ ​នាក់​ នឹង​ចូលមក​ចត​ច្រក​ផែ​​អន្តរជាតិ​នៃ​ខេត្ត​ព្រះសីហនុ​នៅក្នុង​ខែមករា​នេះ បន្ទាប់ពី​ខកខាន​ដឹក​ភ្ញៀវទេសចរ​អន្តរ​ជាតិ ២​ ឆ្នាំ​ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩​។​

​បើ​យោងតាម​លិខិត​របស់​ក្រសួងទេសចរណ៍​ផ្ញើ​ទៅកាន់​អាជ្ញាធរខេត្ត​ព្រះសីហនុ​ស្នើសុំ​ធ្វើការ​សម្របសម្រួល នាវា​ទេស​ចរណ៍​អន្តរជាតិ​ចំនួន​ ២ ​គ្រឿង​ដែលមាន​ឈ្មោះថា Seabourn Encore មានលទ្ធភាព​ផ្ទុក​ប្រមាណ​ ៥០០​ នាក់​ក្នុង​ ១ ​គ្រឿង​នឹងធ្វើ​ការចូល​ចត​តាម​ច្រកទ្វារ​ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​។

​លោក អ៊ី សម​នឿន តំណាង​ក្រុមហ៊ុន​ទេសចរណ៍​អង្គរ​ធី​ខេ​ត្រា​វែ​ល និង​ធួរ ដែលជា​ក្រុមហ៊ុន​ទទួលខុសត្រូវ​ភ្ញៀវ​ទេសចរ​លើ​នាវា​ទាំងនោះ បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៤ ខែមករា​ថា នាវា​ទាំង​ ២ ​នឹង​ចូល​មកដល់​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃ​ខុសគ្នា​គឺ នាវា​ទី​១​ នឹង ធ្វើការ​ចូល​ចត​នៅ​ថ្ងៃទី ​១៤ ខែ​​មករា និង​នាវា​ទី​២ ​នឹង​ចូល​មកដល់​នៅ​ថ្ងៃទី​ ២៨ ខែមករា​។​

​លោក​បាន​ថ្លែងថា​៖ «​ភ្ញៀវទេសចរ​ទាំងអស់​គឺ​សុទ្ធតែ​មកពី​អឺរ៉ុប ដែល​ពួកគាត់​ខ្លះ​នឹងធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ អ្នកខ្លះ​ទៀត​នឹង​ត្រឡប់​ទៅតាម​នាវា​ទៅកាន់​ប្រទេស​ផ្សេង និង​អ្នក​ខ្លះទៀត​នឹងធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅកាន់​ខេត្ត​សៀម​រាប ស្នាក់នៅ​ ២ ឬ ៣ ​ថ្ងៃ បន្ទាប់មក​ពួកគាត់​នឹងធ្វើ​ដំណើរ​តាម​ជើងយន្តហោះ​ទៅកាន់​ទិសដៅ​បន្ទាប់​»​។​

​លោក​បាន​ថ្លែងថា ការមកដល់​នៃ​ភ្ញៀវទេសចរ​អឺរ៉ុប​ទាំងអស់នេះ បន្ទាប់ពី​ការធូរស្រាល​នៃ​ជំងឺ​កូ​វីដ​ ១៩ ដែល​បាន​យាយី​ដល់​វិស័យ​ទេសចរណ៍​អស់​រយៈពេល​ជាង​ ២ ​ឆ្នាំ​មកនេះ​។

​លោក​ថា​៖ «​ប្រទេស​កម្ពុជា​យើង ថៃ និង​វៀតណាម​ជា​ប្រទេស​ដែល​បាន​បើក​សេដ្ឋកិច្ច និង​សង្គម​មុនគេ ដូច្នេះ​យើង​មានឱកាស​ច្រើន​នៃ​ការមកដល់​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​»​។

​លោក​ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កម្ពុជា​យល់ឃើញថា ការ​ត្រឡប់មកវិញ​នៃ​ភ្ញៀវទេសចរ​អឺរ៉ុប​នាវា​អន្តរជាតិ​នេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​វិស័យ​ទេស​​ចរណ៍​របស់​កម្ពុជា ដោយសារតែ​ពេលបច្ចុប្បន្ន ភ្ញៀវ​ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ភាគច្រើន​គឺ​មកពី​ក្នុង​តំបន់ ជាពិសេស​គឺ​ប្រទេស​ថៃ និង​វៀតណាម​។​

​លោក​បាន​ថ្លែងថា​៖ «​ទោះបី​​ជា​ភ្ញៀវទេសចរ​អឺរ៉ុប​ទាំងអស់​ដែល​មក​ទស្សនកិច្ច​នៅ​ប្រទេស​យើង​តាម​នាវា​ក្តី គឺ​វា​ឆ្លុះបញ្ចាំង​អំពី​ទំនុកចិត្ត​របស់​ពួកគេ​មកលើ​ប្រទេស​យើង​ដែល​ពួកគេ​អាច​ដើរលេង​ប្រកបដោយ​សុវត្ថិភាព គ្មាន​ការឆ្លង​ជំងឺ​កូ​វីដ​ ១៩​។ ការ​មកដល់​របស់​ភ្ញៀវ​អឺរ៉ុប​គឺ​ពិតជា​សញ្ញា​វិជ្ជមាន​នៃ​ការ​ត្រឡប់មកវិញ​នៃ​ភ្ញៀវទេសចរ​មក​តំបន់​ឆ្ងាយៗ​»​។

​កម្ពុជា​បានចាប់ផ្តើម​បើក​ដំណើរការ​ពេញលេញ​សេដ្ឋកិច្ច​​សង្គម​ឡើងវិញ​កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​ ២០២១ អនុញ្ញាតឱ្យ​សកម្មភាព​សង្គម និង​អាជីវកម្ម​នានា​ដំណើរការ​ជា​ប្រក្រតី​តាម​គន្លង​ថ្មី​ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​សុខាភិបាល​ដើម្បី​បង្ការ​ពី​ការផ្ទុះ​ឡើងវិញ​នៃ​ជំងឺ​កូ​វីដ​ ១៩៕