ប្រទេស​ស្រីលង្កា នឹង​ចាប់ផ្តើម​ការចរចា​ឡើងវិញ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ឥណ្ឌា ចិន និង​ថៃ បន្ទាប់ពី​ផ្អាក​រយៈពេល ៤ ឆ្នាំ និង​នៅ​ចំ​ពេល​ដែល​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ កំពុង​ប្រឹងប្រែង​ដើម្បី​សម្រេចបាន​កិច្ចព្រមព្រៀង​ក្នុង​កម្មវត្ថុ​កសាង​សេដ្ឋកិច្ចជាតិ​ឡើងវិញ​។ នេះ​បើតាម​មន្ត្រី​ស្រីលង្កា​ម្នាក់​និយាយ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី ៥ មករា ឆ្នាំ ២០២៣។​

​ស្រីលង្កា​កំពុងស្ថិត​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ជាង ៧ ទសវត្សរ៍​ដែល​បង្កឡើង​ដោយ​កង្វះខាត​យ៉ាងខ្លាំង​នៃ​ការដោះដូរ​រូបិយប័ណ្ណ​បរទេស និង​ដែល​បានធ្វើឱ្យ​ប្រទេស​កោះ​ដែល​មាន​ប្រជាជន ២២ លាន​នាក់​នេះ ជួប​ទុក្ខលំបាក​ក្នុងការ​ចំណាយ​លើ​ថ្លៃ​ប្រេងឥន្ធនៈ អាហារ និង​ថ្នាំពេទ្យ។

​ប្រធាន​ទទួលបន្ទុក​ផ្នែក​ចរចា​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​ស្រីលង្កា​លោក ខេ​.​ជេ វៀ​រេស៊ីង (K.J. Weerasinghe) បាន​និយាយថា មន្ត្រី​របស់​ថៃ​គ្រោង​នឹងធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ស្រីលង្កា​នៅ​ថ្ងៃ​ចន្ទ​ដើម្បី​ផ្តើម​កិច្ចចរចា​ជុំទី ៣ បន្ទាប់ពី​កិច្ចចរចា​ត្រូវបាន​ផ្អាក​នៅ​ក្នុង​ឆ្នាំ ២០១៨។​

​ចំណែក​ការចរចា​ជាមួយ​ឥណ្ឌា និង​ចិន ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ស្រីលង្កា​វិញ​ត្រូវបាន​គេ​រំពឹងថា​នឹង​ចាប់ផ្តើម​នៅ​ក្នុង​ខែកុម្ភៈ និង​ខែមីនា​ខាងមុខ។​«​កិច្ចចរចា​ផ្តោត​ជាសំខាន់​លើ​ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការ​ទាក់ទាញ​ការវិនិយោគ​ដែលជា​កត្តា​សំខាន់​សម្រាប់​ស្រីលង្កា​ដើម្បី​អាច​ងើប​ដើរ​ចេញពី​វិបត្តិ​សេដ្ឋកិច្ច»។

នេះ​គឺជា​ការលើកឡើង​របស់​លោក វៀ​រេ​ស៊ី​ង​។ «​គោលដៅ​ចម្បង​របស់ខ្ញុំ គឺ​ធ្វើឱ្យ​កិច្ចព្រមព្រៀង​ទាំងអស់​នេះ​អាច​បញ្ចប់​បាន​នៅ​ចុងឆ្នាំ ២០២៣ ឬ​ដើមឆ្នាំ ២០២៤»។

​លោក អូ​រ៉ា​ម៉ុ​ន ស៊ុប​ថា​វី​ធុំ (Auramon Supthaweethum) អគ្គនាយក​នៃ​នាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម​របស់​ប្រទេស​ថៃ បាន​និយាយថា ការពិភាក្សា​ត្រូវបាន​ពន្យារពេល​ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​របស់​ស្រីលង្កា និង​ជំងឺ​រាតត្បាត​កូវីដ ១៩​។ លោក​បន្ថែមថា រូបលោក និង​មន្ត្រី​ពាក់ព័ន្ធ​ថៃ​ផ្សេងទៀត នឹង​ទៅ​ប្រទេស​ស្រីលង្កា​ដើម្បី​បន្ត​កិច្ចពិភាក្សា​ឡើងវិញ។

​គួរ​ជ្រាបថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ថៃ និង​ស្រីលង្កា​មាន​ទំហំ​សរុប​ប្រមាណ ៤៦០ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១។ នេះ​បើ​យោងតាម​ទិន្នន័យ​ធនាគារ​កណ្តាល​របស់​ប្រទេស​ស្រីលង្កា​។ ចំណែក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ស្រីលង្កា​ជាមួយ​ឥណ្ឌា និង​ចិន​វិញ​មានតម្លៃ​ប្រហាក់​ប្រហែលគ្នា ពោលគឺ​ស្មើនឹង​ប្រមាណ ៥ ពាន់​លានដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០២១៕