​ភ្នំពេញៈ កម្ពុជា និង​ថៃ បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការបន្ត​កិច្ចពិភាក្សា​លើ​ការ​អភិ​​វ​ឌ្ឍ​រួមគ្នា​មួយ​ ​(JDA)​ ក្នុង​តំបន់​ត្រួតស៊ីគ្នា (OCA) ទំហំ ២៦ ០០០​ គីឡូម៉ែត្រ​ការ៉េ ដែល​ប៉ាន់​​ប្រមាណ​ថា អាច​ផ្ទុក​ប្រេង និង​ឧស្ម័ន ៥០០ ​លាន​បារ៉ែល​ នៅក្រោម​បាតសមុទ្រ​ក្នុង​គោល​បំ​​ណង​ទាញយក​ធនធាន​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​នេះ​ ដើម្បី​ធានា​និរន្តរភាព​ថាមពល ខណៈពេល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​ថាមពល​។​

​កាសែត The Nation ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ប្រទេស​ថៃ ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី ៤ ខែមករា ដោយ​ដកស្រង់​ប្រ​​ភព​ពី​វិមាន​រដ្ឋាភិបាល​ប្រទេស​​ថៃ​ថា ការពិភាក្សា​លើ​សំណើ JDA ត្រូវបាន​លើកឡើង​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រី​ថៃ ដែល​បាន​ជួប​លោក ស៊ុយ សែម រដ្ឋ​​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា កាល​ពី​ខែ​មុន​ដើម្បី​ពិភាក្សា​អំពី​គម្រោង​អភិ​វឌ្ឍន៍​រួមគ្នា​សម្រាប់​ការរុករក​ប្រេង និង​ឧស្ម័ន​ក្នុង​តំបន់​ដែល​ត្រួតស៊ីគ្នា​នេះ​។​

​លោក Prawit បាន​ប្រាប់​គណៈរដ្ឋមន្ដ្រី​ថា​៖ «​លោក ស៊ុយ សែម មាន​ឆន្ទៈ​ក្នុងការ​អនុវត្ត JDA ជាមួយ​ប្រទេស​ថៃ​ក្រោម​លក្ខខណ្ឌ​ដែល​ប្រទេស​ទាំង​ ២ ​មិន​រាប់​​បញ្ចូល​ការពិភាក្សា​ពី​ព្រំដែន​ទឹកដី JDA ណាមួយ​ដែល​ពួកគេ​យល់ព្រម​ទេ​»​។​

​លោក Prawit បន្តថា លោក ស៊ុយ​ សែម ត្រូវបាន​បញ្ចុះបញ្ចូល​ឱ្យ​បន្ត​ការ​​អនុវត្តតាម JDA នៅក្នុង​តំបន់​ត្រួតស៊ីគ្នា​នេះ ដោយសារតែ​តម្លៃ​ប្រេង​ពិភពលោក​កំពុង​កើនឡើង​។​

​លោក Prawit បាន​ប្រា​ប់លោក ស៊ុយ​ សែម ថា​៖ «​ប្រេង និង​ឧស្ម័ន​ណាមួយ​ដែល​ទាញយក​ចេញពី JDA នឹង​អនុញ្ញាតឱ្យ​ប្រទេសជិតខាង​ទាំង​ ២ ​ពឹងផ្អែក​លើ​ធន​ធាន​ថាមពល​របស់​ពួកគេ​ផ្ទាល់​។ ការ​​រុករក​ប្រេង និង​ឧស្ម័ន​នៅក្នុង JDA នឹង​ជំរុញឱ្យមាន​ការអភិវឌ្ឍ​នៃ​ឧស្សាហកម្ម​ពាក់ព័ន្ធ​ជាច្រើន​ទៀតផង​ដែរ​»​។​

​កាលពី​ថ្ងៃទី ​២២ ខែសីហា ឆ្នាំ​ ២០២២ កាសែត​បាងកក​ប៉ុស្តិ៍​បាន​ដកស្រង់​សម្តី​លោក Khomgrich Tantravanich អគ្គលេខាធិការ​គណៈកម្មកា​រ​និ​យ​ត​កម្ម​ថាមពល​របស់​ប្រទេស​ថៃ​ដែល​បានស្នើ​អ្នកបង្កើត​គោលនយោបាយ​របស់​ប្រទេស​ទាំង​ ២ ​ឱ្យ​បញ្ចេញយោបល់ និង​បង្កើត​ទិសដៅ​ច្បាស់លាស់​សម្រាប់​ការ​អភិវឌ្ឍ​រួមគ្នា​ក្នុង ​OCA ដែលមាន​ជម្លោះ​ជា​យូរ​មកហើយ​នៅ​ឈូង​សមុទ្រ​ថៃ​។​

​តំបន់ OCA ត្រួតស៊ីគ្នា​នៅលើ​ព្រំដែន​កម្ពុជា និង​ថៃ​ក្នុង​ឈូង​សមុទ្រ ហើយ​ជា​ចំណុច​នៃ​ជម្លោះ​រវាង​ប្រទេស​ទាំង​ ២​ដែល​បានទាមទារ​យក​តំបន់​នេះ​តាំងពីដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៧០ មក​ម្ល៉េះ។​

​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដើម្បី​រួមគ្នា​រុករក​នៅ​តំបន់ OCA ត្រូវបាន​ចុះហត្ថលេខា នៅក្នុង​ឆ្នាំ​ ២០០១ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​ផ្អាក​ដោយ​រដ្ឋាភិបាល​ថៃ​ក្នុង​ឆ្នាំ​ ២០០៩​។ ការអំពាវនាវ​ឱ្យ​ចាប់​ផ្តើម​ការចរចា​ឡើងវិញ​អំពី​ការអភិវឌ្ឍ​ប្រេង និង​ឧស្ម័ន​ក្នុង​តំបន់​នេះ​បាន​លេចចេញ​ឡើងជា​ថ្មី​ម្តងទៀត​ជាមួយនឹង​កម្រិត​នៃ​ភាពជោគជ័យ​ផ្សេងៗ​គ្នា​។​

​លោក Khomgrich ត្រូវបាន​ដកស្រង់​សម្តី​ដោយ​លើកឡើងថា​៖ «​យើង​មាន​ទំនុកចិត្ត​ថា តំបន់ OCA នឹង​ជួយ​ឱ្យ​ថៃ​ទទួលបាន​ការផ្គត់ផ្គង់​ឧស្ម័ន និង​រក្សា​តម្លៃ​ថាមពល​ទាប​រយៈពេល​វែង​»​។​

​លោក ម៉េង ស័ក្តិ​ធារ៉ា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល កាលពី​ដើមខែ​​សីហា​ឆ្នាំមុន បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ថា ការពិចារណា​ផ្នែក​ន​យោ​បាយ និង​សេដ្ឋកិច្ច ដោយសារ​ការពាក់​ព័ន្ធ​នឹង​ធនធាន​ប្រេង និង​ធនធានធម្មជាតិ​ផ្សេងៗ​ទៀត ធ្វើឱ្យ​ការចរចា​តំបន់​ OCA មាន​ភាពស្មុគស្មាញ​ខ្លាំង​។​

​លោក​ទទួលស្គាល់ថា ទោះ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ ​បាន​អំពាវនាវ​ឱ្យមាន​ដំណោះស្រាយ​លឿន​មួយ​ក៏ដោយ ប៉ុន្តែ​ការចរចា​មាន​ការវិវឌ្ឍ​តិចតួច​៕