រាជរដ្ឋាភិបាលកម្ពុជា តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​សម្រេច​បន្ត​ព្យួរ​ទុក​ការ​បង់ប្រាក់​រំដោះពន្ធ​លើ​ប្រាក់​ចំណូល របស់​សហគ្រាស​ឧស្សាហកម្ម​ផ្នែក​វាយនភណ្ឌ​កាត់ដេរ ដើម្បី​គាំទ្រ​ដល់​ការ​វិនិយោគ​ឱ្យ​មាន​និរន្តរភាព និង​គាំពារ​ដល់​ កម្មករ-កម្មការិនី ខណៈ​អ្នក​បម្រើការ​នៅ​ក្នុង​ផ្នែកនេះ​សម្តែង​ការ​គាំទ្រ ដោយ​ចាត់​ទុក​ជា​វិធានមួយ​ជួយ​សម្រួល​ដល់​ការ​ចំណាយ​របស់​រោងចក្រ។

សេចក្តី​ប្រកាស​ស្តីពី​ការ​បន្ត​ព្យួរ​ទុកបង់​ប្រាក់​រំដោះពន្ធ ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្រ្តី​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ចុះថ្ងៃ​ទី៦ ខែ​មករា បាន​លើក​ឡើង​ថា ការ​សម្រេច​នេះ មាន​បំណង​ព្យួរ​ទុក​ការ​បង់ប្រាក់​រំដោះពន្ធ​លើ​ប្រាក់​ចំណូល​របស់​សហគ្រាសឧស្សាហកម្ម​ផ្នែក​វាយនភណ្ឌ​កាត់ដេរ ដែល​ទទួល​បាន​លក្ខណ​សម្បត្តិ​ជា​គម្រោង​វិនិយោគ​ដែល​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ឱ្យ​មាន​និរន្តរភាព និង​ជា​ការ​គាំពារ​ដល់​កម្មករ​កម្មការិនី ព្រម​ទាំង​ប្រជាពលរដ្ឋ​ដែល​ទទួល​ផល​ប្រយោជន៍​អំពី​វិស័យ​នេះ។

យោងតាម​ប្រកាស​នេះ គឺ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​សហគ្រាស​ឧស្សាហកម្ម​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​ដែល​ទទួល​បាន​លក្ខណ​សម្បត្តិ​ជា​គម្រោង​វិនិយោគ​ដែល​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់ ដែល​ផុត​រយៈពេល​លើក​លែង​ពន្ធ​លើ​ប្រាក់​ចំណូល រួមមាន​សហគ្រាស​វាយនភណ្ឌ សហគ្រាស​ផលិត​សម្លៀក​បំពាក់ សហគ្រាស​ផលិត​ស្បែក​ជើង សហគ្រាស ផលិត​កាបូប​យួរ​និង​កាបូបដៃ និង​សហគ្រាស​ផលិត​មួក សម្រាប់​ធ្វើ​ការ​នាំចេញ។ ការ​អនុគ្រោះ ឱ្យ​ព្យួរ​ទុក​ជា​បណ្តោះអាសន្ន​នូវ​ការ​បង់ប្រាក់​រំដោះពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំ​ខែ ត្រូវ​ចាប់​ផ្តើម​ពី​ថ្ងៃចុះ​ហត្ថលេខា​លើ​ប្រកាស​នេះ រហូត​ដល់​ដំណាច់​ឆ្នាំ ២០២៥។

លោក លី ឃុនថៃ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​អនុគ្រោះ ឱ្យ​ព្យួរ​ទុក​ជា​បណ្តោះ​អាសន្ន​នូវ​ការ​បង់ប្រាក់​រំដោះពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំ​ខែ សម្រាប់​ឧស្សាហកម្ម​កាត់ដេរ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា បាន​រួមចំណែក​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​រោងចក្រ​ជាច្រើន នៅ​អំឡុង​ពេល​នេះ។

លោក​បាន​បន្ថែមថា មាន​រោងចក្រ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក មិនត្រឹមតែ​កម្ពុជា​នោះ​ទេ ដែល​ទទួល​ការ​ខាតបង់​នៅ​ក្នុង​រយៈពេល ៣ ឆ្នាំ​មកនេះ ដោយសារ​តែ​វិបត្តិសកល ដោយ​បាន​ធ្វើ​ឱ្យ​អ្នក​បញ្ជា​ទិញ​កាត់​បន្ថយ​ការ​បញ្ជា​ទិញ​ពី​រោងចក្រ។

លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ដូច​យើង​ដឹងស្រាប់​ហើយ ក្នុង​រយៈពេល ៣ ឆ្នាំមក ពិភពលោក កើតមាន​វិបត្តិ​ជា​បន្តបន្ទាប់ ដូចជា វិបត្តិ​កូវីដ​១៩ វិបត្តិ​សេដ្ឋកិច្ច​សកល ដែល​កើតមក​ពី​សង្រ្គាម​នៅ អ៊ុយក្រែន ជាដើម ដែល​បាន​ធ្វើឱ្យ​ការ​បញ្ជា​ទិញ​ពី​សហគមន៍​អឺរ៉ុប មាន​ការ​ធ្លាក់ចុះ​យ៉ាងខ្លាំង។ ដូចនេះ ការ​ជួយ​ជ្រោមជ្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អនុគ្រោះ លើ​ព្យួរទុក​ការ​បង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល​របស់​សហគ្រាស​ឧស្សាហកម្ម​ផ្នែក​វាយនភណ្ឌ​កាត់ដេរ ក៏​ដូចជា ពន្ធផ្សេងៗ​ទៀត​នេះ ពិត​ជា​ជួយ​បាន​ច្រើនណាស់»។

បើ​តាម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច​នេះ ចំពោះ​ការ​ព្យួរទុក​ការ​បង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំខែ ត្រូវ​ផ្សារ​ភ្ជាប់ ជាមួយ​នឹង​អនុលោមភាព​សារពើពន្ធ​ស្របតាមច្បាប់ និង​ បទប្បញ្ញត្តិ​ស្តីពី​ពន្ធដារ ដូចជា ទី១ កាន់​បញ្ចិកា​គណនេយ្យ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​បទប្បញ្ញត្តិ​នៃច្បាប់​ស្តីពី​សារពើពន្ធ និង​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​គណនេយ្យ​ជា​ធរមាន ទី២ ប្រកាស​បង់ពន្ធ​អាករ​ដទៃទៀត​ជា​ធរមាន​ទៅ​តាម​កាល​កំណត់ និង​ទី៣ ផ្តល់​របាយការណ៍​សវនកម្ម​ឯករាជ្យ​ប្រចាំ​ឆ្នាំ​ជូន​រដ្ឋបាល​សារពើពន្ធ។

ក្នុងករណី​សហគ្រាស​មិន​គោរព​តាម​លក្ខខណ្ឌ​ទាំង ៣ ខាងលើ ការ​ព្យួរទុក​ការ​បង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំ​ខែ​ដូចមាន​ចែង​ក្នុងប្រការ ៣ នៃ​ប្រកាស​នេះ អាច​ត្រូវ​បាន​ដកហូត ហើយ​សហគ្រាស​ត្រូវ​ទទួល​រងទោស​ទណ្ឌផ្សេងៗ​តាម​ច្បាប់​ជាធរមាន៕