ភ្នំពេញៈ ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ​បានស្នើ​ដល់​បណ្តា​ក្រុមហ៊ុន និង​វិនិយោគិន​មកពី​ខេត្ត​គួ​ង​ស៊ី​ របស់​ចិន​ធ្វើការ​នាំចេញ​ផលិតផល​កសិកម្ម​ដែលមាន​សក្តានុពល​នៅ​កម្ពុជា​ដើម្បី​ទាញយក​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ដែល​បាន​កំពុងតែ​អនុវត្ត​។​

​ការស្នើសុំ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​រវាង​លោក គិត ម៉េង និង​គណៈប្រតិភូ​នៃ​ខេត្ត​គួ​ង​ស៊ី ដែល​ដឹកនាំ​ដោយ​លោក ហ្វ៊ូ ជីន​មីង អគ្គនាយករង​ពាណិជ្ជកម្ម​នៃ​តំបន់​ស្វយ័ត​ជាំ​ង​ក្វាង​ស៊ី​ ដែល​បាន​ជួប​ប្រជុំគ្នា​នៅ​ទីស្នាក់ការ​សភាពាណិជ្ជកម្ម​កម្ពុជា​កាលពី​សប្តាហ៍​មុន​។

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ផងដែរ​នោះ បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​៩ ខែមករា​ នេះថា ភាគី​ទាំង​២​បានធ្វើការ​ពិភាក្សា​សំដៅ​ធ្វើយ៉ាង​ណា​​លើក​កម្ពស់​និង​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាង​ប្រទេស​ទាំង​២​ឱ្យ​កាន់​តែមាន​កំណើន​បន្ថែម​ទៀត ស្រប​ពេលដែល​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កំពុងដំណើរការ​ដោយ​រលូន​។

​លោក​បាន​ថ្លែងថា​៖«​ការ​មក​បំពេញ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នៃ​ខេត្ត​នេះ​គឺ​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​នៃ​ខេត្ត​ជាមួយនឹង​ប្រទេស​កម្ពុជា​យើង ជាពិសេស​គឺ​ដើម្បី​ចូលរួម​តាំងពិព័រណ៍​។ ជាមួយគ្នានេះដែរ ពួកគាត់​ក៏បាន​ដឹកនាំ​ក្រុមហ៊ុន​ធំៗ​ជាច្រើន​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​យើង ជាពិសេស​គឺ​វិស័យ​កសិកម្ម ហេតុដូច្នេះ​ហើយ​បាន​ប្រធានសភា​ពាណិជ្ជកម្ម​របស់​យើង​លើកទឹកចិត្ត​ឱ្យមាន​ការនាំចេញ​នូវ​កសិផល​កសិកម្ម​ឱ្យ​កាន់តែច្រើន ជាពិសេស​ស្នើសុំ​ឱ្យ​បន្ធូរបន្ថយ​និង​បែបបទ​នៃ​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​កម្រិតស្តង់ដា និង​ការនាំចេញ​ឱ្យ​កាន់តែ​ងាយស្រួល​»​។​

​បើ​យោងតាម​លោក លឹម ហេង លោក​គិត ម៉េង​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​ខេត្ត​គួ​ង​ស៊ី​នៅក្នុង​ខែមេសា ដើម្បី​ធ្វើការ​ភ្ជាប់​ទំនាក់ទំនង​រវាង​វិស័យ​ឯកជន​។ លុះដល់​ខែកញ្ញា លោក​គិត ម៉េង ក៏​នឹង​ដឹកនាំ​វិស័យ​ឯកជន​ចូលរួម​សហការ​រៀបចំ កិច្ចប្រជុំ​កំពូល​ធុរកិច្ច​កម្ពុជា​-​ចិន ក្នុងឱកាស​នៃ​ពិព័រណ៍​ចិន​-​អាស៊ាន ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣ ខាងមុខ ក្នុង​គោលបំណង​ជំរុញ​ពាណិជ្ជកម្ម​និង​វិនិយោគ នៃ​ប្រទេស​ទាំង​២​។​

​កម្ពុជា​-​ចិន​បានចាប់ផ្តើម​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តាំងពី​ដើមឆ្នាំ​២០២២ ដែល​អនុញ្ញាតឱ្យ​ប្រទេស​ទាំង​២​ធ្វើការ​ដោះដូរ​ទំនិញ​រាប់ពាន់​មុខ​ដោយ​រួច​ពន្ធ​។​

​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន រយៈពេល ១១​ខែ​ឆ្នាំ​២០២២ មាន​ទឹកប្រាក់​ជាង ១០,៥​ពាន់​លាន​ដុល្លារ កើន​ជាង ៦​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​​ឆ្នាំ​២០២១ ដោយ​ក្នុងនោះ​ទឹកប្រាក់​ដែល​កម្ពុជា​នាំ​ទំនិញ​មកពី​ប្រទេស​ចិន មាន​ជិត ៩០​ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​សរុប​។

ទឹកប្រាក់​នៃ​ការនាំ​ចូល​របស់​ចិន បាន​កើនឡើង ៣,២៩​ភាគរយ​បើ​ធៀប​​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​ទិន្នន័យ​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​២០២២ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ មាន​ទឹកប្រាក់​សរុប ១០ ៥៧៩,១៩៦​លាន​ដុល្លារ កើនឡើង ៦,៣​ភាគរយ​ពី​ចំនួន ៩ ៩៥១,៧៣៤​លាន​ដុល្លារ​​នា​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១​។

ក្នុង​ចំនួន​ទឹកប្រាក់​ខាងលើ គឺ​ការនាំ​ទំនិញ​ពី​ប្រទេស​ចិន​មក​កម្ពុជា មាន ៨ ៣៦០,២៩​លាន​ដុល្លារ កើនឡើង ១០,៤​ភាគរយ​ពី​ចំនួន ៨ ៥៨០,៩៤​លាន​ដុល្លារ និង​​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ចិន មាន​ទឹកប្រាក់ ១ ១០៩,៤៥៣​លាន​ដុល្លារ ធ្លាក់ចុះ -១៩,១​ភាគរយ ពី​ចំនួន ១ ៣៧០,៧៩៥​លាន​ដុល្លារ​៕