ភ្នំពេញៈ រាជរដ្ឋាភិបាល​បានសម្រេច​បន្ត​ព្យួរទុក​ការបង់ប្រាក់​រំដោះ​ពន្ធ​ទៅលើ​ប្រាក់ចំណូល​របស់​សហគ្រាស​ឧស្សាហកម្ម​កាត់ដេរ​រហូត​ដល់​ដំណាច់ឆ្នាំ​​ ២០២៥ ដើម្បី​ជួយ​សម្រាល​បន្ទុក​វិស័យ​ដែល​កំពុង​ប្រឈម​នឹង​ការធ្លាក់ចុះ​ការបញ្ជាទិញ​។

​ការសម្រេច​នេះ​បាន​ធ្វើឡើង​ក្រោយពី​សមាគម​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា ​(TAFTAC)​បាន​ស្នើឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បន្ត​ពន្យារពេល​ការព្យួរ​ទុក​ការបង់ប្រាក់រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​របស់​សហគ្រាស​ឧស្សាហកម្ម​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ កាលពី​ខែតុលា ឆ្នាំ​ ២០២២​។​

​យោងតាម​សេចក្តីប្រកាស​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចេញផ្សាយ​កាលពី​ថ្ងៃទី ​៦ ខែ​មករា ប្រកាស​នេះ​នឹង​អនុវត្ត​ចំពោះ​សហគ្រាស​ឧស្សាហកម្ម​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​ដែលមាន​លក្ខណ​សម្បត្តិ​ជា​គម្រោង​វិនិយោគ​ដែលមាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ដែល​ផុត​រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​រួមមាន​សហ​​គ្រាស​វាយ​ន​ភណ្ឌ សហគ្រាស​ផលិត​សម្លៀកបំពាក់ សហ​គ្រាស​ផលិត​ស្បែកជើង សហ​​គ្រាស​ផលិត​កាបូបយួរ កាបូប​ដៃ និង​សហគ្រាស​ផលិត​មួក​សម្រាប់​ការនាំចេញ​។

​ក្រសួង​បាន​លើកឡើងថា​៖ «​ប្រកាស​នេះ​មាន​គោលបំណង​ព្យួរទុក​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​របស់​សហ​គ្រាស​ឧស្សាហកម្ម​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ ដែល​ទទួលបាន​លក្ខណ​សម្បត្តិ​ជា​គម្រោង​វិ​និ​យោគ​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ឱ្យមាន​និរន្តរ​ភាព និង​ការគាំទ្រ​ដល់ក​ម្មករ​កម្មការិនី ព្រមទាំង​ប្រជា​ពល​រដ្ឋ​ដែល​ទទួលផល​ប្រយោជន៍​ពី​វិស័យនេះ​»​។​

​លោក លី ឃុន​ថៃ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៨ ខែមករា​ថា ការសម្រេច​ព្យួរទុក​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល​នេះ​គឺជា​ការរួមចំណែក​លើក​ទឹកចិត្ត​ពន្ធ​ពី​សំណាក់​រដ្ឋា​ភិ​បាល​ក្នុងការ​សម្រាល​បន្ទុក​ដ​ល់​វិស័យនេះ​ដែល​កំពុង​ប្រ​ឈម​នឹង​ការធ្លាក់ចុះ​។​

​លោក​និយាយថា​៖ «​ខ្ញុំ​យល់ឃើញថា ការសម្រេច​នេះ​គឺជា​ការលើកទឹកចិត្ត​ដល់​វិនិយោគិន​ក្នុង​វិស័យនេះ ក្នុងការ​សម្រួល​បន្ទុក​របស់​ពួកគេ ដោយសារតែ​ពេលនេះ​វិស័យនេះ​កំពុងមាន​ការធ្លាក់ចុះ​ខ្លាំង ដូច្នេះ​ការ​ផ្តល់​ភាពអនុគ្រោះ​ពន្ធ​នេះ បើទោះបី​មិន​ច្រើន ប៉ុន្តែ​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​»​។

​បើតាម​លោក ឃុន​ថៃ ការ​អនុគ្រោះ​ពន្ធ​នេះ គឺមាន​អត្រា ១​ ភាគរយ​ដែល​ម្ចាស់​រោងចក្រ​សហគ្រាស​ត្រូវ​បង់ ខណៈពេលដែល​វិស័យនេះ​កំពុង​ប្រឈម​នឹង​ការធ្លាក់ចុះ​ការបញ្ជាទិញ​ពី ​៣០-៤០ ​ភាគរយ ដែល​ធ្វើឱ្យ​រោងចក្រ​មួយចំនួន​ប្រឈម​នឹង​ការកាត់បន្ថយ​បុគ្គលិក​។​

​លោក គី សេរី​វឌ្ឍន៍ អ្នក​វិភាគ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ប្រាប់ថា ការ​បន្ត​អូស​បន្លាយពេល​សង្គ្រាម​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី និង​ការបន្ត​រីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩​ កំពុង​ធ្វើឱ្យ​ថមថយ​កំណើនសេដ្ឋកិច្ច​សកល ជាពិសេស​គឺ​ការ​ឡើងថ្លៃ​តម្លៃ​ប្រេង និង​ទំនិញ ធ្វើឱ្យ​ប្រជាពលរដ្ឋ​នៅ​អឺរ៉ុប និង​អា​មេ​រិ​ក​ធ្លាក់ចុះ​ប្រាក់ចំណូល​។​

​យោងតាម​ទិន្នន័យ​អគ្គ​នា​យក​ដ្ឋា​ន​គយ ក្នុង​រយៈពេល ៩​ ខែ​នៃ​ឆ្នាំ​ ២០២២ ការនាំចេញ​សម្លៀកបំពាក់ វាយ​ន​ភណ្ឌ និង​ស្បែក​ជើងមាន​ចំនួន​ជាង ៨,៦​ ពាន់​លាន​ដុល្លារ​កើន ២៣,៧៨ ​ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២១៕